ខេត្តកំពង់ឆ្នាំង៖ គ្រូបង្រៀនម្នាក់ បានប្រកាសអំពាវនាវរកជំនួយ ជួយដល់ក្មេងស្រីម្នាក់ ដែលមានជំងឺភឿកពីកំណើត ធ្វើឱ្យភ្នែកក្មួយស្រី ចាញ់ពន្លឺថ្ងៃ ពិបាករៀន។
លោកគ្រូ កែវ ដន បានបង្ហោះរូបថត និងសរសេរនៅលើហ្វេសប៊ុក នាថ្ងៃទី១៧ ខែមីនាថា «មិនមែនជនជាតិបារាំងទេ គាត់ជាកូនសិស្សរបស់ខ្ញុំ រៀននៅថ្នាក់ទី៨(ក) តែគាត់ងងឹតភ្នែកទេ ពិបាកមើល និងសរសេរណាស់។![🙏]()
![🙏]()
សុំជួយគាត់ផង បើមានស្គាល់អង្គការណា ទាក់ទងនឹងភ្នែក សូមជួយប្រាប់ផង»។
តាមរូបថតច្រើនសន្លឹក ដែលលោកគ្រូ កែវ ដន បានថតបង្ហោះ គឺមានរូបថត ១ប៉ុស្តិ៍ បង្ហាញពីក្លោងទ្វារសាលារៀន ដែលសរសេរថា «អនុវិទ្យាល័យ ទ័ពស្រូវ»។ អនុវិទ្យាល័យទ័ពស្រូវ គឺស្ថិតនៅក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅលើហ្វេសប៊ុករបស់លោកគ្រូ កែវ ដន មានអ្នកចូល Comments ជាច្រើន។ ក្នុងនោះ លោក Kim Dasak បានសរសេរថា «គាត់កើតជំងឺភឿក។ យកគាត់មកវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី បាត់ដំបង សៀមរាប ឬកំពង់ចាម។ មួយណាជិតជាង យកទៅសាលានោះ គេបង្រៀនជនពិការភ្នែក។ ខ្ញុំជាគ្រូនៅវិទ្យាល័យអប់រំពិសេស កំពង់ចាម។ អតីតអង្គការគ្រួសារថ្មី បច្ចុប្បន្ន ប្តូរមកជា វិទ្យាល័យអប់រំពិសេស។ បើយកមកកំពង់ចាម ទាក់ទងមកខ្ញុំ។ 010 544 944»។
ចំណែកក្មួយស្រីម្នាក់ ប្រើហ្វេសប៊ុក ឈ្មោះ Meak Beya បានសរសេរថា «សូមផ្ញើរទៅលោកគ្រូ អាចប្រាប់គ្រួសារគាត់ ជួយគាត់មកមណ្ឌល ដើម្បីភាពញញឹមនៃកុមារ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដែលគេហៅថា សាលាបារាំង»។
Meak Beya បន្តថា «ខ្ញុំកើតមក ២៣ឆ្នាំហើយ មានស្ថានភាពដូចគាត់ចឹង។ តែគាត់ដូចខ្ញុំចឹង មិនមែនងងឹតភ្នែកទេ គឺចាញ់ពន្លឺថ្ងៃ។ ពេលថ្ងៃ ត្រូវពាក់វ៉ែនតាខ្មៅ ហើយពាក់អាវដៃវែង។ ខ្ញុំដូចគាត់ចឹង។ ខ្ញុំរៀននៅមណ្ឌលដើម្បីភាពញញឹមនៃកុមារ ដែលគេហៅថា សាលាបារាំង PSE។ ខ្ញុំមានការពិនិត្យសុខភាពមួយឆ្នាំ ពីរដង។ ខ្ញុំបានរៀនចប់ រយៈពល ២ឆ្នាំ។ សម្រាប់សុខភាពខ្ញុំ ដូចគេធម្មតាទូទៅ។ តែបញ្ហាភ្នែក គឺចាញ់ពន្លឺថ្ងៃ ស្រទាប់ស្បែក មិនមានជាតិមេឡានីន សម្រាប់ការពារកំដៅថ្ងៃ»។
ចំណែកអ្នកប្រើហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ Phally Yim បានសរសេរថា «សូមលោកគ្រូ នាំគាត់ទៅសាលាជំនាញ គឺវិទ្យាល័យអប់រំពិសេស មាននៅភ្នំពេញថ្មី ផ្លូវហាណូយ ខេត្តសៀមរាប ជិតសាលាគរុកោសល្យខេត្ត ក្រុងបាត់ដំបង ខាងត្បូងសាលាខេត្ត ខេត្តកំពង់ចាម នៅទល់មុខទន្លេអុំ ជាប់សាលាគរុកោសល្យខេត្ត។ ក្មេងភឿក គេចាញ់ពន្លឺខ្លាំង។ បើត្រូវពន្លឺហៀរទឹកភ្នែក អាចធ្វើឱ្យរលាកស្បែក របកៗ។ ដូច្នេះ សូមនាំក្មេង ទៅរកវិទ្យាល័យទាំងប្រាំណាមួយ ដែលនៅជិតទៅ ដើម្បីជួយឱ្យក្មេង បានបន្តការសិក្សា»។
ព័ត៌មានលម្អិតពីក្មេងស្រី ដែលមានជំងឺភឿក រៀនថ្នាក់ទី៨ក នៅអនុវិទ្យាល័យ ទ័ពស្រូវ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កោះសន្តិភាព នឹងផ្សាយជូននាពេលក្រោយ៕




ចែករំលែកព័តមាននេះ