ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ធ្វើ​ដំណើរ​តាម​ក្បូន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ធ្វើ​ស្ពាន​ឆ្លង

7 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គី​រី ៖ ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​អស់​ជា​ច្រើន​ស​ប្តា​ហ៍នា​ភូមិភាគ​ឦសាន បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​កសិករ​មានចិត្ត​សប្បាយ​រីករាយ

ខេត្ត​មណ្ឌល​គី​រី ៖ ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​អស់​ជា​ច្រើន​ស​ប្តា​ហ៍នា​ភូមិភាគ​ឦសាន បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​កសិករ​មានចិត្ត​សប្បាយ​រីករាយ ដោយសារ​មានទឹក​គ្រប់គ្រាន់ សម្រាប់​ការ​បង្កបង្កើន​ផល ប៉ុន្តែ​ទន្ទឹម​និង​ការ​ត្រេកអរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​បាន​កំពុង​ជួប​ទុក្ខ​លំបាក ព្រោះ​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ខូចខាត​ផលដំណាំ និង​ផ្លូវ​ធ្វើ​ដំណើរ ។

ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ចំនួន​២ ស្ថិត​ក្នុង​ទឹកដី​នៃ​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ព្រួយបារម្ភ ខណៈ​ដែល​ត្រូវ​ជិះ​ក្បូន​ឆ្លង​កាត់ទឹក​ព្រែក​ធម្មជាតិ ប្រវែង​ជាង​៨០​ម៉ែត្រ នា​រដូវវស្សា​ដើម្បី​ដឹក​ផលដំណាំ​លក់​ឲ្យ​ថៅកែ និង​បង្ក​ឲ្យ​តម្លៃ​ផល​កសិកម្ម​បាន​ចុះថោក ។ រូបភាព​ជា​ច្រើន​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ភាព​ប្រថុយប្រថាន​របស់​ប្រជាពលរដ្ឋ និង​សិក្សា​នុ​សិស្ស​ដែល​បាន​ធ្វើ​ដំណើរ​តាម​ក្បួន​ឫស្សី​សួរ​តាម​ខ្សែពួរ​ឆ្លង​កាត់ទឹក​ដែល​កំពុង​ហូរ​ខ្មួលខ្មាញ់ ដើម្បី​បាន​ទៅ​ដល់​សាលា​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ​ពី​ភូមិ ។

ចំណែក​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្មី​ៗ​នេះ ក្រោយ​ពី​បានឃើញ​រូបភាព​ដ៏​គ្រោះថ្នាក់​របស់​សិស្សសាលា​ដែល​កំពុង​ជិះ​ក្បួន​ឆ្លង​ព្រែក​ទៅ​រៀន បាន​សួរ​គ្នា​ថា​ករណី​នេះ​ពិត ឬ​មិន​ពិត ព្រោះ​សម័យនេះ​ទៅ​ហើយ​នៅ​តែ​មានការ​ជិះ​ក្បូន ដើម្បី​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត ខុស​ប្លែក​ពី​បណ្តា​ភូមិ​ឃុំ​នានា ក្នុង​ប្រទេស​កម្ពុជា​មាន​ផ្លូវ​គ្រប់​ប្រភេទ​ដែល​បាន​ស្ថាបនា​រួចរាល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទៅ​ហើយ​នោះ ។

លោក ខ្លូត សុ​ឃា អធិការ​នគរបាល​ស្រុក​កោះ​ញែក​លោក​អះអាង​ថា ហ្វេ​ស​បុក​បង្ហោះ​សិស្ស​ជិះ​ក្បូន​នោះ​គឺ​ពិតប្រាកដ​មែន ។ លោក​ថា​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​បូក​រួម​និង​សិស្សសាលា​ផង បាន​សំដែង​ការ​ព្រួយបារម្ភ​លើ​បញ្ហា​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ ខណៈ​ត្រូវ​ជិះ​ក្បូន​ឆ្លងកាត់​ព្រែក​ធម្មជាតិ​មួយ​ដែល​មាន​ទទឹង​តាម​ការ​ស្មាន​ចាប់ពី​៨០​ទៅ​១០០​ម៉ែត្រ និង​មាន ជម្រៅ​ជាង​១០​ម៉ែត្រ​នា​រដូវវស្សា​នេះ ។

លោក​បញ្ជាក់​ថា បើ​នៅ​រដូវប្រាំង​ព្រែក​ធម្មជាតិ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​(​អូរ​ច្បារ​)​នេះ គឺ​អាច​ធ្វើ​ដំណើរ​តាម​រយះ​ម៉ូតូ ឬ​រថយន្ត​បាន ព្រោះ​ទឹក​ស្រក​សល់​តិចតួច តែបើ​រដូវវស្សា​នេះ​គឺ​មិន​អាច​ឆ្លងកាត់​បាន ក្រៅពី​ក្បូន​ឬ​ទូក​នោះ​ទេ ។ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​សុខសាន្ត លោក ជួន ប៊ុ​ន​ធឿ​ន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ចំនួន​២ គឺ​ភូមិ​ថ្មី និង​ភូមិ​ជី​ក្លប គឺ​ត្រូវ​ឆ្លងកាត់​អូរ​ច្បារ ដើម្បី​មក​កាន់​ភូមិ​ដែល​គេ​ហៅ​ថា ភូមិ​ទូល​ស្ថិត​ក្នុង​ឃុំ​សុខសាន្ត​ដូច​គ្នា ដែល​ទីនោះ​មាន​សាលារៀន និង​ទីប្រជុំជន ។

លោក​ថា​ការ​ឆ្លង​លើ​ក្បូន​នេះ​ត្រូវ​បាន​បង់ថ្លៃ​ក្នុង​ម៉ូតូ​១​ចំនួន​៥​ពាន់​រៀល ចំណែក​សិស្សសាលា​ម្នាក់​១​ពាន់​រៀល​ទាំង​ទៅ​ទាំង​មក ដល់​ថៅកែ​ឯកជន ។ ដោយ​សង្កេត​ឃើញ​បញ្ហា​ទាំងនេះ​អ​ជ្ញា​ធរ​បាន​ប្រជុំ និង​បាន​លើក​ឡើង​ថាបើ​សិស្សសាលា​មក​ឆ្លង​ជុំ​គ្នា គឺ​មិន​ត្រូវ​បាន​បង់ថ្លៃ​ក្បូន​នោះ​ទេ តែបើ​មក​រប៉ាត់រប៉ាយ​គឺ​ត្រូវ​បង់ប្រាក់​ធម្មតា ។

ជាមួយ​គ្នា​នោះ​ភូមិ​ខាងលើ​ក៏​នៅ​មាន​ក្បួន​១​កន្លែង​ផ្សេង​ទៀត ជា​កម្ម​សិទ្ធ​របស់​សហគមន៍ ដែល​ការ​ឆ្លង គឺ​ត្រូវ​ចំណាយ​ក្នុង​ម្នាក់​បី​ពាន់​រៀល​ទាំង​ទៅ​ទាំង​មក​ដូច​គ្នា​ផង​ដែរ ។ លោកនាយ​ប៉ុស្តិ៍​បញ្ជាក់​ថា នា​រដូវវស្សារ​បើសិនជា​ទឹក​នៅ​ត្រឹម​ពាក់កណ្តាល​ច្រាំង គឺ​គេ​អាច​ចម្លង​បាន​តែបើ​ទឹក​មាន​ស្ថានភាព​ខ្ពស់​ផុត​ច្រាំង គឺ​មិន​ត្រូវ​បាន​ម្ចាស់​ក្បូន​គេ​ចម្លង​អ្នកដំណើរ​នោះ​ទេ ដែល​បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការ​ជួញដូរ​ផលិតផល​កសិកម្ម​របស់​កសិករ ក៏​ដូច​ជា​ការ​សិក្សា​របស់ សិស្សានុសិស្ស​យ៉ាង​ខ្លាំង​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​លោក យន់ សា​រ៉ោ​ម បាន​អាណិតអាសូរ​ចំពោះ​ក្មេង​ៗ​សិស្សានុសិស្ស​នៅ​ក្នុង​តំបន់​ខាងលើ​ផង​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុម​កា​ងារ​លោក​ក៏​បាន​ចុះ​ផ្ទាល់​ដល់​ចំណុច​លំបាក​នោះ និង​បាន​ជួយ​សំរួលការ​លំបាក​ជួន​ប្រជាពលរដ្ឋ ដោយ​បាន​ធ្វើ​ក្បូន​ពីរ ឬ​ស្សី​មួយ​មាន​ទំហំ​២​ម៉ែត្រ​គុណ​និង​៦​ម៉ែត្រ ទុក​ឲ្យ​ធ្វើ​ដំណើរ​លើ​ទឹក​ព្រែក​អូរ​ច្បារ​នេះ ។

លោក​ថា ​ផ្លូវត្រូវ​បាន​មន្ទីរ​បាន​ស្ថាបនា​រួចរាល់​ហើយ នៅ​តែ​ស្ពាន​ឆ្លងកាត់​ព្រែក​តែ​ប៉ុណ្ណោះ ។ នៅ​ក្នុង​គំរោង​ឆ្នាំ​២០១៧ លោក​បាន​ដាក់​សំណើរ​ទៅ​ថ្នាក់លើ​ដើម្បី​ស្ថាបនា​ស្ពានបេតុង​១​ដែរ តែ​នៅ​មិន​ទាន់​មាន​កញ្ចប់​ថវិកា​នៅឡើយ ។ ហើយ​ជាបឋម​លោក​កំពុង​តែ​គៀរគរ​ប្រាក់​ពី​សប្បុរសជន ដើម្បី​បាន​មូលនិធិ​ខ្លះ​ស្ថាបនា​ស្ពាន​យោល​មួយ​អ​ន្លឺ​រ​សិន សំរាប់​ការ​ឆ្លងកាត់​បណ្តោះអាសន្ន ។ លោក​ក៏​បាន​ស្នើ​ឲ្យ​មិន​មានការ​បង់ប្រាក់​សំរាប់​ការ​ជិះ​ក្បូន​របស់​ក្មេង​ៗ​ជា​កុមារ​កំព្រា តែបើ​គ្មាន​ករណី​លើកលែង​នោះ លោក​សុខចិត្ត​បរិ​ច្ចាក​ប្រាក់​ផ្ទាល់ខ្លួន​ថែម​ទៀត ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា អ្នក​យក​ព័ត៌មាន​បាន​សុំ​ការ​បញ្ជាក់​ពី​លោក ស្វាយ សំ​អ៊ា​ង ពី​បញ្ហា​ខាងលើ​ដែរ តែ​ទូរ​សព្ទ​របស់​លោក​មិន​មាន អ្នកឆ្លើយ​តប ។ ប្រជាពលរដ្ឋ​សិស្សានុសិស្ស​មន្ត្រីរាជការ​នៅ​ភូមិ​ឃុំ​ខាងលើ បាន​អំពាវនាវ​រាជរដ្ឋាភិបាល មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ អង្គការ​សង្គម​ស៊ី​វិល​នានា នឹង​សប្បុរសជន​សូម​ជួយ​ស្ថាបនា​ស្ពាន​មួយ​ខ្សែ​ដល់​ឃុំ​សុខសាន្ត ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដោះ​ដូរ​ស្បៀង ក៏​ដូច​ជា​ការ​សិក្សា​របស់​ក្មេង​ៗ​ក្នុង​តំបន់ នេះ​ផង​ដែរ ៕