ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចោទប្រកាន់​និង​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ លោក កឹ​ម សុខា ប្រកាស​បដិសេធ​មិន​ចូល​សវនាការ​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់ស្ថាពរ និង​បញ្ជូន​សំណុំរឿង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ

រាជធានី​ភ្នំពេញ ៖ ទោះបី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់ស្ថាពរ និង​បញ្ជូន​សំណុំរឿង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ មិន​ទាន់កំណត់​ថ្ងៃ​នៅឡើយ​ក្តី ក៏​លោក កឹ​ម សុខា នឹង​មិន​ទៅ​ចូលរួម​សវនាការ​ជំនុំជម្រះ​នោះ​ទេ ។ នេះ
បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្នុង​វេទិកា​នយោបាយ​ស្តី​ពី​ដំណើរការ​បោះ​ឆ្នោត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​សមាជិក​សភា​ផង​ដែរ​នោះ​ថ្លែង​ថា លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ទៅ​តាម​ការ​កោះហៅ​របស់​ចៅក្រម​សាលាដំបូង​នោះ​ទេ ប្រ​សិន​មានការ​កោះហៅ​ជំនុំជម្រះ​នោះ ។

លោក អេ​ង ឆៃ​អ៊ា​ង ថ្លែង​ថា មេធាវី​លោក កឹ​ម សុខា បាន​ដាក់​បណ្តឹងទាស់​ទៅ​សាលាឧទ្ធរណ៍​ទាក់ទង​នឹង​ការ​សម្រេច​របស់​អយ្យការ​និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ចោទប្រកាន់​ស្ថាពរ និង​បញ្ជូន​សំណុំរឿង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ​។

លោក​បញ្ជាក់​ថា «​ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ ក៏​ដូច​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង អនុវត្ត​នីតិវិធី​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះ​យើង​ដឹង​ហើយ​ថា​សមាជិក​សភា​មាន​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៨០ ដូច្នេះ​ចៅក្រម​ក្តី ព្រះរាជអាជ្ញា​ក្តី ចង់​ចាប់ខ្លួន​សមាជិក​សភា​រូប​ណា​បាន លុះត្រាតែ​លើក​អភ័យឯកសិទ្ធិ​ជា​មុន​សិន ។ ប៉ុន្តែ​ករណី​លោក កឹ​ម សុខា រដ្ឋសភា​មិន​បាន​លើក​អភ័យឯកសិទ្ធិ​ជា​មុន​នោះ​ទេ អ៊ី​ចឹ​ង​ចៅក្រម ព្រះរាជអាជ្ញា ធ្វើ​ដោយ​មិន​មើល​អភ័យឯកសិទ្ធិ​នោះ​ទេ​» ។

លោក អេ​ង ឆៃ​អ៊ា​ង សង្កត់ធ្ងន់​ថា «​ច្បាស់​ណាស់ លោក​មិន​ចូល​ទៅ​នោះ​ទេ ព្រោះ​អ្នកតំណាង​រាស្ត្រ​ដូច​ខ្ញុំ​បញ្ជាក់​រួច​ហើយ ហើយ​ខ្ញុំ​ជា​អ្នកតំណាង​រាស្ត្រ​មួយ​រូប​ដែរ អី​ុ​ចឹ​ង​បើ​តុលាការ​ចង់​ចាប់ខ្លួន​ខ្ញុំ ចង់​ចោទ ទាល់តែ​សុំ​ទៅ​រដ្ឋសភា​សុំ​លើ​អភ័យឯកសិទ្ធិ​ខ្ញុំ​សិន ហើយ​ត្រូវ​ប្រើ​សំឡេង​២​ភាគ​៣ ។ ប៉ុន្តែ​ស្រុក​យើង​ចម្លែក​ណាស់​ដូច​ជា​ករណី​លោក អ៊ុំ សំ​អាន សមាជិក​សភា ចាប់ខ្លួន​ទាំង​មាន​អភ័យឯកសិទ្ធិ​នោះ ដោយ​អះអាង​អាង​ថា​សភា​អនុញ្ញាត​ឲ្យ​បន្ត​នីតិវិធី ក្នុង​រដ្ឋ​ធម្ម​នុ​ញ្ញា​គ្មាន​ចែង​នោះ​ទេ ។ ពេល​នេះ​គេ​ធ្វើ​ចំពោះ​លោក អ៊ុំ សំ​អាន បាន គេ​នឹង​ធ្វើ​លើ លោក កឹ​ម សុខា ទៀត ។

ទាក់ទង​នឹង​សំណុំរឿង​លោក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​មេធាវី​របស់​លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​ចំពោះ​ដីកា​ដោះស្រាយ​របស់​សាលាដំបូង​។ ក្នុង​ពាក្យបណ្តឹង ក្រុម​មេធាវី​បាន​លើក​ឡើង​ថា ការ​ចេញ​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ ហើយ​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៤០១ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​ជំនុំជម្រះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ  និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កូនក្តី​យ៉ាងធ្ងន់ធ្ងរ ។

លោក​មេធាវី​បាន​បញ្ជាក់​ថា «​យើងខ្ញុំ​បាន​ប្តឹង​ជំទាស់​នឹង​ដីកា​សម្រេច​មួយ​ចំនួន​របស់​ចៅក្រម​ស៊ើបសួរ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ចប់​ជា​ស្ថាពរ​នៅឡើយ​ទេ ។ ហេតុនេះ​យើងខ្ញុំ​សុំ​ប្តឹង​ជំទាស់​នឹង​ដីកា​ដំណោះស្រាយ​លេខ​២៨៩១ ក​១ ដ​.​ដ ចុះ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រង់​ចំណុច​ទាំងមូល​នៃ​សេចក្តីសម្រេច ។

គួរ​រំឭក​ថា លោក​ចៅក្រម ថា​ន់ ឡេ​ង កាលពី​ថ្ងៃ​២៣ ខែសីហា ឆ្នាំ​២០១៦ បាន​ចេញ​សេចក្តីជូនដំណឹង​ប្រាប់​មក​លោក កឹ​ម សុខា អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ទីកន្លែង​កំណើត​ឃុំ​ឧត្តម

សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៤០១ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ បាន​ចោទប្រកាន់​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​១៣៨២ អ​.​យ​.​ឋ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។ តាម​បញ្ញត្តិ​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ យើង​បាន​ចាត់ការ​ស៊ើបសួរ​ចប់​សព្វគ្រប់ និង​បាន​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​តាម​ដីកា​ដំណោះស្រាយ​លេខ​២៨៩១ ក​១.​ដ​.​ដ ចុះ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ ៕