ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះមិននៅ អគ្គិភ័យឆាបឆេះខ្ទេច!

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ លំនៅដ្ឋានប្រជាពលរដ្ឋសាងសង់អំពីឈើប្រក់ដែក នៅក្នុងឃុំចំការអណ្ដូង ស្រុកចំការលើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ២ និង​៣៥នាទីរសៀលថ្ងៃទី១៣…

ខេត្តកំពង់ចាម៖ លំនៅដ្ឋានប្រជាពលរដ្ឋសាងសង់អំពីឈើប្រក់ដែក នៅក្នុងឃុំចំការអណ្ដូង ស្រុកចំការលើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ២ និង​៣៥នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២២ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍​បាញ់ទឹកពន្លត់ ដើម្បីការពារ កុំអោយឆាបឆេះដល់ផ្ទះអ្នកក្បែរខាង។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា​ ស្របពេលដែលមានគ្រោះអគ្គិភ័យ បានកើតឡើង នៅចំណុចភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឱ្យ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក ​ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ ជួយពន្លត់ផ្ទះ ដែលកើតមានគ្រោះអគ្គិភ័យនោះ។

ផ្ទះឆេះនោះ មានម្ចាស់​ ឈ្មោះ សោម ពិសី ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ចមូលដ្ឋាន បន្ត​ថា ខែនេះ ជារដូវប្រាំង ហើយផ្ទះឈើ ដែលឆាបឆេះនោះ ក៏ឆេះ​លឿនទៀត។ ទំរាំតែរថយន្តពន្លត់អគ្គិភ័យទៅដល់ គឺភ្លើងបានឆាបឆេះយ៉ាងពេញបន្ទុកទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ កម្លាំងពន្លត់អគ្គិភ័យ បានខិតខំអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយរួមសហការ​ជាមួយអាជ្ញាធរមូលដ្ឋាន។

ចំពោះទ្រព្យសម្បត្តិ ដែលបាត់បង់ រួមមាន៖ ផ្ទះទំហំ ៥ម៉ត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្ដារ ទូរទឹកកក ០១គ្រឿង ម៉ូតូ សេ១០០ កូរ៉េ ០១គ្រឿង អង្ក រ២០គីឡូ ប្រាក់ ២២០ ដុល្លារ ប្រាក់ ២០ម៉ឺនរៀល ទូរស័ព្ទ ០៣គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

ចំណែក​មូលហេតុនៃអគ្គិភ័យ​នេះ ត្រូវបានប៉ូលិស ឱ្យ​ដឹងថា ឆ្លងចរន្តអគ្គិសនី ហើយ​ម្ចាស់ផ្ទះ មិននៅ។ រហូត​ដល់ម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃដដែល ទើបអគ្គិភ័យនោះ រលត់អស់ ១០០% ហើយផ្ទះក៏ឆេះអស់​ដែរ។ ករណីនេះ មិនបណ្ដាលឱ្យគ្រោះថ្នាក់ ឬរបួសដល់មនុស្សនោះទេ។ ក្នុងប្រតិបត្តិការ​នេះ ប៉ូលិស បាន​ប្រើប្រាស់​រថយន្តពន្លត់អគ្គិ​ភ័យ ១គ្រឿង និង​ប្រើប្រាស់អស់ទឹក ១ឡាន​៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ