រាជធានីភ្នំពេញ ៖ ក្រុមចោរជំនាញខាងឆក់ទ្រព្យ សម្បត្តិលុយកាក់របស់អ្នកដំណើរដែលគេដាក់រហស័នាមថាជាចោរឆក់ដៃមួយពាន់ចំនួន៤នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី២៣សីហាឆ្នាំ២០ ១៦បន្ទាប់ពីកម្លាំងកងអាវុធហត្ថខណ្ឌដូនពេញ បានរាយអន្ទាក់ បង្ក្រាបនិងឃាត់ខ្លួនក្រុមពួកគេបានភ្លាមៗ ។
ពាក់ពន្ធករណី ឆក់កាបូបអ្នកដំណើរតាមដងផ្លូវជាញឹកញាប់រួចមកមន្ត្រីកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែសីហាថា ក្រុមជនសង្ស័យទាំង៤នាក់ដែលកម្លាំងអាវុធហត្ថបង្ក្រាបបាននោះត្រូវបានស្គាល់ឈ្មោះទី១. ចេង សាឡាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវកម្ពុជាក្រោម ខណ្ឌ៧មករា (ជាកអ្នកឆក់ផ្ទាល់ ធ្លាប់ឆក់បានចំនួន០៨លើក) ទី២.ឈ្មោះ ពាន ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះបុរីកីឡា ជាន់ទី៥ អាគារទី៨ ក្រុម១២ សង្កាត់វាលវង់ ខណ្ឌ៧មករា(ជាអ្នកបើកម៉ូតូ ធ្លាប់ឆក់បានចំនួន០៤លើក)ទី៣.ឈ្មោះ លាភ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅប្លុកផ្សារអូឡាំពិក ខណ្ឌចំការមន(ជាអ្នកបើកម៉ូតូបិទគូថ)ទី៤.ឈ្មោះ ស្រ៊ាន គីមឡាង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាលិបឃុន ថ្នាក់ទី៨ ស្នាក់នៅផ្ទះជួលម្តុំសាលាសន្ធរមុខ(ជាអ្នកចូលរួមបិទគូថ)។
ប្រភពបន្តថា រយៈកាលកន្លងមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាប ករណីឆក់កាបូប និងទូរស័ព្ទជាបន្តបន្ទាប់ជាច្រើន ប៉ុន្តែនៅតែមានសកម្មភាពឆក់មួយចំនួនកើតឡើងនៅកន្លែងស្ងាត់ ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការ រាយអន្ទាក់ពួនស្ទាក់ទាំងយប់ទាំងថ្ងៃ។
ជាក់ស្តែងនៅវេលាម៉ោង០១និង០៥នាទី យប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្លូវ១០៦កែងមុនីវង្ស សង្កាត់វត្តភ្នំ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ មានចោរមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះម្នាក់ឈ្មោះ ហឹម រ៉ទីយ៉ាស់ ជនជាតិខ្មែរឥស្លាម ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យនៅផ្សារសុរិយាម៉ល ខណៈនាងជិះម៉ូតូម្នាក់ឯង បណ្តាលឲ្យដួលម៉ូតូហើមមុខ និងប៉ោងភ្នែកខាងឆ្វេង ហើយភ្លាមៗក៏ត្រូវបានកម្លាំងអាវុធហត្ថ ស្ទាក់ចាប់បានជាបន្តបន្ទាប់ផងដែរ៕
ចែករំលែកព័តមាននេះ