ស្រាវជ្រាវ ៖ តាមទីភ្នាក់ងារស៊ីនហួររបស់ចិន ដោយយោងតាមប្រភពផ្សព្វផ្សាយព័ត៌មានពីតំបន់របស់ប្រទេសឡាវ បានឱ្យដឹងថា ដោយសារស្ថានភាពរាំងស្ងួននៅភាគខាងត្បូងប្រទេសឡាវ ធ្វើឱ្យអ្នកស្រុកជាច្រើនពាន់នាក់ធ្វើចំណាកទៅរកការងារធ្វើនៅក្នុងប្រទេសជិតខាងជាច្រើននាក់ក្នុងឆ្នាំ២០១១ នេះក្រោយពីមានកង្វះខាតអង្ករ និងទឹកសម្រាប់ប្រើប្រាស់ក្នុងផ្នែកកសិកម្មជាច្រើនខែកន្លងមកនោះ។
កាសែត «វៀងច័ន្ទ ថែម» របស់ប្រទេសឡាវ បានបញ្ជាក់ថា ជនជាតិឡាវច្រើនជាង៣.៤០០នាក់ មកពីតំបន់ចំប៉ាសាក់ ធ្វើដំណើរទៅរកការងារធ្វើនៅក្នុងប្រទេសជិតខាង និងមានត្រឹមតែ៦០០នាក់ ពីចំនួនសរុបដែលចូលធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ។
លោកសួន មា៉នី កែវវៀងសាម៉ៃ ចៅហ្វាយស្រុករងនៃស្រុកមូនឡាប៉ាម៉ុក។ នៅតំបន់ចំប៉ាសាក់ បាននិយាយថា ពលករភាគច្រើនគ្មានជម្រើស ទើបចេញទៅធ្វើការនៅឯបរទេសក្នុងអំឡុងពេលមានកង្វះខាតអង្ករ និងមិនអាចផលិតធញ្ញជាតិផ្សេងៗសម្រាប់ចិញ្ចឹមគ្រួសារបានគ្រប់គ្រាន់ ហើយជនជាតិឡាវមានចំនួនច្រើនជាង២.៤០០គ្រួសារ ពីចំនួន៣៦ភូមិរបស់ស្រុក ដែលមានកង្វះខាតអង្ករក្នុងឆ្នាំ២០១១នេះ ដោយក្រុមគ្រួសារខ្លះមានអង្ករគ្រប់គ្រាន់ត្រឹមតែ៩ខែ ខណៈពេលគ្រួសារមួយចំនួនទៀតអស់អង្ករក្រោយពីឆ្លងកាត់រយៈពេល៦ខែ ឬ៣ខែ។
ស្រុកមូនឡាប៉ាម៉ុក ជាស្រុកមួយក្នុងចំណោម១០ស្រុក នៅតំបន់ចំប៉ាសាក់ មានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តអ៊ូប៊ុនរាជធានី របស់ថៃមានប្រជាជនរស់នៅជិត៣៤.០០០នាក់ ពីចំនួនសរុប៣៦ភូមិ ៕
ចែករំលែកព័តមាននេះ