ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ពេល​២​ទៅ​៣​ឆ្នាំ ដើម្បី​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​នៅ​ព្រំប្រទល់​ភ្នំពេញ រកមុខ​របរ​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទុក​ពេល​២​ទៅ​៣​ឆ្នាំ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ឬ​ផ្ទះ​បណ្តែត​ទឹក​នៅ​ព្រំប្រទល់​ភ្នំពេញ ខេត្តកណ្ដាល ទៅ​រក​មុខរបរ​ថ្មី ដើម្បី​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទុក​ពេល​២​ទៅ​៣​ឆ្នាំ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ឬ​ផ្ទះ​បណ្តែត​ទឹក​នៅ​ព្រំប្រទល់​ភ្នំពេញ ខេត្តកណ្ដាល ទៅ​រក​មុខរបរ​ថ្មី ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​ការងារ​ផ្សេង​ៗ ដោយ​មិន​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិស​ដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ទី​០១ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត ឆែ អភិបាលរង​រាជធានី​បានឱ្យ​ដឹង​ថា កន្លង​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក ក៏​ដូច​ជា​បែ​ចិញ្ចឹម​ត្រី​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​រុះរើ​សំណង់​មិន​រៀបរយ​ទាំងនោះ​ចេញ​ជា​បន្តបន្ទាប់ ព្រោះ​ប៉ះពាល់​ដល់​ផ្លូវ​នាវាចរណ៍ ធ្វើ​ឱ្យ​ចរន្តទឹក​ហូរ​គោក​រាក់ ជា​ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ទឹក​ខូចគុណភាព បំពុល បរិស្ថាន​និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ក្រុងភ្នំពេញ​ផង​ដែរ​។

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ផ្ទះ​បណ្តែត ឬ​បែ​ចិញ្ចឹម​ត្រី​ប្រមាណ​ជាង​២០០​បែ​ប៉ុណ្ណោះ ដែល​កំពុង​ចិញ្ចឹម​ត្រី ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទុក​ពេល​ឱ្យ​ពួក​គាត់​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ មុន​នឹង​សម្រេច​ឱ្យ​ពួក​គាត់​បញ្ឈប់​មុខរបរ​ចិញ្ចឹម​ត្រី​ក្នុង​ទន្លេ​នេះ​ទាំងស្រុង ដើម្បី​សម្រួល​ឱ្យ​ពួក​គាត់​មាន​ពេលវេលា​សម​ស្រប​ក្នុង​ការ​ផ្លាស់​ប្ដូរ​មុខរបរ​ផ្សេង​ៗ​។

លោក​កើត ឆែ បាន​បញ្ជាក់​ថា «​គ្រាន់តែ​ផ្ទះ​បណ្ដែត​ទឹក​ដែល​នៅ​សព្វថ្ងៃ គឺ​នៅ​ព្រំប្រទល់​ខេត្តកណ្ដាល និង​ព្រែក​ព្នៅ ប្រហែល​ជិត​២០០​បែ ហើយ​២០០​បែ​ហ្នឹង​បើ​យើង​បាន​ណែនាំ​គាត់​ឱ្យធ្វើ​ការ​ចិញ្ចឹម​ត្រី​នឹង​បញ្ចប់​ហើយ​គាត់​រកមុខ​របរ​រយៈពេល​២​ទៅ​៣​ឆ្នាំ ដើម្បី​បញ្ចប់​ការងារ​ហ្នឹងហើយ​ការ​រុះរើ​កន្លង​មក គឺ​ឬ​អ្នកខ្លះ​គាត់​ឃើញ​គេ​ដាក់​បែ គាត់​ដាក់​ដែរ អ៊ីចឹង​ចំពោះ​អ្នក​ណា​មិន​មាន​អាជីព​ជា​អ្នក​ចិញ្ចឹម​ត្រី​ទេ គឺ​យើង​រុះរើ​តែ​ម្ដង ហើយ​ការ​រុះរើ​កន្លង​មក យើង​ទាំងអស់​គ្នា​ហើយ​ទន្លេ​យើង​ស្អាត​ហើយ​»​។

ទន្ទឹម​នឹង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់​ប្ដូរ​ទម្លាប់​ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើ​ផ្ទៃ​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ ដើម្បី​បង្កើន​ផល​ត្រី​ឱ្យ​កាន់តែ​សម្បូរ​បែប​បម្រើ​ដល់​ការ​ហូប​ចុក​ឱ្យ​បាន​គ្រប់គ្រាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ