ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​៖​កូនក្រៅស្បូន​ជា​ប្រភេទ​ជំងឺ​មួយ​ដែល​ជួប​ប្រទះ​ញឹកញាប់​ចំពោះ​ស្ត្រី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូនក្រៅស្បូន គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រី​នៅ​លើ​សកលលោក ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា ។ ជំងឺ​នេះ​កើតឡើង​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​នៅ​ក្នុង​ត្រីមាស​ដំបូង

រាជធានី​ភ្នំពេញ ៖ កូនក្រៅស្បូន គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រី​នៅ​លើ​សកលលោក ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា ។ ជំងឺ​នេះ​កើតឡើង​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​នៅ​ក្នុង​ត្រីមាស​ដំបូង ដែល​គភ៌​បង្ក​កំណើត​នៅ​ក្រៅ​ស្បូន ។ ភាគច្រើន​នៃ​ជំងឺ​កូនក្រៅស្បូន​នេះ កើតឡើង​នៅ​ក្នុង​ដៃ​ស្បូន (trompe de Fallope et tubaires) ។ ប្រសិនបើ​ស្ត្រី​មក​មន្ទីរពេទ្យ ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេលវេលា​ទេ ជំងឺ​នេះ​បង្ក​ឲ្យ​មានការ​ឈឺចាប់ និង​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

១-​មូលហេតុ​៖ កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​និង​ជំងឺ​នេះ​មាន ៖
-​ធ្លាប់​មាន​ធ្លាក់ស រ៉ាំរ៉ៃ
-​ធ្លាប់​មាន​ជំងឺ​រលា​កដៃ​ស្បូន
-​ធ្លាប់​មាន​ជំងឺ​កាមរោគ  
-​ធ្លាប់​វះកាត់​ដៃ​ស្បូន
-​មាន​ដុំដៃ​ស្បូន
-​ជក់បារី​ច្រើន
-​មាន​ដៃគូ​រួម​ភេទ​ច្រើន
-​និង​កត្តារួម​ផ្សំ​ផ្សេង​ៗ​ទៀត ។

២-​រោគ​សញ្ញា​៖
ជា​ទូទៅ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង (​ចន្លោះ​ពី​៤​ទៅ​១០​ស​ប្តា​ហ៍​)​ដូច​ជា​ ៖
-​មានការ​ឈឺចាប់​នៅ​អាង​ត្រគាក (Douleur Pelvienne)
-​មានការ​ធ្លាក់ឈាម​តាម​ទ្វារមាស (​តិច​ឬ​ច្រើន​ទៅ​តាម​ទីតាំង​នៃ​គភ៌​)
-​អ្នកជំងឺ​មាន​សភាព​ស្លេកស្លាំង
– អស់កម្លាំង ល្ហិតល្ហៃ វិលមុខ
– ចុកពោះ ក្អួតចង្អោរ

៣-​រោគវិនិច្ឆ័យ​៖ យើង​អាច​ដឹង​ពី​ជំងឺ​នេះ​តាម​រយៈ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ដូច​ខាងក្រោម ៖
 -​សម្ពាធ​ឈាម​ចុះ​ខ្លាំង
 -​ជីពចរ​ដើរ​ញាប់​ខុសធម្មតា
 -​សីតុណ្ហភាព​ក្នុង​ខ្លួន​ថយ​ចុះ​ជាង​ធម្មតា
 -​ការ​ពិនិត្យ​ទឹកនោម​រក​មើល​សញ្ញា​មានគភ៌ (Test de Grossesse Urinaire) 
-​ការ​ធ្វើតេស្ត​ឈាម (Béta HCG et NFS Groupage)
-​មានការ​ឈឺចាប់​ខ្លាំង ពេល​ស្ទាប​លើ​អាង​ត្រគាក និង​ពិនិត្យ​ទ្វារមាស
-​ការ​ពិនិត្យ​អេកូ​សាស្ត្រៈ
-​ពុំ​មាន​អំប្រ៊ីយ៉ុង​ក្នុង​ស្បូន
-​ឃើញ​មាន​ចង្វាក់បេះដូង​ទារក​នៅ​នឹង​ដៃ​ស្បូន (​អាច​ខាងឆ្វេង​ឬ​ស្តាំ​)
-​មាន​ដក់​ឈាម​នៅ​ក្នុង​ពោះ​តិច​ឬ​ច្រើន ទៅ​តាម​សភាព​ជំងឺ ។

៤-​ការ​ព្យាបាល​៖ វិធី​ព្យាបាល​នៃ​ជំងឺ​នេះ​មាន​២​ប្រភេទ ៖
ក​-​ការ​ព្យាបាល​ដោយ​ថ្នាំ ក្នុង​ករណី​អ្នកជំងឺ​មក​ពិគ្រោះ​ទាន់​ពេលវេលា គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ (Diagnostic précoce) ដឹង​ថា​អ្នកជំងឺ​មានកូន​នៅ​ក្រៅ​ស្បូន​ក្នុង​កំឡុង​ពេល​៤​ស​ប្តា​ហ៍​នៃ​គភ៌ ។

ខ​-​ការ​ព្យាបាល​ដោយ​វះកាត់​មាន​២​របៀប ៖
-​ការ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ (Coelio-chirurgie): វិធី​នេះ​ធ្វើ​ឡើង​ចំពោះ
-​អ្នកជំងឺ​មក​ទាន់​ពេលវេលា និង​មាន​សភាព​ធម្មតា
-​ដុំ​ឈាម​កូនក្រៅស្បូន​មិន​ទាន់​បែក ឬ​នៅ​មាន​ហូរ​ឈាម​តិចតួច
-​មាន​ដក់​ឈាម​តិចតួច​នៅ​ក្នុង​អាង​ត្រ​គា​គ ការ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ​នេះ​អ្នកជំងឺ​ពុំ​មានការ​ឈឺចាប់​ខ្លាំង ស្នាម​វះកាត់​តូច សម្រាក​ពេទ្យ​រយៈពេល​ខ្លី ឆាប់​បាន​ត្រលប់​ទៅ​ធ្វើការ​បាន​ធម្មតា​វិញ ។ អ្វី​ដែល​ពិសេស​គឺ​រក្សា​ទុក​ដៃ​ស្បូន​របស់​ស្ត្រី ដើម្បី​អាច​មានកូន​ទៅ​ថ្ងៃក្រោយ​បាន ។ 

– ការ​វះកាត់​ដោយ​បើក​ពោះ (Laparotomie) ៖ វិធី​នេះ​ធ្វើ​ឡើង​ចំពោះ​ស្ត្រី​មក​មន្ទីរពេទ្យ​យឺតយ៉ាវ​មាន​សភាព​ធ្ងន់ធ្ងរ ស្លេកស្លាំង​ខ្លាំង មាន​បែក​ឈាម​ពេញ​ពោះ ដែល​តម្រូវ​ឲ្យ​វះកាត់​ជា​បន្ទាន់ និង​កាត់​ដៃ​ស្បូន​ចោល ។

ដូច្នេះ​ស្ត្រី​មានគភ៌​នៅ​កំឡុង​ត្រីមាស​ដំបូង ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​ប្រញាប់​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ ឱ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ហានិភ័យ​ផ្សេង​ៗ ដូច​ជា​ការ​កាត់​ដៃ​ស្បូន​ដែល​គ្មាន​ឱកាស​មានកូន​ទៅ​ថ្ងៃក្រោយ និង​ករណី​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ «​ស្រលាញ់​សុខភាព​មាតា គ្រួសារ​មាន​សុភមង្គល​» ៕