ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​មែន​! ដាក់​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​អត់​ច្បាប់​… ចំណែក​អាជ្ញាធរ​ខេត្ត​ក៏​អន់​ដែរ​… មិន​ហ៊ាន​!

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ដោយសារ​តែ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្នាត​យក្ស របស់​ក្រុមហ៊ុន​មួយ​បាន​បង្ក​ការ​ក្តៅក្រហាយ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ ៧៦ ជា​ពិសេស

ខេត្តមណ្ឌលគិរី ៖ ដោយសារ​តែ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្នាត​យក្ស របស់​ក្រុមហ៊ុន​មួយ​បាន​បង្ក​ការ​ក្តៅក្រហាយ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ ៧៦ ជា​ពិសេស​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​ត្រូវការ​ជា​ចាំបាច់ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែ​នេះ​។

ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​មួយ ត្រូវ​បាន​ក្រុមហ៊ុន​មិន​ស្គាល់ឈ្មោះ ធ្វើ​សកម្មភាព​ដំឡើង​កាត់​ទទឹង​ផ្លូវជាតិ​លេខ ៧៦ ជិត​ចំណុច​កែង​ផ្លូវបំបែក​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​ឃុំ​ដាក់​ដាំ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។

បើ​តាម​អាជ្ញាធរ​ថា នោះ​ជា​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន ជី ផាស អាយ អូ ខូ អិ​ល ធី ឌី បាន​ដំឡើង​អំឡុង​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ចុះ​ទៅ​ហាមឃាត់ និង​ដកហូត​សម្ភារៈ​មួយ​ចំនួន​ដើម្បី​ធ្វើ​កិច្ចសន្យា​។ ប៉ុន្តែ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​នោះ នៅ​តែ​មាន​សកម្មភាព​បំពាន​គោលការណ៍​រដ្ឋបាល​ខេត្តមណ្ឌលគិរី និង​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ ដោយ​បាន​ផ្សារ​ដែក​ដាក់​កាត់​តាម​ទទឹង​ផ្លូវ និង​លើក​ស្លាក​ប៉ុន​ជញ្ជាំង​ភ្នំ​យ៉ាង​គឃ្លើន ពោល​គឺ​គ្រោងឆ្អឹង​ទាំងអស់​ត្រូវ​បាន​ដំឡើង​រួចរាល់ រង់​ចាំតែ​ពាក់​ផ្ទាំង​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​២២ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ នៅ​ខេត្តមណ្ឌលគិរី មាន​ខ្យល់​បោកបក់​ខ្លាំង បណ្ដាល​ឱ្យ​ផ្ទាំង​ពាណិជ្ជកម្ម​នោះ រ​ប៉ើ​ក​ដាច់​ធ្លាក់​ជ្រុះ​កំណត់​ដែក បង្ក​ជា​ហានិភ័យ​ដល់​អ្នក​ធ្វើ​ដំណើរ ឬ​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ជិត​ផ្លូវបំបែក​ដាក់​ដាំ ដោយ​រដ្ឋបាល​ក្រុង​បាន​ជម្រាប​ថា យោង​តាម​បញ្ហា​អាកាសធាតុ​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង ធ្វើ​ឲ្យ​ផ្ទាំង​ប៉ាណូ​មួយ​កន្លែង​នៅ​លើ​ផ្លូវជាតិ​លេខ ៧៦ ស្ថិត​នៅ​ជិត​ផ្លូវបំបែក​ដាក់​ដាំ បាន​ដាច់​រហែក​ធ្លាក់​ចុះ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ខាងលើ ស្នើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ​ជិះ​តាម​ផ្លូវ​វាង​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​ខាងលើ ដែល​បាន​លើក​ស្លាក​ផ្សាយពាណិជ្ជកម្ម ជា​ផលប្រយោជន៍​របស់​ខ្លួន តែ​បែរជា​បង្ក​ការ​រាំងស្ទះ និង​ខាត​ពេលវេលា​ដល់​មហាជន​រាប់​ពាន់​រាប់​ម៉ឺន​នាក់ ដោយ​ផ្លូវ​មាន​ចម្ងាយ​ត្រឹមតែ ១០០ ម៉ែត្រ បែរជា​ពួក​គាត់​ត្រូវធ្វើ​ដំណើរ​វាង រហូត​ដល់​ទៅ​ជិត​ពីរ​គីឡូម៉ែត្រ ព្រោះតែ​ក្រុមហ៊ុន​មួយ​នេះ កោត​ណាស់​ដែល​អាជ្ញាធរ​មិន​ហ៊ាន​សម្រេច​… មិន​ខ្លាច​គេ​ថា អត់​ដូច​អាច​ម៌​សេះ​ទេ​ឬ?​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ