ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ រំលឹកខួប៤៣ឆ្នាំនៃការជួបជាមួយភរិយាក្រោយបែបគ្នាក្នុងខ្មៅងងឹតប៉ុលពត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​រំលឹក​ខួប​៤៣​ឆ្នាំ នៃ​ការ​បែក​ជាមួយ​ភរិយា​ក្នុង​របប​ខ្មៅ​ងងឹត​ប៉ុ​ល​ពត ដើម្បី​ជួយ​ជាតិ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​«​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ការ​ជួបជុំ​គ្នា​ឡើង​វិញ​រវាង​ខ្ញុំ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​រំលឹក​ខួប​៤៣​ឆ្នាំ នៃ​ការ​បែក​ជាមួយ​ភរិយា​ក្នុង​របប​ខ្មៅ​ងងឹត​ប៉ុ​ល​ពត ដើម្បី​ជួយ​ជាតិ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​«​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ការ​ជួបជុំ​គ្នា​ឡើង​វិញ​រវាង​ខ្ញុំ និង​ភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)» ។ សម្តេច​ថា ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​បង្ហោះ​នូវ​ដំណើររឿង​នេះ ដើម្បី​រំលឹក​ខ្លួនឯង​នូវ​រឿង​ឈឺចាប់​ផង និង​ចែករំលែក​ពី​ប្រវត្តិ​ដ៏​លំបាក​របស់ខ្ញុំ និង​ភរិយា​ជូន​បងប្អូន​ដែល​ចង់​ដឹងផង ។

សម្តេច​បន្ត​ថា​«​ខ្ញុំ​បាន​ក្លាយជា​បុរស​ពោះម៉ាយ​មួយ​រយៈ ឬ​និយាយ​មួយ​បែប គឺ (​ទុក្ខ​ប្តី ស្រី​ព្រាត់​) ។ រីឯ​ភរិយា​ខ្ញុំ​បាន​ក្លាយជា​ស្ត្រី​មេម៉ាយ​កូន​១​មួយ​រយៈ ឬ​និយាយ​មួយ​បែប គឺ (​ទុក្ខ​ស្រី ប្តី​ព្រាត់​)​។ ថ្ងៃនេះ ខ្ញុំ​គួរ​និយាយ​រឿង​ដែល​ខ្ញុំ​ពុំ​ទាន់​បាន​និយាយ​ក្រោយ​ការ​ជួប​គ្នា ។ ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ជួប​ជាមួយ​ភរិយា និង​កូន​ខ្ញុំ​វិញ ក្រោយ​បែក​គ្នា កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ដែល​ពេល​នោះ កូន​របស់ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​៥​ខែ​ប៉ុណ្ណោះ​» ។

សម្តេច​លើក​ឡើង​ថា ការ​ជួប​គ្នា គឺជា​រឿង​សប្បាយ​ណាស់​ព្រោះ​យើង​នៅ​រស់​ទាំងអស់​គ្នា និង​បាន​ជួប​គ្នា​ឡើង​វិញ ។ សម្រាប់​រូប​ខ្ញុំ​កាន់តែ​សប្បាយ​ដោយ​បានដឹង និង​ឃើញ​ថា មានកូន​ប្រុស ហើយ​ខ្ញុំ​បាន​ក្លាយជា​ឪពុក​របស់​កូន ។ អកុសល​សម្រាប់​រូប​ខ្ញុំ គឺ​កូន​មិន​ព្រម​ហៅ​យើង​ថា ជា​ឪពុក និង​កាន់តែ​លំបាក គឺ​កូន​មិន​ព្រមអោយ​យើង​ទៅ​ជិត​ម្តាយ​គេ​ទៀត​ផង ។ ម៉ា​ណែ​ត ទើបបាន​ផ្តាច់ដោះ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ពេល​មក​ជួប​ខ្ញុំ ។ រ៉ា​នី បាន​ប្រាប់​ខ្ញុំ​ថា ពេល​រសៀល​ក្នុង​ថ្ងៃ​ឆ្លងសាឡា​ង​អ្នក​លឿង​ក្នុង​ដំណើរ​មក​ភ្នំពេញ ម៉ា​ណែ​ត បាន​ក្រឡេក​ឃើញ​គេ​លក់​នំ​បុ័ង ម៉ា​ណែ​ត ឃ្លាន​ណាស់​ចង់បាន​នំ​បុ័ង​ញាំ តែ​ទាំង​ភរិយា​ខ្ញុំ ស៊ី​ណាត​ប្អូនស្រី​ខ្ញុំ និង​អតីត​យុទ្ធ​មិត្ត​២​នាក់ ដែល​ជិះ​ម៉ូតូ​ដឹក​ភរិយា និង​កូន​ខ្ញុំ​មក​កាន់​ទីក្រុង​ភ្នំពេញ​គ្មាន​ប្រាក់ ឬ​របស់​អ្វី​ដើម្បី​ដោះ​ដូរ​ជាមួយ​នំ​បុ័ង​នេះ​ឡើយ ។ ម៉ា​ណែ​ត កូន​កំសត់​មួយ​នេះ​បាន​ត្រឹម​លេបទឹកមាត់​មើល​មុខ​ម្តាយ​ដែល​កំពុង​ហូរ​ទឹកភ្នែក​អាណិតកូន ។ បន្ទាប់​ពី​បាយ​ល្ងាច និង​ក្រោយ​ដឹង​រឿង​នំ​បុ័ង​នៅ​លើ​សាឡា​ង​អ្នក​លឿង ខ្ញុំ​រកបាន​ស្ករ​គ្រាប់​ប្រហែល​ជាង​១០​គ្រាប់​ប្រគល់​អោយ​កូន​។ ម៉ា​ណែ​ត ទទួលយក តែ​គេ​យក​ទៅ​គប់​លេង ព្រោះ​គេ​មិន​ស្គាល់​ស្ករ​គ្រាប់​ទេ ។ ខ្ញុំ​បក​ស្ករ​គ្រាប់​ប្រគល់​អោយ ម៉ា​ណែ​ត តែ​កូន​រុញ​ដៃ​ខ្ញុំ​ចេញ ដល់​ពេល​ខ្ញុំ​ហូប​ស្ករ​គ្រាប់​ទើប ម៉ា​ណែ​ត ដឹង​ថា ជា​របស់​សម្រាប់​ញាំ ម្តងនេះ ម៉ា​ណែ​ត ញាំ​ស្ករ​គ្រាប់​ទាំង​សំបក​រហូត​ភរិយា​ខ្ញុំ​ឃើញ​ក៏​បកសំបក​ស្ករ​គ្រាប់​អោយ តែ​គាត់​អោយ​ញាំ​តែ​២​គ្រាប់​ប៉ុណ្ណោះ ព្រោះ​ខ្លាច​កូន​ក្តៅខ្លួន ។ នេះ​ហើយ​ជា​រសជាតិ​នៃ​កុមារ​ជំនាន់ ប៉ុ​ល​ពត ដែល​មិន​ដែល​បាន​របស់​ហូប ឬ​សម្ភារៈ​នៃ​ល្បែង​លេង​សម្រាប់​កុមារ ។

សម្តេច​រៀបរាប់​ទៀត​ថា ប្រហែល​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយា​ខ្ញុំ​បានអោយ ម៉ា​ណែ​ត គេង​កើយ​ដៃ​នៅ​លើ​គ្រែ​ដែល​អាច​ជា​ទម្លាប់​បែប​នេះ​ពី​មុន​មក ។ មួយសន្ទុះ​ក្រោយមក​ខ្ញុំ​ឡើង​ទៅ​ដេក​លើ​គ្រែ​ជាមួយ​ប្រពន្ធ​ខ្ញុំ ស្រាប់តែ​ម៉ា​ណែ​ត ស្រែកយំ​ហើយ​ដេញ​ខ្ញុំ​ចុះ​ពី​គ្រែ ។ ពេល​ខ្ញុំ​ចុះ​ពីលើ​គ្រែ​ទើប ម៉ា​ណែ​ត ឈប់​យំ ។ ខ្ញុំ​ត្រូវ​អង្គុយ​រង​ចាំ ម៉ា​ណែ​ត ដេក​លក់​ទើប​ហ៊ាន​ឡើង​លើ​គ្រែ ។ ខ្ញុំ​បន្ត​ធ្វើ​បែប​នេះ​ប្រហែល​៣​ស​ប្តា​ហ៍ ។ ថ្ងៃមួយ ខ្ញុំ​សាកល្បង​លេងសើច​ជាមួយ​ប្រពន្ធ​ខ្ញុំ​ដោយ​ធ្វើ​មិនដឹងមិនឮ​ជាមួយ ម៉ា​ណែ​ត ដោយ​ឡើង​ដេក​ទទូរ​ភួយ​ជិត​ទាំង​ពីរ​នាក់ ស្រាប់តែ​មិន​ឮ ម៉ា​ណែ​ត យំ​ទៀត​ទេ​ថែម​ទាំង​មិន​ឮ​សម្លេង​កូន​ទៀត​ផង ។ ដោយ​មិន​ឮ​សម្លេង​កូន​ខំ​បើក​ភួយ​ឡើង​វិញ ស្រាប់តែ​បាត់​កូន​ខំ​បើកទ្វារ​មករ​កកូន​ខាងក្រៅ​បន្ទប់​រក​មិនឃើញ តែ​បែរជា​មក​រក​ឃើញ​កូន​សម្ងំ​គេង​ក្រោម​គ្រែ​ទាំង​ទឹកមុខ​មិន​សប្បាយចិត្ត ។

ថ្ងៃ​ក្រោយមក​យើង​សាកល្បង​លេង​ជាមួយ​កូន​ម្តងទៀត តែ​ម្តងនេះ ម៉ា​ណែ​ត មិន​យំ មិន​រត់​ពួន​ទៀត​ទេ គឺ​ឡើង​ជិះ​ឪពុក​ម្តាយ​ពីលើ​ភួយ​តែ​ម្តង ។ ចាប់ពី​ពេល​នោះ​ហើយ​ដែល ម៉ា​ណែ​ត បាន​ហៅ​ខ្ញុំ​ថា ពុក ។

សូម​បញ្ជាក់​ជូន​ថា ខ្ញុំ និង​ភរិយា​ចិញ្ចឹម​កូន​ចំនួន​៥​នាក់ មិន​ដែល​មាន​មេដោះ​ទេ គ្រប់យ៉ាង​យើង​ត្រូវធ្វើ​ខ្លួនឯង ដើម្បី​កូន ។ ដោយសារ​រឿង​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​រណ​មី​កំពុង​ត្រូវ​បាន​ថត ខ្ញុំ​សង្ឃឹមថា វគ្គ​នេះ​អាច​បង្កើត​បានជា​ឈុត​ឆាក​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ