រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មការដោះស្រាយការងារបន្ទាន់លើករណីឧបទ្ទវហេតុនៅលើស្ពានពេជ្រនៃតំបន់កោះពេជ្រ សូមជំរាបជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះទុក្ខលំបាករបស់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុនៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំជាបន្ទាន់នៅរាត្រីថ្ងៃទី២៤ វិច្ឆិកា ២០១០ ជាមួយថ្នាក់ដឹកនាំគណៈកម្មការដោះស្រាយការងារបន្ទាន់លើករណីឧបទ្ទវហេតុនៅលើស្ពានពេជ្រនៃតំបន់កោះពេជ្រ ជាមួយអាជ្ញាធររាជធានីភ្នំពេញ និងទំនាក់ទំនងតាមរយៈវីដេអូខុនហ្វឺរ៉េនផ្ទាល់ជាមួយអាជ្ញាធរខេត្តនានា ដើម្បីពិនិត្យដំណើរការសង្គ្រោះជនរងគ្រោះ និងការរៀបចំបញ្ជូនសាកសពជនរងគ្រោះទៅជូនគ្រួសារវិញ ក្នុងនោះមានពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់នូវស្ថានភាពជនរង
គ្រោះ ។
រហូតដល់ម៉ោង០០និង៣០នាទីថ្ងៃទី២៥ វិច្ឆិកា ២០១០ ការផ្ទៀងផ្ទាត់សំរេចបានលទ្ធផលដូចតទៅ ៖
១-ចំនួនជនរងគ្រោះដែលបានទទួលមរណភាពសរុបចំនួន៣៤៧នាក់ (ប្រុស១២៦ ស្រី២២១នាក់) ។
-សពជនរងគ្រោះបានចាត់ចែងបញ្ជូនទៅដល់លំនៅឋានរបស់ក្រុមគ្រួសារ និងបានចាត់ចែងពិធីបុណ្យតាមប្រពៃណីដោយមានការជួយឧបត្ថម្ភ និងការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ។
-ចំនួនជនរងគ្រោះលើស បណ្តាលមកពីការរាប់ត្រួតគ្នានូវជនរងគ្រោះមួយចំនួន ដោយអាជ្ញាធររាជធានី និងខេត្តមួយចំនួន ។
២-អ្នករងរបួសចំនួន៣៩៥នាក់ កំពុងសំរាកនៅតាមមន្ទីរពេទ្យនានា និងទទួលបានការព្យាបាលពីមន្ទីរពេទ្យដោយឥតគិតថ្លៃ និងបានទទួលការឧបត្ថម្ភពីកាបាទក្រហមកម្ពុជា និងសប្បុរសជនជាច្រើន ។
៣-រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មការដោះស្រាយការងារបន្ទាន់លើករណីឧបទ្ទវហេតុនៅលើស្ពានពេជ្រនៃតំបន់កោះពេជ្រ សូមកែតម្រូវសេចក្តីជូនដំណឹងលេខ០៧៣ សអយ ចុះថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១០ និងរបាយការណ៍លេខ២៩៧៣ សអយ ចុះថ្ងៃទី២៤ វិច្ឆិកា ២០១០ ។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើ សូមជនរួមជាតិ និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប និងកែតំរូវការគួរ ៕
ចែករំលែកព័តមាននេះ