ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ផ្អើល​ទៅ​ជីក​មាស​ជាង​២​ខែហើយ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ តំបន់​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ដែល​ល្បីល្បាញ​សំបូរ​ទៅ​ដោយ​កំណប់​រ៉ែ​មាស​ដ៏​សន្ធឹកសន្ធាប់ ត្រូវ​បាន​ក្រុម​ឈ្មួញ​សម្ងំ​នាំ​គ្នា​យក​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង​ទៅ​ជីករែង​យក​មាស

ខេត្ត​ត្បូងឃ្មុំ ៖ តំបន់​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ដែល​ល្បីល្បាញ​សំបូរ​ទៅ​ដោយ​កំណប់​រ៉ែ​មាស​ដ៏​សន្ធឹកសន្ធាប់ ត្រូវ​បាន​ក្រុម​ឈ្មួញ​សម្ងំ​នាំ​គ្នា​យក​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង​ទៅ​ជីករែង​យក​មាស​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ប្រហែល​ជាង​២​ខែ​មក​ហើយដោយ​មាន​រណ្តៅ​ធំ​ៗ ​និង​​បាន​មិន​តិច​នោះ​ទេ ។ ទើបតែ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ត្រូវ​បាន​អាជ្ញាធរ​ស្រុក ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ និង​បាន​ឲ្យ​ក្រុម​ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម ដោយ​ខុសច្បាប់​នោះ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ។

ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​ទៅ​កាន់​ទីតាំង​កន្លែង​ជីក​រ៉ែ​មាស​នោះ គេ​បាន​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​២៦​គ្រួសារ ម៉ាស៊ីន​រែង​២៩​គ្រឿង កំពុង​តែ​នាំ​គ្នា​ជីក​រក​មាស ដោយ​បាន​អះអាង​ថា​ជីក​មិនសូវ​បាន​ទេ ព្រោះតែ​បាន​ប្រមូល​អាចម៍ដី​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ជីក​នៅ​សេសសល់​នា​ពេល​កន្លង​មក ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​ដែល​អាជ្ញាធរ​បាន​ចុះ​ទៅ​នោះ គឺ​កាលពី​ថ្មី​ៗ​នេះ​មាន​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង​បាន​លួច​ធ្វើ​អាជីវកម្ម​យ៉ាង​គ​គ្រិ​ត​គគ្រេង លាន់ឮ​សូរ​សំ​ឡេ​ម៉ាស៊ីន​ឲ្យ​ទ្រហឹង​ពេញ​ព្រៃ​តែ​ម្តង ដើម្បី​ជីករែង​យក​រ៉ែ​មាស​យ៉ាង​អាណា​ធិ​ប​តេ​យ្យ និង​ដោយ​រលូន មិន​មានការ​រំខាន​ពី​ស្ថាប័ន​ណាមួយ​នោះ​ទេ សង្ស័យ​តែ​ត្រូវ​ដង​ត្រូវ​ផ្លែង​គ្នា​ហើយ​ទើប​អាច​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​ដូច្នេះ ។

លោក ចេ​ង ប៊ុ​ន​ណា​រ៉ា អភិបាលស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​តំបន់​ភ្នំ​សំពៅ​លូន​ខាងលើ គឺ​មាន​ក្រុមហ៊ុន​ស៊ី​ណូ​សាន់ ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដោយ​បាន​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​មាស​ពី​ក្នុង​ដី ដែល​មាន​ជំរៅ​ពី​៧០​ទៅ​១០០​ម៉ែត្រ ដោយ​ភាគច្រើន​រ៉ែ​មាស​មាន​ក្នុង​ដុំ​ថ្ម ត្រូវ​បាន​កិនបំបែក​ដើម្បី​រែង​យក​មាស ។ តែ​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​ក្រសួង​រ៉ែ និង​ឋា​ម​ពល ដក​យក​អាជ្ញាប័ណ្ណ​ប្រហែលជា​១​ឆ្នាំ​ហើយ គ្រឿងចក្រ​ត្រូវ​បាន​ដឹក​យក​ត្រឡប់​ទៅ​វិញ​អស់ ។ ក្រោយមក​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ជីក​យក​រ៉ែ​មាស ដោយ​មិន​មានច្បាប់​អនុញ្ញាត ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ឲ្យ​បញ្ឈប់​ម្តង​រួច​មក​ហើយ ក្រោយមក​នៅ​ពេល​ដែល​ស្ងាត់​ៗ​ទំនងជា​មិន​អ្នក​ណា​ដឹង​នោះ បាន​ដាក់​ម៉ាស៊ីន​ទៅ​សម្ងំ​ជីក​យក​បន្ត​ទៀត ។ ពេល​ដែល​ថ្នាក់លើ​ដឹង ក៏​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ពិនិត្យ​នា​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ព្រមទាំង​បាន​ប្រាប់​ដល់​ពួក​គាត់​ថា បើសិនជា​ចង់​ជីក​យក​រ៉ែ​មាស​សូម​បង្កើត​សហគមន៍​ត្រឹមត្រូវ មាន​តំណាង​ច្បាស់លាស់ ធ្វើ​ពាក្យ​ស្នើ​សុំ​ច្បាប់​ទៅ​មន្ទីរ​រ៉ែ និង​ឋា​ម​ពល ដើម្បី​ជីក​ស្រប​ច្រាប់ ។

លោក​អភិបាលស្រុក​បាន​ប្រ​លយ​ពាក្យ​ថា នៅ​ថ្ងៃក្រោយ​បើសិនជា​រក​ឃើញ​នៅ​តែ​ផ្គើន​បន្ត​លួច​ជីក​ដោយ​ខុសច្បាប់​ទៀត នឹង​ត្រូវ​ចុះ​ទៅ​រឹបអូស​យក​ម៉ាស៊ីន​តែ​ម្តង ៕