ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុថុជ្ជន​ក្រាស់​ដោយ​បាប​លះ​ក្រោធ​មិន​បាន​ទេ

2 ឆ្នាំ មុន

នៅ​ក្នុង​គាថា​ធម្មបទ​មួយ​កន្លែង​មាន​សម្តែង​ថា បុគ្គល​គប្បី​ឈ្នះ​មនុស្ស​ក្រោធ​ខឹង​ច្រើន ដោយ​សេចក្ដី​មិន​ក្រោធ​តប​, ឈ្នះ​មនុស្ស​ទុច្ចរិត ដោយ​អំពើ​សុចរិត​, ឈ្នះ​មនុស្ស​កំណាញ់​ស្វិត ដោយ​ការ​ឲ្យ​ទាន​, ឈ្នះ​មនុស្ស​ដែល​និយាយ​ឡេះឡោះ​ច្រើន ដោយ​ការ​និយាយ​តែ​ពាក្យពិត​ត្រង់ ។…

នៅ​ក្នុង​គាថា​ធម្មបទ​មួយ​កន្លែង​មាន​សម្តែង​ថា បុគ្គល​គប្បី​ឈ្នះ​មនុស្ស​ក្រោធ​ខឹង​ច្រើន ដោយ​សេចក្ដី​មិន​ក្រោធ​តប​, ឈ្នះ​មនុស្ស​ទុច្ចរិត ដោយ​អំពើ​សុចរិត​, ឈ្នះ​មនុស្ស​កំណាញ់​ស្វិត ដោយ​ការ​ឲ្យ​ទាន​, ឈ្នះ​មនុស្ស​ដែល​និយាយ​ឡេះឡោះ​ច្រើន ដោយ​ការ​និយាយ​តែ​ពាក្យពិត​ត្រង់ ។

ត្រង់​បទ​ថា បុគ្គល​ឈ្នះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដទៃ ដោយ​សេចក្ដី​មិន​ក្រោធ​តប នោះ​មាន​សេចក្ដី​បកស្រាយ​យ៉ាងនេះ​ថា សេចក្ដី​ក្រេវក្រោធ ជា​សង្កិលេស​ធម៌​ម្យ៉ាង​តែង​ដេក​ត្រាំ​នៅ​ក្នុង​ខន្ធ​សន្ដាន​នៃ​មនុស្ស​បុថុជ្ជន​ទូទៅ កម្រ​នឹង​លះ​បាន លុះត្រាតែ​ព្រះ​ខីណាស្រព ទើប​លះ​បាន ដោយ​អំណាច​អរហត្តមគ្គ ។

បុគ្គល​ជា​បុថុជ្ជន​មាន​សន្ដាន​ក្រាស​ដោយ​បាប លះ​ការ​ខឹង​ក្រោធ​មិន​បាន​ឡើយ លុះណាតែ​ជា​កល្យាណ​បុថុជ្ជន​មាន​សន្ដាន​ល្អ ប្រព្រឹត្ត​ធម៌​ស​ជា​ប្រក្រតី​ទើប​លះ​បាន ដោយ​អំណាច​នៃ​ធម៌​ខន្តី​ជា​ធំ ។

បុគ្គល​ណាមួយ​បើ​មាន​អ្នក​ដទៃ​មក​ប្រទូស្ដ ហើយ​ខ្លួន​ជា​មនុស្ស​អាច​ធ្វើ​អ្នក​ដែល​ប្រទូស្ដ​នោះ​ឲ្យ​ស្រាកស្រាន្ត​បាន​ដោយ​ការ​អត់ធន់ មិន​ក្រោធ​ពិរោធ​តបត តែ​ផ្ទុយ​ទៅ​វិញ​ចេះ​សម្ដែង​មិត្ត​មេត្រី ធ្វើ​មុខ​ស្រស់បស់​សំណេះសំណាល​ទៅ​រក​គេ​វិញ​ជា​ធម្មតា បើ​ដូច្នេះ​អ្នក​ដែល​ប្រទូស្ដ​នោះ មិនយូរ​ប៉ុន្មាន​ក៏​នឹង​រសាយចិត្ត លែង​ប្រទូស្ដ​វិញ​មិន​ខាន ។

ហេតុនេះ​ហើយ​បានជា លោក​ឲ្យ​ឈ្មោះ​អ្នក​ដែល​ចេះ​អត់ធន់ មិន​ក្រោធ​តប​បែប​នោះ​ថា​ជា​មនុស្ស​មាន​ជ័យជម្នះ​ឈ្នះ​អ្នក​ដែល​ប្រទូស្ដ ដោយ​ពិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ