ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឥត​បញ្ញា​ច្រើន​តែ​ប្រាថ្នា​ខុស

2 ឆ្នាំ មុន

គម្ពីរ​ធម្មបរិយាយ​បានរ​ង្គា​យ​សេចក្តី​ថា ជន​ទាំងឡាយ​ដែល​កើតមក​ក្នុង​លោក​តែង​ស្វែងរក​វត្ថុ​ជាទី​ពឹង​គ្រប់​ៗ​រូប​ដូច​គ្នា ព្រោះតែ​ប្រាថ្នា​ចង់បាន​សេចក្ដីសុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​ប្លែក​គ្នា​នឹង​ជន​ខ្លះ​អត់​បញ្ញា ជន​ខ្លះ​មាន​ប្រាជ្ញា ជន​ដែល​អាប់​អត់​បញ្ញា​មិន​បាន​ពិចារណា​ឱ្យ​ឃើញច្បាស់​នូវ​ហេតុ​នឹង​ផល​គឺ​មិនដឹង​ថា​ហេតុ​យ៉ាងនេះ នឹង​ចម្រើន​ឡើង​បានជា​ផល​យ៉ាងណា នឹង​មិនដឹង​ថា​ផល​នេះ​កើតមក​អំពី​ហេតុ​ដូច​ម្ដេច​សោះឡើយ ។ ម្ល៉ោះហើយ​បើ​មាន​ភ័យ​កើតឡើង​កាលណា…

គម្ពីរ​ធម្មបរិយាយ​បានរ​ង្គា​យ​សេចក្តី​ថា ជន​ទាំងឡាយ​ដែល​កើតមក​ក្នុង​លោក​តែង​ស្វែងរក​វត្ថុ​ជាទី​ពឹង​គ្រប់​ៗ​រូប​ដូច​គ្នា ព្រោះតែ​ប្រាថ្នា​ចង់បាន​សេចក្ដីសុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​ប្លែក​គ្នា​នឹង​ជន​ខ្លះ​អត់​បញ្ញា ជន​ខ្លះ​មាន​ប្រាជ្ញា ជន​ដែល​អាប់​អត់​បញ្ញា​មិន​បាន​ពិចារណា​ឱ្យ​ឃើញច្បាស់​នូវ​ហេតុ​នឹង​ផល​គឺ​មិនដឹង​ថា​ហេតុ​យ៉ាងនេះ នឹង​ចម្រើន​ឡើង​បានជា​ផល​យ៉ាងណា នឹង​មិនដឹង​ថា​ផល​នេះ​កើតមក​អំពី​ហេតុ​ដូច​ម្ដេច​សោះឡើយ ។

ម្ល៉ោះហើយ​បើ​មាន​ភ័យ​កើតឡើង​កាលណា គេ​ក៏​ប្រវា​រក​វត្ថុ​ជាទី​ពឹង​តាមតែ​ប្រទះ គាប់ចិត្ត​ត្រង់​ណា​ក៏​ធ្វើ​ត្រង់នោះ មិន​ពិនិត្យ​ត្រង់​ហេតុផល​ខុស​ត្រូវ​ប៉ុន្មាន​តាម​សភាព​នៃ​ខ្លួន​ជា​ជន​អាប់ប្រាជ្ញា បើ​មិន​ពិនិត្យ​រក​ខុស​ត្រូវ​សោះ ហើយ​ប្រឹង​តែ​ធ្វើ​ទៅ​ៗ ជួន​ពាន​លើ​ខុស ជួន​ពាន​លើ​ត្រូវ បើ​ខុស​ត្រូវ​មិនដឹង​ដូច្នេះ​ហើយ កាលណា​ឡើយ​នឹង​សម្រេចប្រយោជន៍​ជា​សុខ​បាន ។

ជន​ចំពូក​នេះ​មាន​ជា​ច្រើន​ដូច​ជា ជន​ខ្លះ​គ្រាន់តែ​ឃើញ​គេ​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង គេ​រៀបចំ​គ្រឿង​សក្ការ​មាន​ទៀន​និង​ធូប​ជាដើម​យក​ទៅ​បូជា ហើយ​ធ្វើការ​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ ក៏​ចាំ​ទំនង​របស់​គេ​បាន ដល់​មាន​សេចក្ដី​ទុក្ខ​កើតឡើង ក៏​រៀបចំ​គ្រឿង​សក្ការ​ទៀន​ធូប​ទៅ​អុជ​បូជា​នូវ​គល់ឈើ ហើយ​ថ្វាយបង្គំ​នូវ​គល់ឈើ សម្គាល់​ដើមឈើ​នោះ​ថា​ជាទី​ពឹង​ដ៏​ប្រសើរ ។ មិនតែប៉ុណ្ណោះ​ឡើយ​ជន​ចំពូក​ខ្លះ​ទៀត​បានឃើញ​វត្ថុ​អ្វី​ប្លែក​ៗ​គួរ​ឱ្យ​សង្ស័យ ក៏​បបួល​គ្នា​យក​គ្រឿង​សក្ការ​ទៅ​បូជា​ហើយ​ថ្វាយបង្គំ​សូម​សេចក្ដីសុខ ដែល​ធ្វើ​ដូច្នេះ​ក៏​ព្រោះតែ​អាប់ប្រាជ្ញា​ហើយ​ចង់បាន​សេចក្ដីសុខ ធ្វើ​ទៅ​មិន​បាន​ប្រយោជន៍​អ្វី​ក៏​កើតក្តី​សៅហ្មង​ចិត្ត​នាំ​ឱ្យ​តែ​នឿយហត់​ឥតអំពើ ។

ប្រៀប​ដូច​អ្នក​ល្ងង់​ហើយ​ចង់​ស្ល​ប្រេង ឃើញ​គេ​អ្នកចេះ​ស្ល​គេ​រៀប​ថ្ម​ចង្ក្រាន បង្កាត់ភ្លើង តម្កល់​ឆ្នាំងខ្ទះ ហើយ​យក​គ្រាប់​ល្ហុង​ឬ​គ្រាប់ល្ង​មក​ចម្រាញ់​ចេញ​បានជា​ប្រេង​មក ឯ​ខ្លួន​ក៏​ខំ​រៀប​ថ្ម​ចង្ក្រាន បង្កាត់ភ្លើង តម្កល់​ឆ្នាំងខ្ទះ​ហើយ​យក​ដុំ​ក្រួស​ឬ​ដុំ​ថ្ម​មក​ចម្រាញ់​ម្ដេច​នឹង​ចេញ​បានជា​ប្រេង បាន​ត្រឹមតែ​ក្តៅក្រហាយ​ឥតប្រយោជន៍ ។

ជន​ខ្លះ​មាន​ប្រាជ្ញា​ពិចារណា​ឃើញច្បាស់​នូវ​ហេតុ​និង​ផល​គឺ​ដឹង​ច្បាស់​ថា​ហេតុ​ដូច្នេះ នឹង​កើតឡើង​បានជា​ផល​ដូច្នេះ ផល​នេះ​កើតមក​អំពី​ហេតុនេះ កាល​ស្វែងរក​វត្ថុ​ជាទី​ពឹង​ក៏​រក​វត្ថុ​ដ៏​គួរ​ល្មម​បណ្ដាល​ឱ្យ​កើត​ឡើងជា​ផល​គឺ​សេចក្ដីសុ​ខ​​បាន គឺ​ដល់​នូវ​ព្រះ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ហើយ មិន​វិបរិត​ប្រែប្រួល​យក​វត្ថុ​អ្វី​ជាទី​ពឹង​ទៀត​ឡើយ ព្រោះ​​ប្រាជ្ញា​ដឹង​ច្បាស់​ថា​មាន​តែ​វត្ថុ​៣​នេះ​ហើយ​ជាទី​ពឹង​ដ៏​ប្រសើរ កាល​សទ្ធា​ប្រាកដ​មិន​កម្រើក​ប្រែប្រួល​ដូច្នេះ​ហើ​យ ជន​ទាំងឡាយ​នោះ​រមែង​ដល់​នូវ​សេចក្តីសុខ​ក្នុង​ជីវិត​ព្រោះ​សេចក្តី​ស្ងប់ កើត​មាន​ក្នុង​ហេតុផល​ដ៏​ត្រឹមត្រូវ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ