ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុស្បា ប៉ាន់ ចូលរួម​ច្រៀង​រក​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុស្បា ប៉ាន់ ដែល​ធំ​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក បាន​បង្ហើរ​សំនៀង​ចំនួន​៥​បទ ទាំង​ភាសា​ខ្មែរ និង​ភាសាបរទេស​តាម​រយៈ​បទ​ចម្រៀង​អូ​ប៉េ​រ៉ា និង​លេង​ហ្គី​តា ដោយ​ខ្លួន​នាង​ផ្ទាល់ ។ បុស្បា ប៉ាន់​លេង​ហ្គី​តា

ខេត្តសៀមរាប ៖ បុស្បា ប៉ាន់ ដែល​ធំ​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក បាន​បង្ហើរ​សំនៀង​ចំនួន​៥​បទ ទាំង​ភាសា​ខ្មែរ និង​ភាសាបរទេស​តាម​រយៈ​បទ​ចម្រៀង​អូ​ប៉េ​រ៉ា និង​លេង​ហ្គី​តា ដោយ​ខ្លួន​នាង​ផ្ទាល់ ។ បុស្បា ប៉ាន់​លេង​ហ្គី​តា ដោយ​ប្រើប្រាស់​ទេព​កោសល្យ​ពិសេស​មួយ គឺ​ប្រើប្រាស់​ម្រាមដៃ​របស់​នាង​ជំនួស​ឧបករណ៍​សម្រាប់​កេះ ដែល​តន្ត្រីករ​នានា​តែងតែ​ប្រើប្រាស់ ។

បទ «​ម៉ូ​ណា​លី​សា​» ជា​ចម្រៀង​បែប​អូ​ប៉េ​រ៉ា និង​បទ «​ជីវិត​កូនស្រី​អ្នកនេសាទ​» ជាបទ​ចម្រៀង​ដែល​បុស្បា ប៉ាន់ ពេញចិត្ត​ជាងគេ ហើយ​តែងតែ​លើកយក​មក​ច្រៀង​ជា​បន្តបន្ទាប់ មុន​ពេល​នាង​ចាកចេញ​ទៅ​សិក្សា​នៅ​សាលា Vanut school of Art ។ បច្ចុប្បន្ន​បុស្បា ប៉ាន់​កំពុង​សិក្សា នៅ​សាលា New England Conservatory ក្នុង​រដ្ឋ​បូ​ស្តុ​ន​សហរដ្ឋអាមេរិក ។

នៅ​ភោជនីយដ្ឋាន​ម្លិះ​នា​ក្រុង​សៀមរាប កាលពី​រាត្រី​ថ្ងៃ​ទី​២៧ កក្កដា ២០១៦ បុស្បា ប៉ាន់ បាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី «​តន្ត្រី​សប្បុរសធម៌ » ដើម្បី​ស្វែងរក​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ។

តារាចម្រៀង​អូ​ប៉េ​រ៉ា​ល្បីឈ្មោះ​លោក​ឃួ​ន សិ​ទ្ធី​ស័ក្តិ ដែល​ធ្លាប់​បាន​បង្ហាត់បង្រៀន​ដល់​កញ្ញា​បុស្បា ប៉ាន់ មុន​ពេល​នាង​ចាកចេញ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​បាន​ថ្លែង​បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ថា សំឡេង​របស់​បុស្បា ប៉ាន់ មាន​ភាព​ប្រសើរ​ឡើង ដោយ​នាង​រក​ឃើញ​ចំណុច​ពិសេស​នៃ​ការ​ប្រើប្រាស់​សំឡេង​បាន​ល្អ​ជាង​មុន និង​ធ្វើ​ឲ្យ​សំឡេង​របស់​នាង​ពីរោះ​ជាង​មុន ។ អ្វី​ជា​ចំណុច​ពិសេស​នៃ​សំឡេង​របស់​នាង​គឺ​មាន​ភាព​«​ស្រទន់​» ។ ឥឡូវនេះ​នាង​កំពុង​ផ្តោត​លើ​ការ​និពន្ធ​តន្ត្រី ចម្រៀង និង​ការ​ច្រៀង ជា​អ្វី​ដែល​សិល្បករ​គួរតែ​មាន​ទាំង​ពីរ​ព្រម​គ្នា ជា​អ្វី​ដែល​តន្ត្រី​វិទូ​បាន​ផ្តល់​ការ​ណែនាំ ។

«​បុស្បា ប៉ាន់ មាន​និស្ស័យ និង​ទេព​កោសល្យ​ខ្ពស់ ខ្ញុំ​ពិតជា​ចូល​ចិត្ត​នាង ព្រោះ​នាង​អាច​និយាយ​បាន​បី​ភាសា និង​អាច​ច្រៀង​ជា​ច្រើន​ភាសា ដែល​នេះ​ជា​ទុន​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ទេព​កោសល្យ​របស់​នាង ។ ខ្ញុំ​ចូល​ចិត្ត​សំឡេង​របស់​នាង ដែល​វា​មិន​ត្រឹមតែ​លើកកម្ពស់​វិស័យ​តូរ្យតន្ត្រី​ទេ តែ​ជា​មោទនភាព​ជាតិ ហើយ​សិល្បករ​នានា​គួរ​យក​នាង​ជា​គំរូ​» ។ លោក សិទ្ធិស័ក្តិ និយាយ​បែប​នេះ ។

ការ​សម្តែង ច្រៀង និង​លេង​ឧបករណ៍​តន្ត្រី​ដោយ​ប្រើប្រាស់​ម្រាមដៃ​ទាំង​៥​របស់​បុស្បា ប៉ាន់ ជា​អ្វី​ដែល​អ្នកជំនាញ​តូរ្យតន្ត្រី​ចាត់​ទុក​ថា «​ជា​ទេព​កោសល្យ​មួយ​» ដែល​តន្ត្រីករ​ដទៃ​ទៀត​ពិបាកធ្វើ ។

ការ​រៀបចំ​ប្រគំ​តន្ត្រី​ជា​លើក​ដំបូង បន្ទាប់​ពី​បុស្បា ប៉ាន់ ចាកចេញ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​នេះ មិនមែន​ជា​លើក​ទី​១​របស់​បុស្បា ប៉ាន់​ទេ ប៉ុន្តែ​ការ​ប្រគំ​លើក​នេះ គឺ​ដើម្បី​ស្វែងរក​ប្រាក់​ជួយ​ឧបត្ថម្ភ​មន្ទីរពេទ្យ​កុមារ​អង្គរ ស្ថិត​នៅ​កណ្តាល​ក្រុង​សៀមរាប ។

លោក​សាស្ត្រាចារ្យ​អ៊ុ​ង ជិន​ណា​រី សាស្ត្រាចារ្យ​កិត្តិយស​ក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក និង​ជានា​យក Nirmita Composer Institute បាន​ថ្លែង​ថា ទេព​កោសល្យ​របស់​បុស្បា ប៉ាន់​ឈាន​ដល់​កម្រិត​មួយ ដែល​មិន​ងាយ​មាន​អ្នក​ធ្វើ​បាន​សម្រាប់​កម្ពុជា ព្រោះ​ជំនាញ និង​ទេព​កោសល្យ​តន្ត្រី និង​ចម្រៀង​របស់​នាង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ។

លោក​សាស្ត្រាចារ្យ​បន្ត​ថា «​វា​នៅ​មាន​ពេលវេលា​ច្រើន​ថែម​ទៀត​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់​នាង ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​កំពូល ប៉ុន្តែ​វិ​ថី​ដែល​នាង​ដើរ ជា​វិ​ថី​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​វិស័យ​តូរ្យតន្ត្រី​» ។

លោក​វង្ស សា​វុ​ធ អ្នកក្រុង​សៀមរាប ដែល​បាន​ចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​របស់​បុស្បា ប៉ាន់​ជា​លើក​ដំបូង និង​ជា​អ្នក​និយម​ស្តា​ប់តូ​រ្យ តន្ត្រី​បែប​បស្ចិមប្រទេស​បាន​ថ្លែង​ថា បុស្បា ប៉ាន់ ច្រៀង​បទ​អូ​ប៉េ​រ៉ា​បាន​ល្អ​ណាស់ និង​ពិតជា​ពីរោះ​ដោយសារ​នាង​អាច​ស្រែក​បាន​ខ្ពស់ និង​ថ្នម​សំឡេង​បាន​ល្អ សម្រាប់​បទ​ចម្រៀង​ពិសេស​នេះ​។ បទ​ចម្រៀង​បែប​អូ​ប៉េ​រ៉ា​ជា​បទ​ពិបាក​ច្រៀង​បំផុត ប៉ុន្តែ​នាង​អាច​ធ្វើ​បាន ប្រហែល​វា​ជា​ទេព​កោសល្យ​ពី​កំណើត និង​ការ​ទទួល​បានការ​បង្ហាត់បង្ហាញ​ពី​សាស្ត្រាចារ្យ​នៅ​សហរដ្ឋអាមេរិក ។

លោក​វង្ស សា​វុ​ធ​ថ្លែង​ថា «​តាម​រយៈ​ការ​ស្តាប់​សំឡេង​សិល្បករ​បរទេស​កន្លង​មក ខ្ញុំ​គិត​ថា បុស្បា ប៉ាន់ ពិតជា​មាន​ទេព​កោសល្យ​មិន​ចាញ់​តារាចម្រៀង​លំដាប់​អន្តរជាតិ​នោះ​ទេ» ៕