ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ទោស​ព្រោះ បោក​យក​កូនស្រី​គេ​ទៅ​លក់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ​ចោទប្រកាន់​ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន​។ ការ​ចោទប្រកាន់​នេះ បន្ទាប់​មន្ត្រី​នគរបាល​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ​ចោទប្រកាន់​ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន​។ ការ​ចោទប្រកាន់​នេះ បន្ទាប់​មន្ត្រី​នគរបាល​ជំនាញ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។ លោក​វរសេនីយ៍ទោ ស៊ី  ឌី អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជី​ន ពន្លឺ ហៅ​ឈ្ន​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ដង​ត្រាង ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​ត្រូវ​បាន​ម្តាយ​ខាង​ជន​រង​គ្រោះ​ប្តឹង​ពី​បទ​នាំ​យក​កូនស្រី​របស់​គាត់​ឲ្យ​ទៅ​រៀប​ការ​ជាមួយ​ជនជាតិ​បរទេស ដោយ​អះអាង​ថា​នាំ​ទៅ​រក​ការងារ​ធ្វើ​ស្រួល​នៅ​ប្រទេស​ចិន​។ តាម​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ឃុ​ត ភាព អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចំណោម នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦  បាន​និយាយ​រៀបរាប់​ថា  កាលពី​ខែតុលា ឆ្នាំ​២០១៥ មានឈ្មោះ ជី​ន  ពន្លឺ ហៅ​ឃ្ន​ន អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ដង​ត្រាង ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី បាន​នាំ​កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ ប៉ា​ង  ណា​វី អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៉ា​ង  ស្រី​ពៅ អាយុ​១៦​ឆ្នាំ ឲ្យ​ទៅ​ធ្វើ​មេផ្ទះ​នៅ​ប្រទេស​ចិន ដោយ​សន្យា​ថា​បាន​តម្លៃ​ប្រាក់ខែ​ខ្ពស់ ចាប់ពី​៧០០​ទៅ​៨០០​ដុល្លា​។

ដើម្បី​លើក​ស្ទួយ​ជីវភាព​ក្រុម​គ្រួសារ​ក្រីក្រ​គាត់​ក៏​បាន​យល់ព្រម​ឲ្យ​កូន​ទាំង​២​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​បន្ទុក​ទៅ ប៉ុន្តែ​ឈ្មោះ​ស្រី​ពៅ នោះ​មិន​ទាន់​គ្រប់​អាយុ ឲ្យ​ធ្វើ​នៅ​ការងារ​ប្រទេស​ចិន​បាន ជនជាប់ចោទ​ឈ្មោះ ជី​ន ពន្លឺ បាន​បង្គាប់​ឲ្យ​រក​ខ្ចី​សំបុត្រ​កំណើត អ្នក​ដែល​គ្រប់​អាយុ ពេល​នោះ​ឈ្មោះ ស្រី​ពៅ បាន​ខ្ចី​សំបុត្រ​កំណើត ផុ​ន ម៉ា​ន់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ដើម្បី​ធ្វើ​លិខិតឆ្លងដែន​ចេញ​ទៅ​ប្រទេស​ចិន ឈ្មោះ​ជី​ន ពន្លឺ ហៅ​ឃ្ន​ន ថា​នឹង​រក​ការងារ​ស្រួល​ៗ​ឲ្យ​កូន​គាត់​ធ្វើ តែ​បែរជា​ទៅ​ដល់​ប្រទេស​ចិន​បង្ខំ​ឲ្យ​កូន​គាត់​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​។

ចំណែក​កូន​គាត់​នាង​ស្រី​ពៅ ត្រូវ​បាន​ប្តី​ជា​ជនជាតិ​ចិន​បាន​វាយ​ធ្វើបាប​ជា​រៀងរាល់ថ្ងៃ​។ ដោយ​ស៊ូទ្រាំ​មិន​បាន​នាង​ក៏​បាន​ហៅ​ទូរស័ព្ទ​មក​ឲ្យ​គាត់​ជា​ម្តាយ​រក ឲ្យ​គេ​ជួយ ។ ក្នុង​នោះ​គាត់​បានរ​ត់ទៅ​រក​ខ្ចីប្រាក់​គេ​បាន​១.៥០០​ដុល្លា ផ្ញើ​ទៅ​ឲ្យ​កូន​ដើម្បី​រក​គេ​ជួយ​។ លុះដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ក៏​បាន​រត់​ចេញពីផ្ទះ​នាង​នៅ ហើយ​គេ​ជួយ​នាំ​នាង​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​បាំង​ស៊ី ប្រទេស​ចិន​។

លោក​វរសេនីយ៍ទោ ស៊ី ឌី អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​បញ្ជាក់​ថា​ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ជី​ន ពន្លឺ ហៅ​ឃ្ន​ន នេះ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​តុលាការ​បញ្ជូន​ដាក់​ពន្ធនាគារ​រួច​ហើយ​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន​។

គួរ​បញ្ជាក់​ថាបើ​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ចំណោម មក​ទល់​ពេល​នេះ ជន​រង​គ្រោះ​ឈ្មោះ​ស្រី​ពៅ មិន​ទាន់​បាន​មក​ដល់​ប្រទេស​ខ្មែរ​នោះ​ទេ គឺ​កំពុង​ស្នាក់​នៅ​ស្ថានទូត​កម្ពុជា​នៅ​ទីនោះ​។ ចំណែក​បងស្រី​ឈ្មោះ ប៉ា​ង ណា​វី មិន​បាន​ត្រឡប់​មក​វិញ​ទេ​៕