ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាជ្ញាធរ​ចុះ​រុះរើ សំណង់​លក់ដូរ​រំលោ.ភ​ចំណី​ផ្លូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក កែវ សុភា អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ធ្វើការ​រុះរើ​សំណង់​តូប​លក់ដូរ​ខុសច្បាប់​មួយ​កន្លែង នៅ​ជាប់​រោងចក្រ​មួយ​ដែល​ជន​មិន​ស្គាល់​មុខ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក កែវ សុភា អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ធ្វើការ​រុះរើ​សំណង់​តូប​លក់ដូរ​ខុសច្បាប់​មួយ​កន្លែង នៅ​ជាប់​រោងចក្រ​មួយ​ដែល​ជន​មិន​ស្គាល់​មុខ​សាងសង់​ឡើង រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ និង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្ដៅក្រហាយ​គ្រប់​ៗ​គ្នា និង​បាន​រាយការណ៍​មក​កាន់​អាជ្ញាធរ​។ ប្រតិបត្តិ​ការណ៍​ខាងលើ​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ជាប់​របង​រោងចក្រ​កាត់ដេរ វ៉ា​ស៊ី​ន​ព្រី​ន ខូ​អិ​ល​ធី​ឌី ស្ថិត​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា សំណង់​ខាងលើ​បាន​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ប្រវែង​ទទឹង​ជាង​២​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​៣០​ម៉ែត្រ ហើយ​បាន​ចាប់ផ្ដើម​សាងសង់ ដោយ​ចាក់​បង្គោល​បាន​ជិត​១០​ដើម​ហើយ​។ មិនតែប៉ុណ្ណោះ គេ​ធ្វើ​ឡើង​ក្នុង​ស្ថានភាព​ជា​លក្ខណៈ​សំណង់​រឹង​មាំ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​អ្វី​ឡើយ​។ ជា​ពិសេស​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ផង ទើប​ប្រជាពលរដ្ឋ​មិន​អាច​ឱបដៃ​ឈរ​មើល​តទៅ​ទៀត​បាន ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ ចុះ​ធ្វើការ​ពិនិត្យ និង​រុះរើ​ចេញ​ជា​បន្ទាន់ ហើយ​នៅ​ក្នុង​ខណៈនោះ មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​មក​ទទួលខុសត្រូវ​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ផ្លូវ​នោះ​ចុង​ផ្លូវ និង​ដើមផ្លូវ​មាន​លក្ខណៈ​ធំ​ទូលាយ ប៉ុន្តែ​ដល់​កណ្ដាល មាន​លក្ខណៈ​តូច​ចង្អៀត​បន្តិច ព្រោះ​រោងចក្រ​ខាងលើ បាន​សង់​របង​លយ​មក​លើ​ដី​ចំណី​ផ្លូវ ដែល​របង​នោះ សាងសង់​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ផ្លូវ​បេតុង មិន​មាន​ចំណាត់ការ ឲ្យ​ខាង​រោងចក្រ​វាយ​ចោល​រំកិល​ចូល​ក្នុង​ទេ ដែល​ជា​គំរូ​អាក្រក់​មួយ ទើប​ពេល​នេះ​មាន​អ្នក​ឆ្លៀតឱកាស សាងសង់​សំណង់​រំលោភ​យក​ចិញ្ចើម​ផ្លូវ តាម​នោះ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី​មិន​អាច​រំលង​ក្រសែភ្នែក​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ ហើយ​ពួក​គាត់​ក៏​មិន​បាន​គាំទ្រ​នូវ​សកម្មភាព​ទាំងនោះ​ដែរ ទើប​ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ឲ្យ​ចុះ​ទៅ​រុះរើ​បែប​នេះ​តែ​ម្ដង​៕