ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្ម នៅភ្នំពេញ និងនៅ​ខេត្តកណ្តាល ៥នាក់ ត្រូវតុលាការ សម្រេចឃុំ​ខ្លួន​នៅពន្ធនាគារ

2 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ ក្រុមចោរឆក់ និងប្លន់ ចំនួន ៥នាក់ ដែលសកម្មខាងស្ទាក់កាប់ប្លន់ម៉ូតូ ពីប្រជាពលរដ្ឋ ប្រចាំនៅរាជធានី​ភ្នំពេញ និងនៅខេត្តកណ្តាល ត្រូវបានលោក…

កណ្តាល៖ ក្រុមចោរឆក់ និងប្លន់ ចំនួន ៥នាក់ ដែលសកម្មខាងស្ទាក់កាប់ប្លន់ម៉ូតូ ពីប្រជាពលរដ្ឋ ប្រចាំនៅរាជធានី​ភ្នំពេញ និងនៅខេត្តកណ្តាល ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល​ បាន​សម្រេច​ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ពីបទ “លួចមានស្ងានទម្ងន់ទោស ” តាមមាត្រា ៣៥៣  និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ក្រុមចោរឆក់ និងប្លន់ទាំងនោះ បានប្រព្រឹត្ត កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចចំការធ្នង់ ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល​។ ជនរងគ្រោះឈ្មោះ សែ ចន្ធូ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ​ខ្មែរមុខរបរ មេការជាងសំណង់បុរីចតុមុខ មានទីលំនៅភូមិ ជាប ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។

ជនត្រូវចោទទី១ ឈ្មោះ ខេមរ៉ា ផល្លា ហៅ ឡា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ​ភូមិក្រោគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ រាជ វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិផ្សារតូច សង្កាត់ឫស្សីកែវ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។ ទី៣​ឈ្មោះ ដាវ វិសាល ហៅ ពក ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។ ទី៤ឈ្មោះ មាស សារី ហៅ ធីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបឹងស្រឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី៥ឈ្មោះ ធឿន ប៊ុនលាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

សមត្ថកិច្ច បានប្រាប់អោយដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការ​នៅបុរីចតុមុខ ក្នុងឃុំស្វាយជ្រំ មកលេងផ្ទះមិត្តភក្តិ នៅឃុំវិហារសួគ៌ ពេលមកដល់ចំណុចចំការធ្នង់ ក្នុងភូមិព្រែកលួង ឃុំព្រែកលួង ក៏ជួបជនសង្ស័យ ចំនួន ១១នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង ម៉ាក SUZAKI Nex ចំនួន ១គ្រឿង ម៉ាក់ HONDA C125 ស៊េរី២០២១ ចំនួន ១គ្រឿង ម៉ាក HONDA C125 ស៊េរី២០១៥ ១គ្រឿង និងម៉ូតូម៉ាក MSX ចំនួន ១គ្រឿង។ ជនសង្ស័យទាំងនោះ បាន​កាប់ប្លន់ យកម៉ូតូជនរងគ្រោះ ហើយជិះគេចខ្លួន ទៅទិសខាងជើង ចូលក្នុងក្រុមហ៊ុន 7NG ឆ្ពោះមកតាមផ្លូវជាតិលេខ៨ រួចជិះត្រឡប់ទៅឆ្លង​ចម្លងអរិយក្សត្រ គេចខ្លួនទៅរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ រងរបួសរយះក្បាលមួយកន្លែង ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ។ រហូតដល់ម៉ោង ២២ និង០០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ច​នគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចុះល្បាត តាមគោលដៅរបស់ខ្លួន ដោយមានការសង្ស័យ ក៏ឃាត់ខ្លួនជនសង្ស័យ បាន ៥នាក់ ម៉ូតូចំនួន ៣គ្រឿង រួមមាន ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ចំនួន ២គ្រឿង ម៉ាក Nex និងម៉ាក HONDA C125 ស៊េរី២០២១ និងម៉ូតូម៉ាក HONDA C125 ស៊េរី២០២០ ជាម៉ូតូជនរងគ្រោះ ឈ្មោះ សែ ចន្ធូ ដែលជនសង្ស័យកាប់ប្លន់យកទៅ​។

នៅថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានប្រគល់ជនសង្ស័យទាំង ៥នាក់ និងវត្ថុតាងម៉ូតូចំនួន ៣គ្រឿង មកឲ្យសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាម​នីតិវិធីច្បាប់៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ