ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូងខេត្តសៀមរាប​ បង្គាប់​ឱ្យ​ចៅសង្កាត់​​និង​ចៅ​​សង្កាត់រងទី១​​ ​រួមគ្នា​សង​ប្រាក់​ជាង​១១​ម៉ឺន​​ដុល្លារ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ​៖ ចៅក្រម​សាលាដំបូង​ខេត្តសៀមរាបបាន​ចេញ​សាលក្រម​មួយ​ ដោយ​បង្គាប់​ឲ្យ​លោក គង់ ប៊ឹប ចៅសង្កាត់​រង​ទី​១ និង​លោក ក្អោប រ៉ន…

ខេត្ត​សៀមរាប ​៖ ចៅក្រម​សាលាដំបូង​ខេត្តសៀមរាបបាន​ចេញ​សាលក្រម​មួយ​ ដោយ​បង្គាប់​ឲ្យ​លោក គង់ ប៊ឹប ចៅសង្កាត់​រង​ទី​១ និង​លោក ក្អោប រ៉ន ចៅសង្កាត់​ជ្រាវ ក្រុង​សៀមរាប រួមគ្នា​សង​ប្រាក់​ប្រមាណ​ជាង១១ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​គ្រឿង កាយដី​ក្នុង​គម្រោង​បា​រាយណ៍​សិ​ប្បនិមិត្ត​សម្តេ​ច​មហាសង្ឃរា​ជ ទេព វង្ស វិញ នៅ ថ្ងៃទី៧ខែ​កុម្ភ:ឆ្នាំ២០២២​ ។

យោង​តាម​សាលក្រម​លេខ៣៣ ចុះ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាន​ឲ្យដឹង​ថា នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ ជា គីម​ឆែ ដែល​ជា​ម្ចាស់​គ្រឿងចក្រ បាន​ចុះ​កិច្ចសន្យា​ជាមួយ​សហ​ចុង​ចម្លើយ ដើម្បី​ជីក​ស្រះ និង​ដឹក​ដី ចាក់​ដី បង្វិល​ក្នុង​ចំណុច​ទីតាំង​ភូមិសាស្ត្រ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​មាន​ចំនួ​ន៦ហិតា​និង​ជម្រៅ​៦ម៉ែត្រ ដែល​ជា​របស់​សហ​ចុង​ចម្លើយ ហើយ​មានតម្លៃ​ពលកម្ម​ក្នុង​ការ​ជីក១ម៉ែត្រ​គូ​ប មានតម្លៃ១ដុល្លារ​បី​កាក់ ឬ​ប្រហាក់​ប្រហែល​តម្លៃ​សរុប​ចំនួន៤៦៨ពាន់​ដុល្លា​អាមេរិ​ក​ក្នុង​មួយ​រណ្តៅ​ដី​ ។

លុះក្រោយមក នៅពេល​ដើមចោទ ជា គីម​ឆែ ហៅ​ស៊ីង ធ្វើ​ដី​បាន​ចំនួន១៨៣,១៤៩ម៉ែត្រគូប ដែល​មាន តម្លៃ​សរុប​ចំនួន​ប្រមាណ២៣៨ ពាន់​ដុល្លា​អាមេរិក បើ​គិតជា​ភាគរយ​ស្មើនឹង៥០%នោះ ចុង​ចម្លើយ​បាន​ទូរ​ទាត់​លុយ​ជាក់​ស្ដែង​បាន​ទទួល​តែ​ចំនួន១០៣,៤៨០ដុល្លារ​ប៉ុណ្ណោះ​ ។

យោង​តាម​សាលក្រម​ដដែល​បាន​ឲ្យដឹង​ថា ក្នុង​អំឡុង​ខែមេសា ឆ្នាំ២០១៩ សហ​ចុង​ចម្លើយ​បាន​ផ្អាក​ការងារ​របស់​ដើម​ចោទ ដោយ​មិនទាន់​បាន​ទូទាត់​ថ្លៃ​ពលកម្ម​ដែល​នៅ​សេសសល់​ចំនួន​ជាង១៣ម៉ឺន​ដុល្លា​រនោះ​ទេ ដោយ​សហ​ចុង​ចម្លើយ​ទទួលស្គាល់ និង​គ្រាន់តែ​ថា​ខ្លួន​នឹង​ទូទាត់​ឲ្យ​នៅពេល​ក្រោយ​ ។​ ទោះ​យ៉ាង​ណា ដើមចោទ​ក៏បាន​ធ្វើ​ការ​ទាក់ទង​ទៅ​រក​សហ​ចុង​ចម្លើយ​ជាច្រើន លើក​ច្រើនសារ តែ​សហ​ចុង​ចម្លើយ​បាន​ត្រឹមតែ​សន្យា​ថា នឹង​ទូរ​ទាត់​ថ្លៃ​ពលកម្ម​នៅ​ថ្ងៃ​នេះថ្ងៃ​នោះ​ជាច្រើនលើក​ច្រើន​សារប៉ុណ្ណោះ​។

បើ​យោង​តាម​ប្រសាសន៍​របស់ លោក ជា គីម​ឆែ បាន​រៀបរាប់​ថា ដោយសារតែ​លោក ក្តោប រ៉ន ចៅសង្កាត់​ជ្រាវ និង លោក គង់ ប៊ិប ចៅសង្កាត់​រង​ទី១ មានការ​គេចវេស មិនព្រម​សង ដូច្នេះ ទើប​លោក តាមរយៈ​មេធាវី បាន​ដាក់​ពាក្យ​បណ្តឹង​ចូល​តុលាការ​សាលាដំបូង​ខេត្តសៀមរាប ដើម្បីឲ្យ​ស្ថាប័ន​ច្បាប់​មួយ​នេះ​ជួយ​រក​យុត្តិ​ធម៌ ឲ្យ​គាត់​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ កោះ​សន្តិភាព​មិន​អាច​ទាក់ទង​លោក គង់ ប៊ឹប បាន ទេ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​។​ប៉ុន្តែ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ នេះ​ដែរ លោក គង់​ប៊ឹប បាន​ឲ្យដឹង​ថា រឿង​នេះ​កំពុង​តវ៉ា​គ្នា​តាមផ្លូវ​តុលាការ​សាលាឧទ្ធរណ៍ ដូច្នេះ​ ទុក្ខ​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​៕​​

អត្ថបទសរសេរ ដោយ