ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេអាប៉ោង​២​នាក់​ត្រូវ​ដោះ​លែង​ឱ្យទៅ​ផ្ទះ​វិញ ក្រោយ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង

2 ឆ្នាំ មុន
  • កណ្តាល

មេអាប៉ោង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​មិន​រៀងចាល ទោះបី​មានការ​នាំ​មក​អប់​រំជា​ច្រើន​ដង​យ៉ាងណា​ក៏​ដោយ

ខេត្តកណ្តាល ៖ មេអាប៉ោង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​មិន​រៀងចាល ទោះបី​មានការ​នាំ​មក​អប់​រំជា​ច្រើន​ដង​យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា មាន​អ្នក​កំពុង​រត់ការ​ដោះ​លែង​ទៅ​វិញ ។

ប៉ុន្តែ​ក្រោយ​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រួច​មក មេអាប៉ោង​ទាំង​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​តុលាការ​ខេត្តកណ្តាល សម្រេច​ដោះ​លែង និង​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បើ​តាម​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ថា មូលហេតុ​ដែល​លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​ពិនិត្យ​ឃើញ​របាយការណ៍​របស់​សមត្ថកិច្ច​ដាក់​ថា «​ជា​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​» ដោយ​ធ្វើការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង និង​ពិនិត្យ​លើ​សំណុំរឿង​រួច​មក ។

សូម​បញ្ជាក់​ថា ការ​បង្ក្រាប​មេអាប៉ោង​ទាំង​២​នាក់​នេះ ធ្វើ​ឡើង​កាល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​២​នាក់​ខាងលើ​នេះ ម្នាក់​មានឈ្មោះ​មុំ ផល អាយុ​៦៤​ឆ្នាំ និង​និង​ម្នាក់​ទៀត​ឈ្មោះ​មាស សុខ​ហេង អាយុ​៣១​ឆ្នាំ ។ ចំ​ណែ​គ​សម្ភារៈ​ដែល​ចាប់​យក​រួម​មាន ៖ មេអាប៉ោង​ចំនួន​១, ចាន​អាប៉ោង​ចំនួន​២, គំរប​អាប៉ោង​ជ័រ​ពណ៌​ក្រហម ចំនួន​៣, ម៉ូតូ​មួយ​គ្រឿង និង​សម្ភារៈ​បទល្មើស​ជា​ច្រើន​ទៀត ។

តាម​របាយការណ៍​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា សមត្ថកិច្ច​កម្លាំង​ផ្នែក​នគរបាល​យុ​ត្ត​ធម៌​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ បាន​ល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​ប្រជាពលរដ្ឋ​ល្អ​បាន​ផ្ដល់​ព័ត៌មាន​មក​ថា មាន​មនុស្ស​មួយ​ក្រុម​កំពុង​លេងល្បែង​ស៊ីសង​ខុសច្បាប់ គឺ​បាញ់អាប៉ោង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​លេង​ស៊ីសង​នេះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​តែ​ម្តង ។ នៅ​ដំណាក់កាល​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ បាញ់អាប៉ោង ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ