ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​លឺ​សូរ​សម្លេង​គេ​គប់​ហាង ក៏​ចេញ​មក​មើល រួច​ឆែក​កាមេរ៉ា​ឃើញ​សកម្មភាព​ស្តែង​ៗ

2 ឆ្នាំ មុន
  • កណ្តាល

យុវជន​ទំនើង​២​នាក់ ក្នុង​ចំណោម​ប​១០​នាក់ បាន​ត្រូវ​លោក ស៊ូ បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ដាក់​ពន្ធនា​គារ​​បណ្តោះអាសន្ន ពី​បទ

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ទំនើង​២​នាក់ ក្នុង​ចំណោម​ប​១០​នាក់ បាន​ត្រូវ​លោក ស៊ូ បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​» តាម​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ នា​វេលា​ម៉ោង​០៣​និង​១៥​នាទី នៅ​ចំណុច​ហាង​មី​ហិ​រ ស្ថិត​នៅ​ក្នុងភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ផ​ន ស្រី​នាង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​អាជីវករ​។ ចំណែក​ជន​ត្រូវ​ចោទ ទី​១-​ឈ្មោះ ស៊ុន តៃ​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្តកណ្តាល មុខរបរ​កម្មករ​សំណង់ និង​ទី​២- ឈ្មោះ វី លី​ហ៊ ហៅ ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ កម្មករ​សិស្ស​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ដើរ​លេង​មក​ខាង​ម្តុំ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​មាន​បក្សពួក​ទាំងអស់​ចំនួន​១២​នាក់ ដោយ​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​។ លុះដល់​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ ជនសង្ស័យ​ខាងលើ រួម​ទាំង​បក្សពួក បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​នៅ​ខាង​ស្រុក​ស្អាង ប៉ុន្តែ​ពេល​ជិះ​មក​ដល់​ម្តុំ​ឃុំ​ឈើទាល ជនសង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ រួច​រើស​ដុំ​ថ្ម​មួយ​ដុំ​កាន់​ជាប់​នឹង​ដៃ ហើយ​ក៏​ជិះ​ម៉ូតូ​រហូត​មក​ដល់​មុខ​ហាង​មី​ហិ​រ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ស៊ុន តៃ​លី ក៏​បាន​យក​ដុំ​ថ្ម​គប់​សំដៅ​ទៅ​លើ​ហាង​មី​ហិ​រ ចំនួន​០១​ដុំ ដោយ​មាន​ជនសង្ស័យ​ឈ្មោះ ខួច ជា​អ្នក​បើក​ម៉ូតូ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វី លី​ហ៊ ហៅ​ចិន ជា​អ្នក​អង្គុយ​កណ្តាល បន្ទាប់​ពី​ពេល​គប់​រួច ជនសង្ស័យ រួម​នឹង​បក្សពួក​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ទៅ​។

ក្រោយ​ពេល​កើតហេតុ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បានលឺ​សូរ​សម្លេង​មាន​គេ​គប់​ហាង ក៏​ចេញ​មក​មើល រួច​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ក៏​ឃើញ​ជនសង្ស័យ​ខាងលើ រួម​នឹង​បក្សពួក​ធ្វើ​សកម្មភាព​គប់​ហាង​របស់​ខ្លួន​។ លុះដល់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​១០​នាទី​ល្ងាច ទើប​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល​តែ​ម្តង​។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​រួច កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ ចុះ​ស្រាវជ្រាវ​មុខសញ្ញា រហូត​កំណត់​មុខសញ្ញា​រួច កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ខាងលើ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ស៊ុន តៃ​លី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដុំ​ថ្ម គប់​ហាង​មី​ហិ​រ​នោះ​ពិតប្រាកដ​មែន​។ ក្រោយ​ពី​សាកសួរ​រួច ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ