តាមធម្មតាបុថុជ្ជនលែងអីនឹងមានខុស ធ្វើការរួមគ្នាលែងអីនឹងមានប៉ះពារដោយកាយ វាចាខ្លះមិនខាន ដូច្នេះដើម្បីឱ្យការបំពេញកិច្ចការរួមបានសុខជានឹងគ្នា បុគ្គលគប្បីប្រតិបត្តិតាមលំអានធម៌៦យ៉ាង ដែលលោកចាត់ថាជាគុណធម៌យ៉ាងពិសិដ្ឋគឺ៖

១-ការងារដែលធ្វើដោយកាយប្រកបដោយមេត្តាគឺការសម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នាដូចជា សម្តែងទឹកមុខញញឹមរកគ្នាជាដើម ។
២-ចង្អុលបង្ហាញនូវអ្វីដែលជាប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តីគោរពរាប់អានគ្នាដោយពាក្យសម្ដីទន់ភ្លន់ ។
៣-ចងចិត្តគិតល្អ គឺគិតអ្វីដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម គិតក្នុងគោលបំណងល្អ ។

៤-នៅពេលបានវត្ថុណាដោយសុចរិត ទោះតិចឬច្រើនក៏យកមកចែករំលែកគ្នាបរិភោគតាមលទ្ធភាព គឺមិនហួងហែងទុកបរិភោគតែម្នាក់ឯងនោះទេ ។
៥-ប្រព្រឹត្តសុចរិតត្រឹមត្រូវ គោរពច្បាប់ គោរពវិន័យស្មើគ្នា គោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមក មានសីលធម៌ប្រចាំជីវិត ។
៦-យល់ត្រូវដូចគ្នាដែលជាគោលការណ៍ដ៏សំខាន់ មានឆន្ទៈ និងឧត្តមគតិឆ្ពោះទៅរកការរីកចម្រើនដូចគ្នា ។

គុណធម៌ទាំង៦ប្រការនេះមានក្នុងសមាគមណា សមាគមនោះនឹងមានការរួបរួមសាមគ្គីគ្នាដ៏រឹងមាំ និងសុខចម្រើនជាភិយ្យោភាព ៕ សាន សារិន
ចែករំលែកព័តមាននេះ