រាជធានីភ្នំពេញ ៖ ក្រោយការចាប់ខ្លួន នៅប៉ុន្មាននាទីក្រោយធ្វើសកម្មភាពបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនិងនយោបាយ នៅក្នុងស្តារម៉ាតនៃស្ថានីយ៍ប្រេងឥន្ឋនៈកាល់តិចកាលពីវេលាម៉ោងជិត០៩ព្រឹកថ្ងៃ១០ កក្កដា ២០១៦នោះរួចមក ជនសង្ស័យបានសារភាពថាខ្លួនឈ្មោះ ទិត្យ សំអុល រហ័សនាម«ជួប សម្លាប់» ។
ចំណែកនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) នៅព្រឹកថ្ងៃទី១១ កក្កដានេះបានបង្ហាញថាជនសង្ស័យមានឈ្មោះពិត៖ អឿត អាង អាយុ ៤៤ឆ្នាំ និង មានទីលំនៅភូមិទន្លេសរ ឃុំនគរភាស ស្រុក អង្គរជុំ ខេត្ត សៀមរាប និងមានឪពុកឈ្មោះ អឿតម្ដាយឈ្មោះ ឯម តាប់ អាយុ ៦៤ ឆ្នាំ ។
ប្រភពពី Facebookដដែល ជនសង្ស័យមានប្រពន្ធ ០២នាក់ និងមានកូនស្រី ១ នាក់ដោយប្រពន្ធទី០១ ឈ្មោះ យ៉ាង យឿង ( បានលែងលះគ្នាហើយ ) ប្រពន្ធទី០២ ឈ្មោះ ហឿម ហ៊ត់រស់នៅក្នុងភូមិ ឃុំជាមួយជនសង្ស័យ និងមានមុខរបរលក់ចាប់ហ៊ួយ និងសាច់ជ្រូក ។ បើតាមបណ្តាញទំនាក់ទំនងសង្គម ជនសង្ស័យឈ្មោះ អឿត អាង ធ្លាប់បានចូលបួសជាសង្ឃក្នុងឆ្នាំ២០១៣ នៅវត្តប្រាសាទធ្នង់ ស្ថិតក្នុងឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។
នៅឆ្នាំ ២០១៥ ជនសង្ស័យ បានសឹកពីព្រះសង្ឃ នៅពេលមានមានជម្លោះនៅក្នុងវត្តពើងតានន់ នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយក្រោយពីសឹកជននេះបានចូលបម្រើការងារជាមន្ត្រីបរិស្ថាន និងបានត្រូវគេបញ្ជូនឲ្យទៅឈរជើងនៅស្រុកអង្គរជុំ ខេត្តសៀមរាប ។
ចែករំលែកព័តមាននេះ