ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ដង​កើ​នៅ​តែ​មាន​បារមី​ស័ក្តិសិទ្ធិ

2 ឆ្នាំ មុន

តាម​ការ​សង្កេត​តាមដាន​ទាក់ទង​នឹង​ទសបារមី វត្ថុ​ស័ក្តិសិទ្ធិ​នៅ​ស្រុក​ខ្មែរ​បាន​បរិយាយ​ថា ព្រះ​អង្គ​ដង​កើ​មាន​បារមី​ស័ក្តិសិទ្ធិ​ខ្លាំង​ណាស់ ជា​រៀងរាល់ថ្ងៃ មិន​ថា​វេលា​ព្រឹក ឬ​ថ្ងៃ ឬ​ក៏​ល្ងាច​នោះ​ទេ ជា​ពិសេស​នៅ​ថ្ងៃឧបោសថសីល និង​បុណ្យប្រពៃណី​ជាតិ​ផ្សេង​ៗ​គេ​តែងតែ​សង្កេត​ឃើញ​មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​ទិញ​គ្រឿង​សក្ការៈ និង​តង្វាយ​រួម​មាន…

តាម​ការ​សង្កេត​តាមដាន​ទាក់ទង​នឹង​ទសបារមី វត្ថុ​ស័ក្តិសិទ្ធិ​នៅ​ស្រុក​ខ្មែរ​បាន​បរិយាយ​ថា ព្រះ​អង្គ​ដង​កើ​មាន​បារមី​ស័ក្តិសិទ្ធិ​ខ្លាំង​ណាស់ ជា​រៀងរាល់ថ្ងៃ មិន​ថា​វេលា​ព្រឹក ឬ​ថ្ងៃ ឬ​ក៏​ល្ងាច​នោះ​ទេ ជា​ពិសេស​នៅ​ថ្ងៃឧបោសថសីល និង​បុណ្យប្រពៃណី​ជាតិ​ផ្សេង​ៗ​គេ​តែងតែ​សង្កេត​ឃើញ​មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​ទិញ​គ្រឿង​សក្ការៈ និង​តង្វាយ​រួម​មាន ធូប ទៀន ស្លាធម៌​ដូងខ្ចី ចេកទុំ ផ្កាឈូក​ក្រហម ស ថ្វាយ​ដល់​បារមី​ព្រះ​អង្គ​ដង​កើ​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ត្រជាក់ត្រជំ​ទៅ​តាម​ជំនឿ​រៀង​ៗ​ខ្លួន ពិសេស​បើ​ប៉ះ​ចំ​ថ្ងៃសីល​វិញ​នោះ អ្នក​មក​បែ​បន់​ប្រជ្រៀត​គ្នា​សឹងតែ​រក​ច្រកចូល​មិន​រួច ។

រឿង​ជំនឿ​ទាក់ទង​នឹង​បារមី​ព្រះ​អង្គ​ដង​កើ​នេះ តាម​ការ​ដំណាល​ត​ៗ​គ្នា​របស់​ចាស់ទុំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាល​ដើម​ឡើយ​នៅ​ចំណុច​មុខ​ព្រះ​អង្គ​ដង​កើ​នេះ ឱ្យ​តែ​ដល់​រាត្រី​ថ្ងៃសីល ឬ​ថ្ងៃពេញបូណ៌មី​គេ​តែងតែ​សង្កេត​ឃើញ​មាន​ទង់ក្រពើ​អណ្តែត​ផុស​ចេញពី​ផ្ទៃ​ទឹកទន្លេ រួច​ក៏​លិចទៅ​វិញ ដោយ​ផុស​តែ​មួយ​ភ្លែត​ៗ​ប៉ុណ្ណោះ ។ កាល​ណោះ​ឱ្យ​តែ​ដល់​យប់​ថ្ងៃសីល​ប្រជារាស្ត្រ​តែងតែ​នាំ​គ្នា​ទៅ​ឈរ​មើល និង​បួងសួង​សុំ​សេចក្តីសុខ ចម្រើន​មិន​ដែល​ខកខាន​ឡើយ ។

ដោយសារ​តែ​រាល់​ការ​បន់ស្រន់​រមែង​បាន​សម្រេច​ដូច​ក្តី​បំណងប្រាថ្នា និង​ចង់ឱ្យ​បារមី​ទង់ក្រពើ​នោះ​សណ្ឋិត​នៅ​ជា​រៀង​រហូត​ទើប​ប្រជារាស្ត្រ​ក៏​បាន​នាំ​គ្នា​កសាង​ទង់​មួយ​ជា​និមិត្តរូប ។ ចាប់តាំងពី​ពេល​នោះ​មក ទីនោះ​ក៏​បាន​ក្លាយទៅជា​កន្លែង​គោរព​សក្ការបូជា​របស់​ប្រជារាស្ត្រ​ខ្មែរ ហើយ​ទង់ក្រពើ​នោះ​ក៏​លែង​ផុស​អណ្តែត​ចេញពី​ផ្ទៃ​ទឹកទន្លេ​ទៀត​ដែរ ។

ជុំវិញ​អប្បិយ​ជំនឿ​នេះ មជ្ឈដ្ឋាន​ខ្លះ​ទៀត​បាន​និទាន​ថា កាលពីដើម​ឡើយ​នៅ​ត្រង់​ចំណុច​ព្រះ​អង្គ​ដង​កើ​នេះ មាន​ដើមឈើ​ធំ​ៗ​ប្រជ្រៀត​គ្នា​ស៊ុបទ្រុប​មាន​ម្លប់​ត្រឈឹងត្រឈៃ ហើយ​ក៏​ជា​ចំណត​ផែ​សំពៅ ទូក កាណូត​របស់​ឈ្មួញ​តូច ធំ ចម្រុះ​ជាតិ​សាសន៍ ខ្មែរ ចិន ចាម យួន ចេញចូល​សំចត​រកស៊ី​យ៉ាងច្រើន​កុះករ​ទើប​ទី​នេះ​ក៏​មានឈ្មោះ​ថា​ជា​ភូមិ​កំពង់​ផែ ។ ប៉ុន្តែ​ដោយសារ​តែ​ដី​ច្រាំង​ចេះ​តែ​បាក់​ស្រុត​អ្នក​ភូមិ​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​កន្លែង​ទីទៃ​ក៏​បាត់ឈ្មោះ​ភូមិ​កំពង់​ផែ​ទៅ ។

ចំណែក​ត្រង់​ចំណុច​ទួល​ដែល​មាន​ដើមឈើ​ដុះ​ស៊ុបទ្រុប​ម្លប់​ត្រឈឹងត្រឈៃ​នោះ​នៅ​រៀងរាល់ថ្ងៃ​សីល និង​យប់​ថ្ងៃពេញបូណ៌មី​រមែង​មាន​ដុំ​ភ្លើងពណ៌​ក្រហម ខៀវ ហោះ​ចេញពី​ចំណុច​ដើមឈើ (​អាស្រម​ព្រះ​អង្គ​ដង​កើ​សព្វថ្ងៃ​) ចូល​ទៅ​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង និង​ហោះ​ចេញពី​ព្រះ​បរមរាជវាំង​ចូល​មក​ដើមឈើ​នោះ​វិញ ដែល​ធ្វើ​ឱ្យ​ប្រជានុរាស្ត្រ​ជឿ​ថា ដុំ​ភ្លើង​ទាំងនោះ​ជា​តំណាង​ឱ្យ​ទសបារមី​វត្ថុ​ស័ក្តិសិទ្ធិ ចាស់ព្រឹទ្ធាចារ្យ​នា​សម័យ​នោះ​ក៏​បាន​ដឹកនាំ​អ្នកស្រុក​សង់​អាស្រម​នៅ​ត្រង់​ចំណុច​នោះ​ទុក​ជាទី​សម្រាប់​ស្នាក់​អាស្រ័យ​របស់​ទសបារមី​ដើម្បី​ងាយស្រួល​ដល់​ប្រជានុរាស្ត្រ​ព្រមទាំង​អ្នកជំនួញ​ធ្វើការ​បន់ស្រន់ បូជា​គ្រឿង​សក្ការៈ ។

ពាក្យ​ថា «​កើ​» ការ​ពិត​មិន​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​យើង​ទេ តែ​វា​ជា​ភាសា​វៀតណាម​មាន​ន័យ​ថា «​ទង់​» ប៉ុន្តែ​អ្នកខ្លះ​បែរជា​យល់​ថា ពាក្យ «​កើ​» អាច​មក​ពី​ពាក្យ «​កើល​» មាន​ន័យ​ថា កល់ ឬ​ខ្ពស់​បំផុត ហើយ​ដង​កើល​គឺ​មាន​ន័យ​ថា «​ដងទង់​ដែល​ខ្ពស់​បំផុត ឬ​ដងទង់​ទល់​មេឃ​» ឯ​មនុស្ស​មួយ​ចំនួន​ទៀត​ទៅ​ជា​យល់​ថា ពាក្យ «​កើ​» អាច​ក្លា​យមក​ពី​ពាក្យ «​កល្ប​»​ព្រោះ​ដោយសារ​កាល​ណោះ​ជនជាតិ​ចិន ចាម យួន ដែល​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ ហើយ​ពាក្យ «​កល្ប​»​ជា​ភាសាសំស្ក្រឹត​ក្លាយ​ពី​បាលី ដែល​ប្រែ​មក​ជា​ខេមរភាសា​ថា «​កាលដែល​តាំងនៅ​យូរអង្វែង​» ។

ទីនោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ដែល​មាន​ជំនឿ​ចូល​មក​បន់ស្រន់​ព្រមទាំង​ថ្វាយ​តង្វាយ​លាបំណន់​មិនសូវ​ដាច់​ឡើយ ហើយ​ឥឡូវ​សូ​ម្បី​តែ​អ្នក​មក​ហាត់ប្រាណ​ក៏​រមែង​ចូល​មក​អុជ​ធូប​ទៀន​បន់ស្រន់​ដែរ​បន្ទាប់​ពី​ពួក​គេ​ហាត់ប្រាណ​រួច មុន​នឹង​ត្រឡប់​ទៅ​លំនៅ​ឋាន ដែល​សកម្មភាព​បែប​នេះ​បាន​ក្លាយទៅជា​ទម្លាប់​ទៅ​ហើយ ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ