ខេត្តមណ្ឌលគិរី ៖ ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗខណៈកំពុងអង្គុយលេង ស្រាប់ថូផ្កាយក្សដួលសង្កត់ពីលើយ៉ាងរន្ធត់ជាទីបំផុត ដែលក្រុមក្រុមគ្រួសារ និងអ្នកជិតខាងឃើញហើយ នឹកស្មានមិនដល់សោះ ដែលករណីនេះ កើតឡើងកាលពីល្ងាចថ្ងៃទី០១ កក្កដា ២០១៦ ស្ថិតនៅផ្ទះរបស់ក្មេងប្រុសរងគ្រោះ ក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពឱ្យដឹងថា កុមាររងគ្រោះឈ្មោះសុង លាងឃុន អាយុ៨ឆ្នាំ ភេទប្រុស មានឪពុកឈ្មោះប៉ោង ទ្រី និងម្តាយឈ្មោះគឹម អេង ជាអ្នកលក់គ្រឿងសំណង់។
ប្រភពបន្តថា មុនកើតហេតុ គេឃើញកុមាររងគ្រោះបានរត់លេងក្នុងផ្ទះ និងយកអង្រឹងទៅចងភ្ជាប់ថូផ្កាយក្សធំៗមួយគូ ដែលឪពុកម្តាយបានដាក់តាំងក្នុងផ្ទះ ។ ពេលយោលលេងទៅមក ស្រាប់តែថូផ្កានោះបានដួលទាំងពីរសង្កត់លើក្មេងរងគ្រោះស្លាប់ភ្លាម រកតែជួយសង្គ្រោះមិនទាន់ផង ។
អ្នកឃើញហេតុការណ៍និយាយថា នេះជាការធ្វេសប្រហែសមួយ របស់ឪពុកម្តាយ បានទិញគ្រឿងសង្ហារឹមដាក់តាំងលំអផ្ទះ តែខ្វះការប្រុងប្រយ័ត្ន បានជាកើតមានរឿងបែបនេះ ។ ដ្បិតគ្រឿងសង្ហារឹមដែលធ្វើពីឈើប្រណីតទាំងនោះ ភាគច្រើនមានទម្ងន់ធ្ងន់ៗណាស់ ប្រហែសតែបន្តិច នឹងមានរឿងនឹកស្មានមិនដល់ជាច្រើនកើតឡើងហើយ ។



ចែករំលែកព័តមាននេះ