កិច្ចការជំនួញ » ការងារ

សាខា​ពន្ធដារ​ខេត្ត​ផ្សព្វផ្សាយ​សេចក្តីណែនាំ ការ​អនុវត្តន៍​ប្រមូល​ពន្ធ​ប្រថាប់ត្រា

ដោយ ៖ វ៉ាន់ ប៊ុនធឿន   

ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៩:០៧   (01-07-2016 19:07)

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង សាខា​ពន្ធដារ និង​រដ្ឋាករ​ខេត្ត បាន​ធ្វើ​សិក្ខាសាលា​ស្តី​ពី​"​ការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ការ​អនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​" ដល់​លោក​អភិបាលក្រុង​ស្រុក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មន្ទីរ​ពាក់​ព​ន្ធ័​សរុប​១៤០​នាក់​។ ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​លោក​ឧកញ៉ា ម៉ែ​ន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត​។

លោក ម៉ែ​ន វិបុល អភិបាលខេត្ត​មាន​ប្រសាសន៍ ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ឲ្យ​មានការ​យល់​ដឹង​អំពី​បែបបទ​និង​នីតិវិធី​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ការ​ផ្ទេរកម្មសិទ្ធិ​មធ្យោបាយ​ដឹក​ជញ្ជូន​ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្តី​ពី​ពន្ធ​ប្រថាប់ត្រា​។ លោក ម៉ែ​ន វិបុល បាន​ថ្លែង​បញ្ជាក់​ទៀត​ថា
ប្រភេទ​ទ្រព្យ​ដែល​ពាក់​ព​ន្ធ័​លើ​វិ​ស​យ័​អចលនទ្រព្យ ជា​ពិសេស​ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​លើ​អចលនទ្រព្យ បាន​ដើរតួ​យ៉ាង​សំខាន់ ជា​ប្រភព​ចំណូល​ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​អនុវត្ត​មូលដ្ឋាន​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៥​ពន្ធ​ប្រថាប់ត្រា​ទទួល​បាន​ចំណូល​២ ៥៨៨ លាន​រៀល ក្នុង​នោះ​ពន្ធ​ភាគច្រើន​ប្រមូល​បាន​តែ​លើ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​សុរិយោដី​រួច​(​មា​នប​ណ្ណ័​កម្មសិទ្ធិ​)​ប៉ុណ្ណោះ​។

រីឯ​អចលនទ្រព្យ​ពុះ​បាន​ចុះបញ្ជី​សុរិយោដី​(​ដី​គ្មាន​ប​ណ្ណ័​កម្មសិទ្ធិ មាន​ពាក្យ​កាន់កាប់​ដីធ្លី ឬ​ប្លង់​ទន់​) នៅ​មិន​ទាន់​បាន​អនុវត្ត ឬ​បាន​អនុវត្ត​បាន​តិចតួច​គឺ​មិន​បាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ និង​អស់​សក្តានុពល​នៅឡើយ ចំពោះ​ការ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​ស៊ិ​ទ្ធិ​កាន់កាប់​រវាង​អចលនទ្រព្យ​បាន​ចុះបញ្ជី និង​អចលនទ្រព្យ​ដែល​ពុំ​ទាន់​បាន​ចុះបញ្ជី​។ លោក ម៉ែ​ន វិបុល ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​មន្ទីរ វិស័យ​ពាក់​ព​ន្ធ័ ជា​ពិសេស​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់​ដែល​ជា​អាជ្ញាធរ​សាធារណៈ​មាន​សមត្ថកិច្ច​ទទួលខុសត្រូវ​លើ​ការ​ប្រមូល​ពន្ធ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​តម្លាភាព និង​គណនេយ្យ​ភាព​។

លោក អោម ច​ន ប្រធាន​នាយកដ្ឋាន​ច្បាប់​វិវាទ និង​ស្ថិតិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​បទ​បង្ហាញ អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដែល​ពាក់​ព​ន្ឋ័​នឹង​ការ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ការ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​មធ្យោបាយ​ដឹក​ជញ្ជូន​។ លោក​មាន​ប្រសាសន៍​ទៀត​ថា នេះ​ជា​ការ​រំលែក​នៃ​ការ​ប្រមូល​ពន្ធ​ទៅ​ឲ្យ​ឃុំ​សង្កាត់​ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ការ​ប្រមូល​ពន្ធ​(​ដីស្រែ​របស់​ឈ្មួញ​អ្នកមាន​ដី​ធំ​ៗ​រាប់រយ​រាប់​ពាន់​ហិ​កតា​)​លើ​ដី​ទំនេរ មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា គឺ​មានការ​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​រក​ម្ចាស់​ដី​ឲ្យ​មក​បង់ពន្ធ គឺ​ពួក​គេ​ទិញ​លក់​លក់​ទិញ​ត​គ្នា យក​ប្រាក់​ចំណេញ សូម​បី​តែ​មេឃុំ​/​ចៅសង្កាត់ ក៏​មិនដឹង​ថា​ម្ចាស់​ដី​នៅឯណា​ដែរ ពិបាក​ក្នុង​ការ​ប្រមូល​ពន្ធ​ណាស់​ធ្វើ​ឲ្យ​បាត់​ចំណូល​របស់​រដ្ឋ​។ លោក អោម ច​ន ក៏​បាន​សង្កត់ធ្ងន់​ថា នីតិវិធី​គតិយុត្តិ នៃ​កា​ប្រមូល​ពន្ធ​ប្រថាប់ត្រា លើ​អចលនទ្រព្យ​គឺ​គោលដៅ​គ្រប់គ្រង​លើ​វិស័យ​អចលនទ្រព្យ​ទូ​ទាំង​ប្រទេស​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​តម្លាភាព និង​គណនេយ្យ​ភាព​។

ដូច្នេះ​ការ​លក់ ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ គឺ​ធ្វើ​ឡើង​តាម​រយៈ​លោក​មេឃុំ​/​ចៅសង្កាត់ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​សុរិយោដី​(​មន្ត្រី​ភូមិបាល​ក្រុង​ស្រុក​)​ចុះ​វាស់វែង​កំណត់​ទីតាំង​ព្រំប្រទល់​ដី រួច​បញ្ជូន​ទៅ​សាខា​ពន្ធដារ​ខេត្ត​ជម្រុញ​ឲ្យ​ម្ចាស់​អ្នក​ទទួល​សិទ្ធិ​កាន់កាប់​ដី​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នៅ​សាខា​ពន្ធដា​ខេត្ត​រួច​បញ្ជូន​ឲ្យ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ចុះបញ្ជី​។

លោក គឹ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​រៀបចំ​ដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មានការ​កកស្ទះ​ការ​ចេញ​ប​ណ្ណ័​ជាង​០៣​ពាន់​ក្បាលដី នៅ​ខេត្តស្វាយរៀង​ដោយ​ម្ចាស់​អចលនទ្រព្យ​មិន​ទាន់​បាន​បង់ពន្ធ​ប្រថាប់ត្រា ធ្វើ​ឲ្យ​ដំណើរការ​ចេញ​ប​ណ្ណ័​មានការ​យឺតយ៉ាវ​កកស្ទះ ខ្លះ​បង់ពន្ធ​ហើយ​មាន​អ្នក​មក​ប្តឹង​ជំទាស់​។ លោក អោម ច​ន បាន​បញ្ជាក់​ថា សូម​ឲ្យ​លោក​មេឃុំ​ចៅសង្កាត់​ពិនិត្យ​ស្រាវជ្រាវ​រក​ម្ចាស់​ដី ជម្រុញ​ឲ្យ​មក​បង់ពន្ធ​ប្រថាប់ត្រា បើ​រក​ឃើញ​ថា​មិន​ទាន់​បាន​បង់ពន្ធ​ប្រថាប់ត្រា ទៅ​បង់ពន្ធ​ឲ្យ​ដី​ស្របច្បាប់ ។

ការ​បង់ពន្ធ​គឺជា​កាតព្វកិច្ច​របស់​អ្នកទិញ​(​អ្នក​ទទួល​សិទ្ធិ​កាន់កាប់​លើ​អចលនទ្រព្យ​)​។ ការ​ប្រមូល​ពន្ធ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​តម្លាភាព និង​គណនេយ្យ​ភាព​គឺ ១.​ត្រូវ​ខិតខំ​សហ​ការណ៍​ប្រមូល​ពន្ធ​ផ្សេង​ៗ​ឲ្យ​អស់​លទ្ធភាព​ជា​ពិសេស​ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់​និង​ពន្ធ​លើ​អចលនទ្រព្យ​នឹង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​កំណត់​។ អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់​ត្រូវ​បញ្ឈប់​ការ​ផ្ទេរកម្មសិទ្ធិ ឬ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា ឬ​បង់ពន្ធ​ប្រថាប់ត្រា​ក្រៅ​ប្រ​ព​ន្ធ័​ហើយ​ត្រូវ​ជម្រុញ និង​បញ្ជូន​រាល់​ករណី​ការ​ស្នើ​សុំ​ផ្ទេរកម្មសិទ្ធិ​ឲ្យ​មក​បង់ពន្ធ​ប្រថាប់ត្រា​នៅ​រដ្ឋបាល​សារពើពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​សារពើពន្ធ ធ្វើ​ឲ្យ​បាន​លឿន និង​មាន​តម្លាភាព​៕