ចិត្តជាធម្មជាតិគ្មានរូបសន្សំនូវអារម្មណ៍ មិនងាយនឹងអប់រំទេដូច្នេះពេលទំនេរគួររកកន្លែងស្ងប់ស្ងាត់ដើម្បីចម្រើនសមាធិអប់រំចិត្តខ្លះៗដើម្បីធ្វើឲ្យសភាពចិត្តស្ងប់មានកម្លាំងតាំងមាំងាយនឹងយកទៅចម្រើនវិបស្សនាបន្ត ។

ជាការពិតហើយធម្មជាតិនៃចិត្តនេះតែងតែរវើរវាយនៅមិនស្ងៀមម្តងរត់ទៅគិតនេះ ម្តងរត់ទៅគិតនោះ ដឹងនេះ ដឹងនោះមិនចេះចប់មិនចេះហើយ បើយើងជាអ្នកមានសេចក្តីព្យាយាមឧស្សាហ៍ចម្រើនសមាធិរឿយៗ ច្រើនឡើងៗ សភាពរបស់ចិត្តនឹងតាំងមាំនៅបានយូរក្នុងការពិចារណានូវសភាវលក្ខណៈរបស់សង្ខារធម៌ដែលយើងបានកំណត់យកមកធ្វើជាអារម្មណ៍កម្មដ្ឋានវិបស្សនា វាជាហេតុធ្វើឲ្យយើងពិចារណាសភាវលក្ខណៈសង្ខារធម៌បានយូរអាចធ្វើឲ្យងាយនឹងឃើញនូវដំណើរប្រព្រឹត្តទៅរបស់នាម និងរូបបានប្រាកដច្បាស់ប្រសើរជាងចិត្តដែលរវើរវាយមិនមានសមាធិ ។

ម្យ៉ាងទៀតសមាធិអប់រំចិត្តរមែងតែងជួយដល់សុខភាពផ្លូវកាយព្រមទាំងសុខភាពផ្លូវចិត្តឲ្យមានកម្លាំងមានសភាពស្រស់បស់ រួសរាយថែមទៀតផង ដូច្នេះហើយគួរយកពេលទំនេរៗមកចម្រើនសមាធិអប់រំចិត្តឲ្យបានច្រើនៗប្រចាំថ្ងៃជាជាងយកពេលទំនេរៗទៅធ្វើរឿងដែលឥតប្រយោជន៍ ខាតពេលឥតប្រយោជន៍ អាចនឹងធ្វើឲ្យអកុសលកម្មចម្រើនឡើងទៀតផង ។

ពេលវេលាក្នុងជីវិតរបស់យើងម្នាក់ៗមិនមានច្រើនប៉ុន្មានឡើយ ហើយយើងត្រូវចំណាយពេលគិតទៅលើការរកទទួលទានចិញ្ចឹមជីវិតស្ទើរនឹងអស់ពេញទាំងមួយជីវិតទៅហើយ នៅសល់ពេលទំនេរបន្តិចបន្តួចគួរយកមកធ្វើអ្វីដែលជាប្រយោជន៍អាចជាទីពឹងសម្រាប់ខ្លួនឯងបាន នោះទើបជាការប្រសើរ ៕ សាន សារិន
ចែករំលែកព័តមាននេះ