ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​អនុ​សុរិយោដី​ម្នាក់​លេប​ប្រាក់​៥​ពាន់​ដុល្លារ​មិន​ព្រម​ខ្ជាក់​វិញ​ទេ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ដោយ​អស់ជំនឿ​លើ​មន្ត្រី​សុរិយោដី​ខេត្តកំពង់ស្ពឺ​មួយ​រូប ម្ចាស់​លុយ​ក្នុង​រឿង​រត់ការ​ប្លង់​ដី​មិន​បាន​សម្រេច ក៏​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​សុំ​អន្តរាគមន៍​ទៅ​លោក​ប្រធាន​មន្ទីរ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ករណី​

ខេត្តកំពង់ស្ពឺ ៖ ដោយ​អស់ជំនឿ​លើ​មន្ត្រី​សុរិយោដី​ខេត្តកំពង់ស្ពឺ​មួយ​រូប ម្ចាស់​លុយ​ក្នុង​រឿង​រត់ការ​ប្លង់​ដី​មិន​បាន​សម្រេច ក៏​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​សុំ​អន្តរាគមន៍​ទៅ​លោក​ប្រធាន​មន្ទីរ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ករណី​កូនចៅ​ក្រោម​ឱវាទ​មិន​ព្រម​ប្រគល់​លុយ​អោយ​វិញ ក្រោយ​ពី​រត់ការ​មិន​បាន​សម្រេច ហើយ​ចង់ស៊ី​ដាច់​លុយ​របស់​គេ​។

លោក តេ​ង សំ​អុល អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​ជា​ម្ចាស់​បណ្តឹងសុំ​អន្តរាគមន៍​បាន​ប្រាប់​ថា រូប​លោក​បាន​ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ ដើម្បី​សុំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​មាន​ចំណាត់ការ និង​ជួយ​ដោះស្រាយ​ទៅ​លើ​បុគ្គល​មួយ​រូប​មានឈ្មោះ ងួ​ន ភារ​ម្យ ភេទ​ស្រី មាន​តួនាទី​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​សំណង់ និង​ភូមិបាល​ស្រុក​ភ្នំស្រួច ដែល​បាន​យក​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ពី​លោក តែ​រត់ការ​ប្លង់​មិន​បាន​សម្រេច​។

លោក តេ​ង សំ​អុល បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២១ រូប​លោក​បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ ងួ​ន ភារ​ម្យ ឱ្យ​ជួយ​រត់ការ​ប្លង់​ដី​មួយ​កន្លែង​នៅ​ភូមិ​បែក​ឃ្លោក ឃុំ​ក្សេមក្សាន្ត ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ នា​ពេល​នោះ​ឈ្មោះ ងួ​ន ភារ​ម្យ បាន​ទារ​ថ្លៃ​រត់ការ​ចំនួន ៥០០០​ដុល្លារ ដោយ​តម្រូវ​ឲ្យ​ផ្ទេរ​លុយ​តាម​រយៈ​ប្រតិបត្តិការ​ធនាគារ ABA (​អេ​ប៊ី​អេ​) ទៅ​កាន់​គណនី​លេខ 000879686 ដែល​ម្ចាស់​គណនី​មានឈ្មោះ En Povthika ជា​កូន​របស់​គាត់ (​ងួ​ន ភារ​ម្យ​) ។

លោក តេ​ង សំ​អុល បន្ត​ថា ឈ្មោះ ងួ​ន ភារ​ម្យ បាន​សន្យា​ថា​រយៈពេល​១​ខែ គឺ​នឹង​រត់ការ​អោយ​បាន​សម្រេច តែបើ​មិន​បាន​សម្រេច​ទេ លោកស្រី ងួ​ន ភារ​ម្យ នឹង​ប្រគល់​លុយ​ត្រឡប់​មក​លោក​វិញ​អោយ​គ្រប់​ចំនួន​។ ពេលវេលា​ចេះ​តែ​កន្លង​ទៅ លោក​បាន​ទាក់ទង​ទៅ​ឈ្មោះ ងួ​ន ភារ​ម្យ តាម​រយៈ​ទូរស័ព្ទ​ជា​ច្រើន​ដង​ក៏​គាត់​មិន​លើក តែបើ​លើក​វិញ​សុំ​ពន្យារពេល​ថា ថ្ងៃនេះ ថ្ងៃ​នោះ ខែ​នេះ ខែ​នោះ ដែល​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ជា​ពិសេស​នៅ​អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ រូប​លោក​ក៏​បាន​ទាក់ទង​ទៅ​គាត់​ម្ដងទៀត គាត់​ក៏​សុំ​ពន្យារពេល​ដល់​ចុងខែ​ធ្នូ ដោយ​ប្រាប់​ថា ឯកសារ​ដល់​ដៃ​លោក​ប្រធាន​មន្ទីរ​ហើយ តែ​លោក​ប្រធាន​មិន​ទាន់​ចុះ​ហត្ត​លេខា​នៅឡើយ​។

លោក តេ​ង សំ​អុល បន្ត​ទៀត​ថា ក្រោយមក​ទៀត ដោយ​អស់ជំនឿ​នឹង​ការ​និយាយ​ភូត​កុហក​របស់​ឈ្មោះ ងួ​ន ភារ​ម្យ រូប​លោក​ក៏​បាន​សុំ​ឲ្យ​លោកស្រី ងួ​ន ភារ​ម្យ មន្ទីរ​បង្វិល​លុយ​មក​វិញ តែ​ឈ្មោះ ងួ​ន ភារ​ម្យ មាន​ចេតនា​គេចវេស​មិន​ចង់​បង្វិល​លុយ​ឲ្យ​រូប​លោក​នោះ​ទេ​។ និយាយ​រួម​ឈ្មោះ ងួ​ន ភារ​ម្យ​នេះ តែងតែ​និយាយ​ទម្លាក់​ទៅ​លើ​លោក​ប្រធាន​មន្ទីរ​គ្រប់ពេល ដែល​រូប​លោក​ទាក់ទង​សួរនាំ​ពី​រឿង​ប្លង់​ដី​នេះ លោក​យល់​ថា ទ​ង្វើ​នេះ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អង្គភាព​សាមី ក៏​ដូច​ជា​ប្រធាន​មន្ទីរ ដែល​ជា​អ្នកគ្រប់គ្រង​យ៉ាង​ខ្លាំង បើ​មិន​មាន​ចំណាត់ការ​រដ្ឋបាល​លើ​ឈ្មោះ​នោះ​ទេ ទៅ​ថ្ងៃ​មុខ​ម្ល៉េះ​សម​នឹង​មាន​ជន​រង​គ្រោះជា​ច្រើន​នាក់​ទៀត​ដែល​រង​នូវ​ការ​ភូតភរ​នេះ​ជាក់​ជាំ​ជា​មិន​ខាន​។

លោក តេ​ង សំ​អុល បញ្ជាក់​បន្ថែម​ថា ជាក់ស្ដែង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ ក្រោយ​ពី​លោក​ដាក់​ពាក្យសុំ​អន្តរាគមន៍ ឈ្មោះ ងួ​ន ភារ​ម្យ ដែល​ជា​មន្ត្រី​នៅ​មន្ទីរ​សុរិយោដី​ខេត្តកំពង់ស្ពឺ បាន​ធ្វើ​លិខិត​មួយ​ច្បាប់ ដោយ​សូម​សន្យា​ថា​នឹង​ប្រគល់​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​មក​រូប​លោក​វិញ នៅ​ថ្ងៃ​ទី​១៥ ខែមករា ដោយ​ផ្ទាល់​ដៃ​របស់​គាត់​តែ​ម្ដង តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែមករា​នេះ លោកស្រី ងួ​ន ភារ​ម្យ នៅ​មិន​ទាន់​បាន​ផ្ទេរ​ប្រាក់​សង​មក​លោក​វិញ​នៅឡើយ​ទេ​។ ក្នុង​នាម​លោក​ជា​ជន​រង​គ្រោះ​ស្នើ​សុំ​លោក​ប្រធាន​មន្ទីរ ជួយ​អន្តរាគមន៍​ប្រគល់​លុយ​ត្រឡប់​មក​ឲ្យ​លោក​វិញ​ដោយ​ក្តី​អនុគ្រោះ ជា​ពិសេស​ស្នើ​សុំ​លោក​ប្រធាន​មន្ទីរ ក៏​ដូច​ជា​លោក​អភិបាលស្រុក​ភ្នំស្រួច ចាត់វិធានការ​រដ្ឋបាល​ទៅ​លើ​ឈ្មោះ ងួ​ន ភារ​ម្យ តាម​ល​ខ​ន្តិ​កៈ​របស់​មន្ត្រីរាជការ ចៀសវាង​កុំឱ្យ​មានរឿង​អាស្រូវ​បែប​នេះ​តទៅ​ទៀត​។

លោក តេ​ង សំ​អុល បញ្ជាក់​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២​នេះ​ដែរ បើ​ឈ្មោះ ងួ​ន ភារ​ម្យ នៅ​តែ​មិន​ទាន់​បង្វិល​លុយ​មក​លោក​វិញ​នោះ​ទេ លោក​នឹង​រៀបចំ​ពាក្យបណ្ដឹង​មួយ​ច្បាប់​ទៀត​ដាក់​ចូល​ទៅ​តំណាង​អយ្យការ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​តែ​ម្ដង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ