ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះដីវត្តនៅប្រទេសជប៉ុន៖ ព្រះសង្ឃ ពឿយ មេត្តា ត្រូវបានចាប់ផ្សឹក វ៉ៃខ្នោះ បញ្ជូនឡើង​តុលាការ​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករានេះ បាន​បញ្ចប់ការស៊ើបសួរ លើអតីត​សង្ឃ ពឿយ មេត្តា ដែលពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោកជំទាវឧកញ៉ា សៀង…

រាជធានីភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករានេះ បាន​បញ្ចប់ការស៊ើបសួរ លើអតីត​សង្ឃ ពឿយ មេត្តា ដែលពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង។ ក្រោយការសាកសួរ តំណាងអយ្យការ បានប្រគល់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ចគ្រប់គ្រងវិញ លុះព្រឹកថ្ងៃទី​១៧ ខែមករា នឹងត្រូវបញ្ជូនទៅខាង​ចៅក្រម​​សាកសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនលើជនសង្ស័យ ដែលជាឆន្ទានុសិទ្ធិរបស់ចៅក្រម។

លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើអតីតសង្ឃមួយអង្គ ពាក់ព័ន្ធសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ប្រើប្រាស់ត្រាក្លែងក្លែង បន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង ញុះញង់ឲ្យមានការរើសអើង និងធ្វើ​បាតុកម្ម។ បទចោទ​ប្រកាន់លើអតីត​ព្រះសង្ឃនេះ ធ្វើឡើង តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង។

 អតីត​សង្ឃ ឈ្មោះ ពឿយ មេត្តា អាយុ ៤៧ឆ្នាំ នៅវត្ត ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

ជនជាប់សង្ស័យ ជា​អតីតសង្ឃ ពឿយ មេត្តា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានី​ភ្នំពេញ។ ចំណាត់​ការ​លើអតីតព្រះសង្ឃនេះ ធ្វើឡើង​តាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង។

ប្រភពព័ត៌មាន ឲ្យដឹងថា ការចាប់ខ្លួនអតីតសង្ឃនេះ  ធ្វើឡើងក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅ​មុខភូមិគ្រឹះលោកស្រីឧកញ៉ា  សៀង  ចាន់ហេង ពាក់ព័ន្ធដីវត្ត នៅប្រទេសជប៉ុន​។

ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បង្ហាញ​​ថា អតីតសង្ឃ ពឿយ មេត្តា ត្រូវចូលបង្ហា​ញខ្លួន នៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឲ្យ​បានមុនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ​។ ប៉ុន្តែគ្រាន់តែចេញដីកាបានមួយថ្ងៃ ​សមត្ថកិច្ចក៏បានចាប់ផឹក និងចាប់ខ្លួន​អតីតព្រះសង្ឃ​អង្គនេះតែម្តង​។

ដើមចមនៃការចាប់ខ្លួនអតីតសង្ឃនោះ បានបញ្ជាក់ថា សង្ឃដីកាសម្រេចមួយ ស្ដីពី ដំណោះស្រាយករណីអធិករណ៍ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅ វត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន បានចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានរហូតដល់ចំនួន ៩ប្រការ។

ក្នុងសង្ឃដីកាសម្រេចនោះ គឺបា​នថ្វាយ​ប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជា តទៅ​។

ជាមួយគ្នានោះ សង្ឃដីកាសម្រេច ក៏បានឲ្យព្រះទេវសត្ថា ពឿយ មេត្តា និងក្រុមការងាររបស់ព្រះអង្គ ត្រូវបញ្ចប់អធិករណ៍ ការតវ៉ា និងការទាមទារដីវត្តលោកយាយជំទាវហេង ព្រមទាំងឈប់​ទាមទារ​សំណងពីគ្រប់ភាគីទាំងអស់ ក្នុងអធិករណ៍នេះ ចាប់ពីថ្ងៃចេញសង្ឃដីកា​តទៅ។

សង្ឃដីកាសម្រេចនេះ ក៏បានព្រមានដែរថា «ក្នុងករណីមិនគោរពតាមសង្ឃដីកាសម្រេចនេះ សាមីខ្លួន ត្រូវទទួលខុសត្រូវ ចំពោះមុខវិន័យ និងច្បាប់ជាធរមាន»។

ក៏ប៉ុន្តែទោះបីជាមានសង្ឃដីកាសម្រេចដូច្នេះ តែអតីតសង្ឃ ពឿយ មេត្តា មិនបានគោរព ហើយថែមទាំង​រិះគន់​លើចំណាត់​ការរបស់ថ្នាក់ដឹកនាំសង្ឃ ដែល​បានសម្រេចដក​ហូតដីវត្ត នៅប្រទេសជប៉ុននោះ ពីក្រុម​ព្រះសង្ឃ ពឿយ មេត្តា ហើយយកទៅប្រគល់​ឲ្យ​ក្រុមព្រះសង្ឃផ្សេង ទៅគ្រប់គ្រងជំនួស​។ ដោយសារតែការមិនគោរពតាមសង្ឃដីកា និងការបន្តផ្សាយតវ៉ាតាមហ្វេសប៊ុកដូច្នេះហើយ ទើបអតីត​ព្រះសង្ឃអង្គនេះ ត្រូវបាន​ចាប់ផ្សឹក និងចាប់​ខ្លួន បញ្ជូនទៅតុលាការបែបនេះ​៕ ឃឹម ប៊ុនណាក់

Picture
Picture
Picture
Picture
Picture