ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សីហា នៅ​តែ​ចាំ​រឿង​ចោរប្លន់ ​និង​រឿង​ចោរ​កាច់សោ.ក​យក​ម៉ូតូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​រឿងរ៉ាវ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​កាច់សោ.ក​ម៉ូតូ​របស់​កីឡាករ​ល្បីឈ្មោះ​ពេជ្រ សីហា បាន​កើត​មាន​ជា​យូរ​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ចង​ចាំ​នោះ ​គឺ​រូបភាព​ទាំងនោះ​ស្ថិត​នៅ​ក្នុង​កែវភ្នែក​

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​រឿងរ៉ាវ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​កាច់សោ.ក​ម៉ូតូ​របស់​កីឡាករ​ល្បីឈ្មោះ​ពេជ្រ សីហា បាន​កើត​មាន​ជា​យូរ​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ចង​ចាំ​នោះ ​គឺ​រូបភាព​ទាំងនោះ​ស្ថិត​នៅ​ក្នុង​កែវភ្នែក​របស់​លោក​នៅឡើយ ។ លោក​ថា ជា​រឿង​មិន​អាច​បំភ្លេច​បាន​ទេ ដោយសារ​តែ​ម៉ូតូ​មួយ​គ្រឿង​ៗ​ទទួល​បាន​ពី​ការ​តស៊ូ និង​ពិបាក​ស្ទើរ​ស្លាប់​ស្ទើរ​រស់នៅ​លើ​សង្វៀន ប៉ុន្តែ​នៅ​ពេល​បាត់បង់​វិញ​ គឺ​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ  ។

ពេជ្រ សីហា បាន​អះអាង​ថា កាលពី​ឆ្នាំ​២០០៩ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ផ្ទះសំណាក់​មួយ​កន្លែង​របស់​មិត្តភក្ដិ​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ក៏​ត្រូវ​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​ដែល​ពួន​នៅ​កន្លែង​ស្ងាត់​នោះ​ចេញ​មក​ភ្ជង់​ប្លន់​យក​ម៉ូតូ​តែ​ម្ដង​។ ​ក្នុង​ពេល​នោះ​លោក​មិន​បាន​តដៃ​ទេ ដោយសារ​តែ​យល់​ឃើញ​ថា ​លុយកាក់​រកបាន ​ប៉ុន្តែ​បើ​ប្រថុយ​តស៊ូ ​គឺ​នឹង​អាច​បាត់​បង់ជីវិត ។ យ៉ាងណា​ក៏​ដោយ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ក្រោយ​ពេល​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហើយ លោក​ចោរ​ក៏​បាន​ហុច​លុយ​ឱ្យ​លោក​ចំនួន​៥​ម៉ឺន​រៀល ដោយ​និយាយ​ថា យក​ទៅ​គ្រាន់​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​វិញ ។ លោក​នៅ​តែ​ចង​ចាំ​ថា ​រូបភាព​ថ្ងៃ​នោះ មិន​ខុស​ពី​ការ​យល់សប្ដិ​នោះ​ទេ ដោយសារ​តែ​ការ​ប្លន់​នោះ​កើតឡើង​ដោយ​ស្ងប់ស្ងាត់ និង​សន្តិវិធី ។ លោក​ថា ម៉ូតូ​ដែល​ចោរប្លន់​ទៅ​នោះ ម៉ាក Click ស៊េរី​ឆ្នាំ​២០០៩ មាន​តម្លៃ​ជិត​២​ពាន់​ដុល្លារ ដែល​លុយ​ទិញ​ម៉ូតូ​នោះ​លោក​បាន​ពី​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មុន​នោះ​ទាំងស្រុង ។ លោក​ថា លោក​ក្លាយជា​កីឡាករ​ធ្លាក់ខ្លួន​អត់​មាន​អ្វី​ជិះ​អស់​មួយ​រយៈ​ធំ បន្ទាប់​ពី​ម៉ូតូ​ដែល​ទិញ​ជិះ​បាន​តែ​មួយ​ខែ​ត្រូវ​ចោរ​ភ្ជង់​យក ។

រំលឹក​ដល់​ហេតុការណ៍​នោះ ពេជ្រ សីហា បាន​បន្ទោស​ខ្លួនឯង​ដែល​ដើរ​លេង​យប់​ និង​បាន​ចាត់ទុកជា​បទ​ពិសោធន៍​អាក្រក់​មួយ​សម្រាប់​ខ្លួនឯង​ផង​ដែរ ។ ពេជ្រ សីហា និយាយ​​ថា​៖ «​ឥឡូវនេះ​ឱ្យ​តែ​ខ្ញុំ​ចង់ទៅ​ណា​មក​ណា​រាង​យប់​បន្តិច ខ្ញុំ​នឹកឃើញ​ដល់​រូបភាព​នោះ​ភ្លាម ព្រោះ​បើ​ម៉ូតូ​ហ្នឹង​ខ្ញុំ​បាន​លុយ​ទិញ​ដោយ​ស្រួល​ខ្ញុំ​អត់​សូវ​ស្ដាយ​ទេ ប៉ុន្តែ​នេះ​ទម្រាំ​បាន​វា​ខ្ញុំ​តស៊ូ​ចង់​ងាប់ ប៉ុន្តែ​ចុង​ក្រោយ​ទិញ​ជិះ​មិន​ទាន់​បាន​មួយ​ខែ​ស្រួលបួល​ផង ក៏​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​ធ្វើ​ឱ្យ​ខ្ញុំ​ដាច់​ជើង​ទៅ​ហាត់​រាល់ថ្ងៃ​ក៏​អត់​បាន ចង់ទៅ​ទាក់ទង​ការងារ​ឯណា​ក៏​ពិបាក​» ។ យ៉ាងណា​ក៏​ដោយ ការ​បង្ហាញមុខ​លើ​រេញ​ប្រដាល់​នា​ពេល​បន្តបន្ទាប់​បាន​ជួយ​ឱ្យ​លោក​មាន​លទ្ធភាព​ទិញ​បាន​ម៉ូតូ​ជិះ​ជា​ថ្មី​ម្ដងទៀត បើ​ទោះជា​ម៉ូតូ​ដែល​បាន​ទិញ​ជិះ​បន្ទាប់​មិនសូវ​ទាន់សម័យ និង​ឡើង​កាលី​ប​ដូច​ម៉ូតូ​ដែល​ចោរ​ភ្ជង់​យក ។ ប៉ុន្តែ​ជា​អកុសល​ម៉ូតូ​នោះ​ក៏​ត្រូវ​ចោរ​កាច់ក​យក​ក្នុង​ពេល​ដែល​លោក​ចូល​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១២ ​នោះ​ទៅ​ទៀត ។ លោក​ថា ដោយសារ​យល់​ថា អា​សង់​ពណ៌​ព្រីង​ទុំ​របស់​ខ្លួន​ជា​ប្រភេទ​ម៉ូតូ​ស៊េរី​៩៧​ មិនសូវ​ពេញ​និយម​នៅ​ក្នុង​ជំនាន់​នោះ ទើប​ចេះ​តែ​ប្រហែស និង​មិន​ដែល​កើត​មាន​បញ្ហា​នៅ​ពេល​ដាក់​ចោល​នោះ​ទេ ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រហែស​មួយ​លើក​ចុង​ក្រោយ​ដោយ​ការ​ទុក​ចោល​ដូច​គេ​ដូច​ឯង ក្នុង​ពេល​ចូល​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ដល់​ពេល​ចេញ​មក​វិញ​គឺ​បាត់​តែ​ម្ដង ។

លោក​ថា បើ​ធៀប​នឹង​រឿង​ស៊យ​លើក​ទី​១ និង​លើក​ទី​២ លោក​ថា ការ​បាត់​ម៉ូតូ​កាលពី​ឆ្នាំ​២០១២​ បាន​ធ្វើ​ឱ្យ​លោក​ស្រក់​ទឹកភ្នែក​ខុស​ប្លែក​ពី​លើក​មុន បើ​ទោះជា​ម៉ូតូ​ដែល​បាត់​ក្រោយ មាន​តម្លៃ​មិន​ដល់​ម៉ូតូ​ដែល​ចោរ​ភ្ជង់​យក​កាលពី​ឆ្នាំ​២០០៩ ។ នោះ​គឺ​ដោយសារ​តែ​ម៉ូតូ​ដែល​បាន​បាត់​ត្រូវ​ចំ​ពេល​ដែល​លោក​ត្រូវការ​មធ្យោបាយ​ធ្វើ​ដំណើរ​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ហ្វឹកហាត់ និង​ការងារ​ផ្សេង​ៗ ។ លោក​ត្រូវ​បន្តជីវិត​សុំ​ម៉ូតូ​គេ​ជិះ ដើរទៅ​ហ្វឹកហាត់ បំពេញ​កិច្ចការ​ផ្សេង​ៗ និង​ជិះ​ម៉ូតូឌុប​អស់​រយៈពេល​ច្រើន​ឆ្នាំ ដោយសារ​តែ​ការ​ឡើង​ប្រកួត​លើក​ក្រោយ ​គឺ​បាន​តែ​មួយ​រស់​ៗ មិន​អាច​ទិញ​ម៉ូតូ​ថ្មី​ជិះ​តាម​ការ​ចង់បាន ។ លោក​ថា ខ្លួន​ទើបតែ​មានសំណាង​ទទួល​បាន​ប្រាក់​ប្រកួត​កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ប៉ុណ្ណោះ ទើប​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ថ្មី​ម៉ាក Zoomer ទុក​គ្រាន់​ជិះ​វិញ ។ លោក​ថា ម៉ូតូ​ដែល​មាន​តម្លៃ​ជិត​២​ពាន់​ដុល្លារ​នេះ គឺជា​លុយ​ដែល​បាន​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​លើក​ចុង​ក្រោយ បើ​ទោះជា​ចាញ់​គូប្រកួត​ក៏​ដោយ ។ បើ​កុំ​តែ​ដូច្នោះ​លោក​ថា ​ប្រហែលជា​ត្រូវ​បន្តជីវិត​អត់​អី​ជិះ​មិនដឹង​ដល់​ពេល​ណា​នោះ​ទេ ដោយសារ​តែ​ឡើង​ប្រកួត​ញឹក​មែន ប៉ុន្តែ​ប្រាក់​ដែល​ទទួល​បាន​នោះ​ក៏​ត្រូវ​ចាត់ចែង​ច្រើន​មុខ​សម្រាប់​ជីវិត និង​គ្រួសារ​រាប់​មិន​អស់ ។ អ៊ីចឹង​ហើយ​ទើប​ពេជ្រ សីហា ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តតាកែវ​រូប​នេះ នៅ​តែ​អះអាង​ថា ខ្លួន​ចាំ​មិន​ភ្លេច​ចំពោះ​ទិដ្ឋភាព​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​ទិដ្ឋភាព​ធ្លាក់ខ្លួន​ក្រោយ​ពេល​ម៉ូតូ​មួយ​គ្រឿង​ទៀត​ត្រូវ​ចោរ​កាច់ក​យក​ក្នុង​ឆ្នាំ​២០១២​ មិន​ដែល​ភ្លេច​ឡើយ ។