ស្ថាប័នបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា វ៉ាក់សាំងការពារកូវីដនាពេលបច្ចុប្បន្ន អាចនឹងត្រូវកែទម្រង់ឡើងវិញ ដើម្បីធានាថាពួកគេមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដបម្លែងថ្មីអូមីក្រុង និង កូវីដបម្លែងថ្មីផ្សេងៗទៀតនៅពេលអនាគត។
ក្រុមបច្ចេកទេសដែលបង្កើតឡើងដោយអ្នកជំនាញឯករាជ្យបាននិយាយថា ខ្លួននឹងពិចារណាលើការផ្លាស់ប្តូរសមាសភាព នៃការចាក់ថ្នាំបង្ការ ហើយបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង ត្រូវមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការការពារប្រឆាំងនឹងការឆ្លងមេរោគ។

WHO ក៏បានលើកឡើងផងដែរថា៖ “វ៉ាក់សាំងកូវីដត្រូវតែអាចបង្កើតភាពស៊ាំ ដែលមានលក្ខណៈទូលំទូលាយ រឹងមាំ និងយូរអង្វែង ដើម្បីកាត់បន្ថយតម្រូវការសម្រាប់ការចាក់ដូសជម្រុញញឹកញាប់។ យុទ្ធសាស្ត្រចាក់ថ្នាំបង្ការដូសជម្រុញជាប្រចាំ មិនមែនជាយុទ្ធសាស្រ្តមាននិរន្តរភាពទេ។”
អ្នកផលិតវ៉ាក់សាំងមួយចំនួនកំពុងបង្កើតវ៉ាក់សាំងជំនាន់ក្រោយរួចហើយ ដែលផ្តោតលើកូវីដអូមីក្រុង ដែលជាកូវីដឆ្លងខ្លាំង ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និងហុងកុង។
នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំលំដាប់យក្សរបស់អាមេរិក Pfizer លោក Albert Bourla កាលពីថ្ងៃចន្ទបាននិយាយថា វ៉ាក់សាំងដែលប្រើប្រាស់សម្រាប់ការពារកូវីដអូមីក្រុង នឹងរួចរាល់ក្នុងខែមីនា ហើយក្រុមហ៊ុនពេលនេះបានចាប់ផ្តើមផលិតវាចេញមកហើយ។
លោក Bourla បាននិយាយថា វ៉ាក់សាំងនេះក៏នឹងកំណត់គោលដៅលើកូវីដបម្លែងថ្មីផ្សេងទៀត ដែលកំពុងមានវត្តមានលើពិភពលោកផងដែរ។ លោកបាននិយាយបន្តថា វានៅតែមិនទាន់ច្បាស់ថា តើវ៉ាក់សាំងកូវីដអូមីក្រុងនេះពិតជាត្រូវការចាំបាច់ឬក៏អត់ ឬក៏ប្រើវាតាមរបៀបណាឱ្យជាក់លាក់នោះទេ តែ Pfizer នឹងផលិតឱ្យហើយសម្រាប់ប្រទេសដែលចង់បានវាយកទៅចាក់ឱ្យប្រជាជនខ្លួន៕
ចែករំលែកព័តមាននេះ