ក្រុងបាងកក ៖ ថ្មីៗនេះ វីដេអូឃ្លីប ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកក្នុងប្រទេសថៃ មានការរិះគន់យ៉ាងខ្លាំង លើសកម្មភាព នារីថៃម្នាក់ ស្រវឹងស្រាបានបើករថយន្តបញ្ច្រាសទិសដៅ ហើយដោះស្បែកជើងទះកំផ្លៀងប៉ូលិសចរាចរណ៍នោះ នៅពេលនេះ រូបនាងបានដឹងនូវកំហុស សុំការអភ័យទោសពីមន្ត្រីប៉ូលិសចរាចរណ៍ផងដែរ ហើយពាក្យដែលសួរថា “ដឹងទេថាខ្ញុំជាកូនអ្នកណា ?” នាងអះអាងថា ជាសម្ដីគ្មានន័យរបស់អ្នកស្រវឹងទេ ។
ហេតុការណ៍នេះកើតឡើងមុនឆ្លងឆ្នាំសកល កាលពីវេលាម៉ោងប្រហែល៩ និង៤០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីនគរបាលប៉ុស្តិ៍ Khu Khot ទទួលបានសេចក្តីរាយការណ៍ថា មានរថយន្តមួយគ្រឿង បើកបញ្ច្រាស់ទិសដៅ នៅលើផ្លូវឡាំលូកា ជាប់ពហុកីឡដ្ឋាន Thupatemi ។ ហើយអ្នកបើកបរមានអាការស្រដៀងនឹងអ្នកស្រវឹង ។ ភ្លាមៗមន្ត្រីនគរបាលចរាចរណ៍ បានចុះទៅពិនិត្យកន្លែងកើតហេតុ ។ លុះពេលមកដល់ ក៏ប្រទះឃើញរថយន្តម៉ាកមែរសឺដេស-បេនស៍ ពណ៌ស ពាក់ស្លាកលេខក្រហម ចតក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ទុលមុខនឹងរថយន្តភីកអាប់ មួយគ្រឿងទៀត ។ អ្នកបើកបររថយន្តមែរសឺដេស ជានារីថៃម្នាក់ ដែលគេទើបតែស្គាល់ឈ្មោះ អូរ៉ាវ៉ាន់ យុត្ថាចំរើន Orawan Juthachamroen អាយុ៣៥ឆ្នាំ បានចុះពីរថយន្ត មកស្តីបន្ទោសអ្នកបើករថយន្តភីកអាប់ មុននឹងនាងប្រើដៃ វាយកម្ទេចរថយន្តភីកអាប់នោះ ។
បន្ទាប់មក ប៉ូលីសចរាចរណ៍ ឃើញគាត់ស្រវឹង ដូច្នេះហើយបានប្រាប់ស្ត្រីរូបនោះថា អ្នកបើកបរក្នុងស្ថានភាពស្រវឹង និង បញ្ច្រាស់ទិស ត្រូវតែនាំខ្លួនទៅធ្វើតេស្ដជាតិអាល់កុល ។ ប៉ុន្តែកញ្ញា អូរ៉ាវ៉ាន់ ព្យាយាមបើករថយន្តគេចខ្លួន តែមិនអាចបើករថយន្តបាន ។ បន្ទាប់មក មានមន្ត្រីល្បាតរបស់ប៉ុស្តិ៍នគរបាល Khu Khot និងនគរបាលចរាចរណ៍ បានជិះម៉ូតូមកជួយឃាត់ទាន់ពេល ។ ប៉ុន្តែកញ្ញា អូរ៉ាវ៉ាន់ មានការខឹងសម្បា ប្រើស្បែកជើងវាយចំមុខប៉ូលិស រងរបួសស្រាល ។ និងស្រែកសួរប៉ូលិសថា “ដឹងទេថាខ្ញុំជាកូនអ្នកណា ?” ។
ក្រោយមក ប៉ូលិសបានឃាត់ខ្លួន បញ្ជូនទៅអោយមន្ត្រីស៊ើបអង្កេត ។ ជាលទ្ធផល វ៉ាស់ឃើញបរិមាណជាតិអាល់កុល គឺ១៧៦ មីលីក្រាម ក្នុង១លីត្រខ្យល់ ។ កញ្ញា អូរ៉ាវ៉ាន់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ចំនួន ០៤ករណី រួមមាន ៖
- បើកបរក្នុងស្ថានភាពស្រវឹង
- បើកបរដោយមិនគិតពីសុវត្ថិភាព
- បង្ករបួសស្នាមដល់មន្ត្រីពេលបំពេញកាតព្វកិច្ច
- បង្កឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ។ តាមសំណុំរឿងព្រហ្មទណ្ឌលេខ១/២៥៦៥ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ក្រុមព័ត៌មានថៃ AmarinTV បានចុះទៅដល់កន្លែងកើតហេតុ ក្នុងខេត្ត Pathum Thani រកឃើញថា ឧបទ្ទវហេតុនេះ កើតឡើងលើផ្លូវឆ្ពោះទៅស្រុកឡាំលូកា ទល់មុខសាលាក្រុង Khu Khot ជាប់កីឡដ្ឋាន Thupatemi នៅលើផ្លូវត្រង់ចំណុចកើតហេតុ ជាផ្លូវដែលមានរបាំងពុះចែកទ្រូងផ្លូវ នៅចំកណ្តាល ហើយផ្លូវម្ខាងៗ ចែកចែញជា ៣ជួរ ។

ក្រុមព័ត៌មាន បាននិយាយជាមួយលោក Anucha Chansri អាយុ ៤៨ឆ្នាំ ជាម្ចាស់រថយន្តភីកអាប់ លោកបានប្រាប់ថា នៅថ្ងៃកើតហេតុ លោកកំពុងបើករថយន្ត ទៅផ្ទះនៅភូមិខ្លុងសុង បានប្រទះឃើញ រថយន្តបញ្ច្រាស់ទិស ក្នុងល្បឿនលឿនពីមុខគាត់ ឃើញដូច្នេះលោកបានរារាំងរថយន្តនោះ ។
លោក Anucha បន្តថា «ដំបូងឡើយ ខ្ញុំគិតថា អ្នកបើកបរជាមនុស្សប្រុសទេ និយាយតាមត្រង់ ពេលខ្ញុំចុះទៅសួររកហេតុផលពីរបៀបបើកបរបែបនេះ ប៉ុន្តែពេលចុះទៅដល់ អ្នកបើកបរបានរុញទ្វាររថយន្តចេញមក ជាស្ត្រីទៅវិញ មានអាការស្រវឹង ហើយនិយាយថា អ្នកជួយខ្ញុំផង..! មានអ្នកបង្ខំខ្ញុំឲ្យឈប់ឡាន.! ខ្ញុំភ័យណាស់.. ទើបខ្ញុំបន្តបើកឡាន មិនហ៊ានឈប់ទេ» ។
បន្ទាប់មក លោកបានព្យាយាមប្រាប់កញ្ញា អូរ៉ាវ៉ាន់ ថា «កុំខ្លាចអី ! គ្មានអ្នកណាបានធ្វើអ្វីទេ» ហើយលោកបានបញ្ចុះបញ្ចូលនាងឲ្យស្ងប់ចិត្ត ដោយសារតែលោកខ្លាចថា បើនាងមិនស្រាប់តាមទេនោះ នាងអាចបន្តបើកបរទៅបុកជាមួយរថយន្តផ្សេងៗទៀត ។ នៅពេលនោះ រឿងតែមួយគត់ ដែលលោកអាចធ្វើបាន គឺត្រូវពន្យាពេល ដើម្បីរង់ចាំប៉ូលិសមកដល់កន្លែងកើតហេតុ ។ ក្រោយមក ក៏មានអ្នកពន្លត់អគ្គិភ័យម្នាក់ ឆ្លងកាត់ផ្លូវ ក៏បានដើរឆ្លងមក ជួយនិយាយជាមួយកញ្ញា អូរ៉ាវ៉ាន់ រហូតសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។ បន្ទាប់មក ប៉ូលិសបានសុំឲ្យរូបលោក ឲ្យជួយថតវីដេអូឃ្លីប នៃហេតុការណ៍នេះ ទុកជាភស្តុតាង ។

យ៉ាងណាក៏ដោយ លោក Anucha ផ្ទាល់បានទទួលស្គាល់ថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីវីដេអូឃ្លីបនេះ បានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ព្រោះឃ្លីបដែលបានថត លោកបានបញ្ជូនវាទៅប៉ូលិស ដែលស្ថិតក្នុងហេតុការណ៍តែប៉ុណ្ណោះ (២រូប) ។ ហើយគិតថា រឿងនេះ វាចប់តាំងពីថ្ងៃកើតហេតុម្ល៉េះ ព្រោះក្រោយពេលកើតហេតុ មានការពិភាក្សាសម្របសម្រួលគ្នា និងមានការសុំទោស នៅប៉ុស្តិ៍នគរបាលរួចហើយ ។

ភ្នាក់ងារព័ត៌មាន AmarinTV ក៏បានទូរសព្ទទៅសុំការបំភ្លឺពីកញ្ញា អូរ៉ាវ៉ាន់ ផងដែរ នាងបង្ហើបថា នៅថ្ងៃកើតហេតុ នាងបានទៅហូបបាយថ្ងៃត្រង់ជាមួយសាច់ញាតិ នៅភូមិខ្លុងសុង ស្រុកឡាំលូកា ដែលរូបនាងទើបតែបានទៅជាលើកដំបូង ដូច្នេះហើយបានជាមិនស្គាល់ផ្លូវ ។ ហើយជាមួយនោះ រូបនាងបានផឹកស្រាច្រើន ។ នាងបានសារភាពថា បានបើករថយន្តគេចពីផ្លូវសួនច្បារ នៅពេលនោះ នាងមានការភ្ញាក់ផ្អើលជាខ្លាំងថា ហេតុអ្វីបានជាមានរថយន្តច្រើនគ្រឿង បើកខុសច្បាប់នៅលើផ្លូវនេះ ? នាងក៏ព្យាយាមបើកអែបទៅចិញ្ចើមផ្លូវ ។ នាងសារភាពដែរថា នៅពេលនោះ នាងមានអារម្មណ៍តានតឹង និងវង្វេងស្មារតី ដោយសារស្រវឹងខ្លាំង ដូច្នេះហើយទើបគិតថា មនុស្សជុំវិញខ្លួន ជាមនុស្សអាក្រក់ ដូចដែលបានជេរប៉ូលិស ដូចឃើញក្នុងឃ្លីបអ៊ីចឹង ។
កញ្ញា អូរ៉ាវ៉ាន់ ប្រាប់ទៀតថា “ម្ចាស់រថយន្តភីកអាប់ ដែលចតនៅពីមុខរថយន្តខ្ញុំនោះ ខ្ញុំនិយាយដោយត្រង់ៗ មិនចាំថាគាត់ជានរណាទេ គិតថាគាត់ជាមនុស្សបោកប្រាស់ តែខ្ញុំបានយំ សុំឲ្យគាត់ជួយ ។ ចំណែកឯ ការវាយកម្ទេចរថយន្តរបស់គាត់ គឺខ្ញុំពិតជាមិនអាចចាំថា ខ្លួនកំពុងធ្វើអ្វីទេពេលនោះ ។ ចំពោះការ ជេរប្រមាថប៉ូលិសនោះ នាងសូមសារភាពថា រូបនាងឆ្កួតហើយ មិនអាចចាំអ្វីបានទេ មិនដឹងថា គាត់ជាប៉ូលិសទេ ដឹងត្រឹមថា អ្នករាល់គ្នាសុទ្ធតែជាមនុស្សមិនល្អ ។ ហើយពេលខ្ញុំ សួរប៉ូលិសថា «ដឹងទេ ថាតើខ្ញុំជាកូននរណា ?» នោះជាសម្ដីគ្មានន័យរបស់អ្នកស្រវឹង ។ ហើយក៏មិនមានចេតនាចង់ប្រាប់ថា ជាកូនរបស់នរណាដែរ ព្រោះយើងក៏ជាកូនប្រជាជនសមញ្ញធម្មតាដូចគ្នាដែរ” ។

យ៉ាងណាមិញ កញ្ញា អូរ៉ាវ៉ាន់ មានការភ្ញាក់ផ្អើលជាខ្លាំង ដែលថ្ងៃទី០៨ មករានេះ ឃ្លីបវីដេអូនេះ បានលេចចេញជាព័ត៌មានធំ ដោយនាងគិតថា រឿងទាំងអស់បានបញ្ចប់តាំងពីថ្ងៃកើតហេតុ ព្រោះនៅថ្ងៃកើតហេតុ នាងសារភាពគ្រប់យ៉ាង ហើយទុកឲ្យប៉ូលិសកាត់ទោសតាមច្បាប់ ដែលនៅថ្ងៃកើតហេតុ រូបនាងក៏ត្រូវបានជាប់ឃុំ ដោយដេកក្នុងបន្ទប់អស់១យប់ដែរ ។ ថ្ងៃនេះ នាងជាមួយម្តាយ នឹងធ្វើដំណើរទៅប៉ុស្តិ៍ប៉ូលិស ដើម្បីសុំទោសប៉ូលីស នៅក្នុងឃ្លីប ។ នាងបានបញ្ជាក់ថា នាងមិនមានចេតនាប្រមាថប៉ូលិសទេ ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីប៉ូលិសជាតិឡើយ ។ ហើយនាងសូមសារភាពថា នៅថ្ងៃកើតហេតុ នាងពិតជាស្រវឹងខ្លាំងដល់ថ្នាក់សន្លប់ ។

បន្ទាប់មក នៅវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី០៨ មករា ញ្ញា អូរ៉ាវ៉ាន់ រួមនឹងម្តាយ បានធ្វើដំណើរមកដល់ដោយកាន់កន្ត្រកកាដូ សុំការអភ័យទោស ដល់លោកវរសេនីយ៍ទោ Kittithat Pansamrong មេបញ្ជាការរង ការិយាល័យចរាចរណ៍ និងលោកវរសេនីយ៍ទោ Chiraphat Sridech ស្នងការរងប៉ុស្តិ៍នគរបាលរដ្ឋបាល Khu Khot ក្នុងបរិយាកាសនៃការជូនកន្ត្រកកាដូនោះ កញ្ញា អូ រ៉ាវ៉ាន់ បានលើកដៃសំពះសុំទោសលោក Kittithat មុននឹងនាងបញ្ជាក់ថា មិនមានចេតនានោះទេ ។

លោក Kittithat ក៏បានលើកដៃគោរព កញ្ញា អូរ៉ាវ៉ាន់ មុននឹងលោកនិយាយថា លោកមិនខឹងអ្វីឡើយ ចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ ព្រោះអ្វីដែលលោកបានធ្វើ នៅថ្ងៃកើតហេតុ ជាកាតព្វកិច្ចរបស់សមត្ថកិច្ច គ្មានសិទ្ធិខឹងប្រជាជនទេ ។

កញ្ញា អូរ៉ាវ៉ាន់ បានផ្តល់បទសម្ភាសន៍នាពេលនោះថា នាងនឹងកែខ្លួន និងកែកំហុសដែលបានធ្វើ សុំទោសប៉ូលិស សុំទោសឪពុកម្តាយ និងសុំទោសសង្គម ដែលរូបនាងបានបង្កបញ្ហា រាល់រឿងដែលបានកើតឡើង រូបនាងទទួលស្គាល់រាល់ការចោទប្រកាន់ផ្នែកច្បាប់ ។ នាងបានប្រាប់ក្រុមសារព័ត៌មានថា នាងមានបំណងយកកន្ត្រក មកសុំទោសប៉ូលិស ហើយចង់ឲ្យសង្គមលើកលែងទោសដល់រូបគាត់ផង ។

ម្តាយរបស់កញ្ញា អូរ៉ាវ៉ាន់ អ្នកស្រីបាននិយាយយ៉ាងខ្លីថា នៅថ្ងៃកើតហេតុ គាត់មិនដឹងថា កូនស្រីគាត់ធ្វើអ្វីទេ គាត់បានដឹងពេល ដែលវីដេអូឃ្លីបនេះ ត្រូវបានបញ្ចេញលើសារព័ត៌មាន ទើបដឹងថា ជាកូនស្រីគាត់ ។ ឥឡូវនេះ គាត់តានតឹងខ្លាំង ដូច្នេះគាត់មិនអាចនិយាយអ្វីបានទេ ។ អ្នកស្រី បានសុំទោស និងអរគុណលោក Anucha ម្ចាស់រថយន្តភីកអាប់ ដែលបានចតមកជួយឃាត់ នៅថ្ងៃកើតហេតុ ។ ចំពោះសំណុំរឿងនេះ ប៉ូលិសបានកោះហៅកញ្ញា អូរ៉ាវ៉ាន់ ទៅកាន់តុលាការខេត្ត Pathum Thani ។

ទោះជាយ៉ាងនេះក្តី លោកវរសេនីយ៍ទោ Chiraphat Sridech ស្នងការរង បានឲ្យដឹងថា ចំពោះហេតុការណ៍នេះ គាត់បានសុំវាទុកជាមេរៀនសម្រាប់អ្នកដែលប្រើប្រាស់រថយន្ត ប្រើផ្លូវ ត្រូវមានការប្រុងប្រយ័ត្ន! ដែលហេតុការណ៍នេះ សំណាងណាស់ ដែលប៉ូលិសមករារាំងទាន់ កុំឲ្យមានរឿងកាន់តែច្រើនឡើង ។ ទោះជាយ៉ាងណា លោកចង់ឲ្យសង្គមថៃ អភ័យទោសដល់កញ្ញា អូរ៉ាវ៉ាន់ ព្រោះថ្ងៃនេះ នាងមកបង្ហាញភាពស្មោះត្រង់ ដោយមកសុំទោសប៉ូលិសរួចហើយ ។ ចំណែកបទស្មើស ត្រូវបន្តតាមច្បាប់ នាងមិនប្រឆាំងឡើង ៕







ចែករំលែកព័តមាននេះ