ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​! Djokovic ឈ្នះ​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​និរទេស​ចេញពី​អូស្ត្រាលី

2 ឆ្នាំ មុន

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក Novak Djokovic បាន​ឈ្នះ​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​និរទេស​ចេញ​

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក Novak Djokovic បាន​ឈ្នះ​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​និរទេស​ចេញ​ពី​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​ចៅក្រម​បាន​បញ្ជា​ឱ្យ​ដោះ​លែង​រូបគេ​ចេញពី​ការ​ឃុំឃាំង​អន្តោប្រវេសន៍​នៅ​ក្នុង​សណ្ឋាគារ​។ នេះ​បើ​តាម​ប្រភព​ពី Sky News ចេញផ្សាយ​នៅ​ថ្ងៃនេះ​។ គួររំលឹកថា Australian Open៖ Djokovic បាត់បង់​សិទ្ធិ​ប្រកួត ក្រោយ​ទិដ្ឋាការ​ចូល​អូស្ត្រាលី​ត្រូវ​លុប​ចោល

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ព្រំដែន​អូស្ត្រាលី​បាន​សម្រេច​លុប​ចោល​ទិដ្ឋាការ​កីឡាករ​សញ្ជាតិ​ស៊ែ​ប ក្រោយ​រក​ឃើញ​ថា រូបគេ​មិន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ត្រឹមត្រូវ​សម្រាប់​ការ​លើកលែង​វេជ្ជសាស្ត្រ​ពាក់ព័ន្ធ​រឿង​មិន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​។ Djokovic បាន​ចំណាយពេល​៤​យប់​ស្នាក់​នៅ​សណ្ឋាគារ​ឃុំឃាំង​អន្តោប្រវេសន៍​ក្នុង​ទីក្រុង​មែ​ល​ប៊​ន មុន​ពេល​សវនាការ​ចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា (​ម៉ោង​នៅ​អូស្ត្រាលី​)​។

តុលាការ​បាន​ច្រាន​ចោលការ​សម្រេចចិត្ត​របស់​មន្ត្រី​អាកាសយានដ្ឋាន​ដែល​អះអាង​ថា Djokovic មិន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ ដែល​ជនបរទេស​ទាំងអស់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ពេញលេញ ទើប​អាច​ចូល​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​។

ចៅក្រម Anthony Kelly បាន​កត់​សម្គាល់ថា Djokovic ត្រូវ​បាន​ផ្តល់​ការ​លើកលែង​ផ្នែក​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​ពី​ស្ថាប័ន​វាយ​កូន​បាល់​អូស្ត្រាលី និង​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ឯករាជ្យ​ចំនួន​២​ដាច់​ដោយឡែក​។

ទោះ​យ៉ាងណា បញ្ហា​នេះ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​។ ដោយ​យោង​តាម​អ្នក​យក​ព័ត៌មាន Sky News បាន​និយាយ​ថា ករណី​នេះ​នឹង​ត្រូវ​ត្រឡប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងអន្តោប្រវេសន៍ និង​នាយកដ្ឋាន​កិច្ចការ​ផ្ទៃក្នុង ដើម្បី​សម្រេច​ថា តើ​ត្រូវ​ផ្តល់​ទិដ្ឋាការ​ឡើង​វិញ ឬ​យ៉ាងណា? ដើម្បី​អាច​ឱ្យ Djokovic មាន​សិទ្ធិ​ចូលរួម​ប្រកួត​ពានរង្វាន់ Australian Open 2022​។

សូម​ជម្រាប​ជូន​ថា ករណី Djokovic បាន​បង្ក​ឱ្យ​មាន​ជម្លោះ​នយោបាយ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​និយាយ​ថា «​ច្បាប់​គឺជា​ច្បាប់​» ហើយ​អ្នកដំណើរ​ដែល​ចូល​មក​គឺ​ទទួលខុសត្រូវ​ចំពោះ​បទ​ប្បញ្ញត្តិ​ព្រំដែន​។ ប៉ុន្តែ​ក្រោយមក​លោក​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​ត្រូវ​បាន​គេ​ចោទ​ថា យក​រឿង​នេះ ដើម្បី​ទាញ​ប្រយោជន៍​បង្កើន​ប្រជាប្រិយភាព​មុន​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

មេធាវី Djokovic បាន​អះអាង​ថា Djokovic គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​អូស្ត្រាលី ដោយសារ​គេ​ទើបតែ​បាន​ឆ្លង​កូ​វី​ដ​កាលពី​ខែធ្នូ ឆ្នាំ ២០២១ ហើយ​ផ្អែក​លើ​មូលដ្ឋាន​នេះ គេ​មាន​សិទ្ធិ​ទទួល​ការ​លើកលែង​វេជ្ជសាស្ត្រ​ស្របច្បាប់ និង​ការ​ណែនាំ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ ខណៈ​ពួក​គេ​ក៏​បាន​ដាក់​ឯកសារ​បង្ហាញ​ថា Djokovic បាន​តេស្ត​វិជ្ជមាន​កូ​វី​ដ​កាលពី​ខែ​មុន ហើយ​បានជា​សះស្បើយ​ពេញ​លេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ