ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Australian Open៖ Djokovic បាត់បង់​សិទ្ធិ​ប្រកួត ក្រោយ​ទិដ្ឋាការ​ចូល​អូស្ត្រាលី​ត្រូវ​លុប​ចោល

2 ឆ្នាំ មុន

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក Novak Djokovic ប្រហែលជា​មិន​អាច​ចូលរួម​ការ​ប្រកួត​ពានរង្វាន់

អូស្ត្រាលី ៖ កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក Novak Djokovic ប្រហែលជា​មិន​អាច​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ Australian Open 2022 បាន​ទេ បន្ទាប់​ពី​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី​របស់​គេ ត្រូវ​អាជ្ញាធរ​លុប​ចោល​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក Greg Hunt រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អូស្ត្រាលី​ថ្លែង​ក្នុង​បទ​សម្ភាសន៍​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ នេះ​។ គួររំលឹកថា Australian Open៖ Djokovic បាន​សិទ្ធិ​ប្រកួត ក្រោយ​ការ​លើកលែង​វេជ្ជសាស្ត្រ​លើ​បញ្ហា​វ៉ាក់សាំង

លោក Greg Hunt បាន​និយាយ​ថា «Djokovic បាន​បរាជ័យ​ក្នុង​ការ​ផ្តល់​ភស្តុ​តាង​សម​ស្រប ដើម្បី​បំពេញតម្រូវការ​ចូល​ប្រទេស​អូស្ត្រាលី ហើយ​ក្រោយមក​ទិដ្ឋាការ​របស់​គេ​ក៏​ត្រូវ​បាន​លុប​ចោល​តែ​ម្តង​»​។

ម្ចាស់​ជើងឯក Grand Slam ២០​សម័យកាល សញ្ជាតិ​ស៊ែ​ប​វ័យ​៣៤​ឆ្នាំ ដែល​មិន​បាន​បង្ហាញ​ស្ថានភាព​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ របស់​ខ្លួន​ជា​សាធារណៈ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មែ​ល​ប៊​ន កាលពី​ថ្ងៃ​ទី​៥ ខែមករា បន្ទាប់​ពី​អ្នក​រៀបចំ​អះអាង​ថា រូបគេ​ទទួល​បានការ​លើកលែង​ផ្នែក​វេជ្ជសាស្ត្រ (​ករណី​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​) ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​រដូវ​កាល​នេះ​។ ប៉ុន្តែ​អ្វី​ៗ​បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ ក្រោយ​អាជ្ញាធរ​សម្រេច​លុប​ទិដ្ឋាការ​របស់​គេ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​រាយការណ៍​ថា Djokovic ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អាកាសយានដ្ឋាន ក្រោយ​អាជ្ញាធរ​បដិសេធ​លិខិត​លើកលែង​ផ្នែក​វេជ្ជសាស្ត្រ​។ មុន​ពេល​បន្ត​ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង​រៀបចំ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​រង់ចាំ​ជើងហោះហើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ​។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​អះអាង​ថា «​ទិដ្ឋាការ​របស់ Djokovic ត្រូវ​បាន​លុប​ចោល​។ ច្បាប់​គឺជា​ច្បាប់ ជា​ពិសេស​នៅ​ពេល​អ្នក​មក​ដល់​ព្រំដែន​របស់​យើង​។ គ្មាន​នរណា​ម្នាក់​នៅ​លើ​ច្បាប់​បាន​ទេ​។ គោលនយោបាយ​ព្រំដែន​ដ៏​រឹង​មាំ​របស់​យើង​មាន​សារៈសំខាន់​ណាស់ ដែល​នាំ​ឱ្យ​អត្រា​មរណភាព​ដោយ​កូ​វី​ដ​-១៩ ទាប​បំផុត​មួយ​នៅ​លើ​ពិភពលោក​»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ Australian Open 2022 នឹង​ចាប់ផ្តើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ ២០២២៕ (​ប្រភព​ពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ