ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​ទឹកដោះគោ Angkor Milk ផ្តល់​ទឹកដោះគោ​៥០០​កេស​ជូន​កាកបាទក្រហមកម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Angkor Dairy Product Co.,Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​អង្គរ ដែល​ទើប​សាងសង់​រោងចក្រ​តម្លៃ​ជាង​២០​លាន​ដុល្លារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​បរិច្ចាគ​ទឹកដោះគោ​ចំនួន​៥០០​កេស

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Angkor Dairy Product Co.,Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​អង្គរ ដែល​ទើប​សាងសង់​រោងចក្រ​តម្លៃ​ជាង​២០​លាន​ដុល្លារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​បរិច្ចាគ​ទឹកដោះគោ​ចំនួន​៥០០​កេស ជូន​កាកបាទក្រហមកម្ពុជា បើ​គិត​ជា​ទឹកប្រាក់​ស្មើ​ប្រមាណ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ពិធី​ប្រគល់ និង​ទទួល​ទឹកដោះគោ សម្រាប់​អំពើ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ នៅ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ។

លោក Doan Quoc Khanh នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Angkor Dairy Product Co.,Ltd បាន​មាន​ប្រសាសន៍​ថា​ការ​បរិច្ចាគ​ទឹកដោះគោ​ជូន​កាកបាទក្រហមកម្ពុជា រាជធានី​នៅ​ពេល​នេះ ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ក្នុង​ការ​កាត់​បន្ថយ និង​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ព្រោះ​មើលឃើញ​ថា សកម្មភាព​កាកបាទក្រហមកម្ពុជា ដែល​កំពុង​ធ្វើ​រាល់​ថ្ងៃនេះ ពិតជា​ល្អ​ណាស់ ក្នុង​ការ​ជួយ​សម្រាលទុក្ខ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​បក្សពួក ។

លោក​បន្ត​ថា ក្រុមហ៊ុន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនមែន​មក​ស្វែង​រកតែ​ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ តែ​ទន្ទឹម​នឹង​វិនិយោគ​រក​ប្រាក់​ចំណេញ ក្រុមហ៊ុន​ក៏​បាន​គិតគូរ​ខ្ពស់​ផង​ដែរ ពី​សកម្មភាព​មនុស្សធម៌ ដូច​ជាក់ស្ដែង​ពេល​នេះ​ជាដើម ដោយ​ក្រុមហ៊ុន​បាន​បរិច្ចាគ​ទឹកដោះគោ​សម្រាប់​ការ​ចាត់ចែង​នានា​របស់​កាកបាទក្រហមកម្ពុជា ក្នុង​ការ​ជួយ​សម្រាលទុក្ខ​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​នៅ​ដាច់​ស្រយាល ។

លោក​ជំទាវ ឡោក ខេ​ង សមាជិកា​រដ្ឋសភា និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ទឹកដោះគោ​អង្គរ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​កាកបាទក្រហម​មាន​លទ្ធភាព​ចែក​ជូន​អ្នកជំងឺ  កុមារ​កង្វះ​អាហារូបត្ថម្ភ ។

លោក​ជំទាវ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Angkor Dairy Product ដែល​បាន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថែម​ទាំង​បាន​គិតគូរ​ជាមួយ​អង្គការ​មនុស្សធម៌​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ខ្វះខាត​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។ ហើយ​អំណោយ​របស់​ទឹកដោះគោ​អង្គរ ជា​ការ​រួមចំណែក​ជាមួយ​កាក​បាទ​ក្រហមកម្ពុជា ក្នុង​ការ​គាំទ្រ និង​គាំពា​ដល់​សុខុមាលភាព​របស់​កុមារ​កម្ពុជា និង​ជួយ​ដល់​ជន​រង​គ្រោះ អ្នកជំងឺ​ជាដើម ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​របស់​វៀតណាម VINAMILK និង  ក្រុមហ៊ុន​BPC Trading របស់​កម្ពុជា​បាន​ចាប់​ដៃគូ​វិនិយោគ​រួម​គ្នា​បង្កើត​រោងចក្រ​ផលិត​ទឹកដោះ​គោមួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដោយ​បាន​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​២៣​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ភាគហ៊ុន​របស់ BPC ៤៩​ភាគរយ​និង VINAMILK ចំនួន​៥១​ភាគរយ ៕