ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាជាដៃគូជាមួយរដ្ឋាភិបាលចូលរួមចំណែកការពារសិទ្ធិផលប្រយោជន៍ជូនកម្មករនិយោជិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ជា​ដៃគូ​ក្នុង​ការ​ចូលរួម​ចំណែក​ការ​ការពារ​សិទ្ធិ ផលប្រយោជន៍​ជូន​កម្មករនិយោជិត​ស្រប​ទៅ​នឹង​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល ។ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) អាណត្តិ​ទី​៧ (២០២២-២០២៣)…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ជា​ដៃគូ​ក្នុង​ការ​ចូលរួម​ចំណែក​ការ​ការពារ​សិទ្ធិ ផលប្រយោជន៍​ជូន​កម្មករនិយោជិត​ស្រប​ទៅ​នឹង​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) អាណត្តិ​ទី​៧ (២០២២-២០២៣) នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ ទន្លេបាសាក់​២ ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សំដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​អាណត្តិ​មុន​ៗ ព្រមទាំង​សមាជិក​សមាជិកា​ទាំងអស់​របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) ដែល​បាន​ចូលរួម​ចំណែក​គ្រប់​សកម្មភាព និង​ស្មារតី​ធ្វើ​ឱ្យ​អង្គការ​វិជ្ជាជីវៈ​មួយ​នេះ ទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​រហូត​មក​ដល់​ពេល​នេះ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​ទាំងអស់ របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ ការ​កសាង​កម្លាំង​ក្នុង​ជួរ​អង្គការ​សហជីព ការ​ការពារ​សិទ្ធិ ផលប្រយោជន៍​ជូន​កម្មករនិយោជិត និង​ការ​លើកកម្ពស់​ការ​គោរព​ច្បាប់​ស្តី​ពី​ការងារ និង​ច្បាប់​ស្តី​ពី​សហជីព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ស្រប​ទៅ​នឹង​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​នូវ​អនុសាសន៍​គន្លឹះ​ទាំង​១០​ចំណុច​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ណែនាំ​ក្នុង​កំឡុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​ប្រមាណ​ជាង​១​លាន​នាក់​កន្លង​មក​សំដៅ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ការ​ការពារ​សិទ្ធិ​ការងារ ការ​គាំពារ​សង្គម សុខភាព និង​សុវត្ថិភាព​ឈាន​ទៅ​រក​ការ​កសាង​សហគមន៍​សុខសាន្ត​នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ស្រប​តាម​បាវចនា «​រោងចក្រ សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» ដូច​តទៅ ៖ ទី​១. បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ជំរុញ​ឱ្យ​គ្រប់​រោងចក្រ​ទាំងអស់​អនុវត្ត​ការ​បើកប្រាក់​ឈ្នួល និង​បើក​២​ដង​ក្នុង​មួយ​ខែ ។ ទី​២. បន្ត​ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​ធានា​គ្រប់​កម្មករនិយោជិត​បាន​ទទួល​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​មិន​បង់ប្រាក់ ។ ទី​៣. បន្ត​តាមដាន​ការ​អនុវត្ត​ការ​បើកប្រាក់​ឈ្នួល​១២០​ភាគរយ ជូន​កម្មការិនី និង​ឈប់​សម្រាក​រយៈពេល ៣ ខែ ក្នុង​ពេល​សម្រាលកូន​។ ទី​៤. បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​ក្រោយ​ពេល​សម្រាលកូន​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ដោយ​ផ្ដល់​ជូន​កូន​១ នាក់ ថវិកា ៤០ ម៉ឺន​រៀល កូន ២ នាក់ ៨០ ម៉ឺន​រៀល និង​កូន ៣ នាក់ ១,២ លាន​រៀល ព្រមទាំង​ថវិកា​បន្ថែមចំនួន ៥ លាន​រៀល ពី សម្ដេច​តេ​ជោ និង សម្ដេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ផ្ទាល់​។

ទី​៥. បន្ត​ផ្តល់​របប​ថែ​ទាំង​សុខភាព​ជូន​បងប្អូន​កម្មករនិយោជិត និង​បន្ត​គោលនយោបាយ​ឱ្យ​និយោជក​បាន​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ១០០% ជំនួស​កម្មករនិយោជិត​។ ទី​៦. បន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​កា​រត​បណ្តាញ​អគ្គិសនី និង​ទឹក​នៅ​តាម​ផ្ទះ​ជួល​ក្នុង​តម្លៃ​សមរម្យ ការ​អនុវត្ត​ច្បាប់​ភតិសន្យា​ពិសេស (​ច្បាប់​បន្ទប់​ជួល​) ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត​។ ទី​៧. បន្ត​ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ និង​ដាក់​ឱ្យ​ដំណើ​ការ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។ ទី​៨. បន្ត​ជំរុញ​លើកទឹកចិត្ត​ឱ្យ​កម្មករនិយោជិត និង​និយោជក ប្រើ​យន្តការ​ចរចា​ផ្ទៃក្នុង ដើម្បី​កំណត់​នីតិវិធី និង​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ស្រប​តាម​ស្ថានភាព​រោងចក្រ សហគ្រាស និង​អាជីវកម្ម​របស់​ខ្លួន ដើម្បី​រក្សា​បាន​នូវ​និរន្ដរភាព​ការងារ និង​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ក្នុង​វិបត្តិ​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ទី​៩. បន្ដ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ បន្ត​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករនិយោជិត ការ​រៀបចំ​កែសម្រួល​ម​ធ្យា​បាយ​ដឹក​ជញ្ជូន និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ទី​១០. បន្ដ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រ​ទស​ជា​ដៃគូ រួម​មាន ថៃ ម៉ា​ឡេ​ស៊ី កូរ៉េ ជប៉ុន ហុងកុង សឹ​ង្ហ​បុរី និង​ប្រទេស​ផ្សេង​ទៀត ដើម្បី​បើក​ទូលាយ​ទីផ្សារ​ការងារ​ស្របច្បាប់​នៅ​ក្រៅប្រទេស​សម្រាប់​ប្រជាជន​ព្រមទាំង​ផ្តល់​ការពារ​សិទ្ធិ ផលប្រយោជន៍ ទទួល​បាន​របប​គាំពារ​សង្គម​ទាំង​បច្ចុប្បន្ន និង​ពេល​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ថា​សមិទ្ធផល​ដែល​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​សម្រេច​បាន​,​ការ​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់​, សកម្មភាព​ការងារ​ទាំង​ក្នុង​រោងចក្រ សហគ្រាស​, កិច្ច​សហប្រតិបត្តិការ​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​, និង​ការ​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​បន្ត​, ព្រមទាំង​ការ​ប្តេ​ជា​ចិត្ត​របស់ ថ្នាក់ដឹកនាំ CCNU បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​កាន់តែ​ច្បាស់​អំពី​ភាព​រីក​ចម្រើន​, ការ​យកចិត្តទុកដាក់​, ទំនួល​ខុស​ត្រូវ​, និង​ភាព​ចាស់ទុំ​ក្នុង​ការ​ដឹកនាំ​របស់ ថ្នាក់ដឹកនាំ CCNU ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ជៀស​មិន​ផុត​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់ សមាជិក សមាជិកា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ