ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសថា បាតុកម្មខុសច្បាប់នៅណាហ្គាវើលបានទទួលលុយឧបត្ថម្ភពីក្រៅប្រទេសបង្កភាពវឹកវរក្នុងស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០២២នេះ លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០២២នេះ លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ក្នុង​កិច្ចការ​ងា​រស៊ើប​អ​ង្កេត​ប្រមូល​បាន​វត្ថុ​តាង​នានា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល រក​ឃើញ​ថា ​មេដឹកនាំ​ធ្វើ​បាតុកម្ម​ខុសច្បាប់​បាន​ទទួល​លុយ​ឧបត្ថម្ភ​ពី​ក្រៅប្រទេស ដើម្បី​បង្ក​នូវ​ភាព​វឹកវរ​នៅ​ក្នុងស្រុក​ ។

លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ដែល​ទទួល​ការងារ​លើ​ការ​បង្ក្រាប​បាន​ថ្លែង​ថា ក្រុម​ញុះញ៉​ង់​បង្ក​នូវ​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​បាន​ទទួល​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ពី​ក្រៅប្រទេស ក្នុង​ការ​រៀបចំកៀងគរ និង​បង្កើត​នូវ​ការ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច ។

ស្នងការ​រង​រូប​នេះ​បាន​បន្ត​ថា បាតុកម្ម​រយៈពេល ១៣ ថ្ងៃនេះ សមត្ថកិច្ច​បាន​ធ្វើការ​ប្រមូល​ព័ត៌មាន តាម​រយៈ​វី​ដេ​អូ សម្លេង​បែកធ្លាយ​ចេញពី​កិច្ចប្រជុំ​តាម Zoom របស់​មេដឹកនាំ​ឈ្មោះ ឈឹ​ម សុ​ខន ដែល​ជា​ប្រធាន​សហជីព និង​គូកន «​បាន​ធ្វើការ​ញុះ​ញ៉​ង់​ឱ្យ​អតីត​បុគ្គលិក ណា​ហ្គា​វើ​ល ឱ្យធ្វើ​ការ​ប៉ះទង្គិច ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឱ្យ​មាន​ព្រឹត្តិការណ៍​កើតឡើង​» ។

លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា បាន​បន្ត​ថា ក្រោយ​ពី​យើង​បាន​ប្រមូល​ព័ត៌មាន​បាន​អស់ហើយ ក៏​បាន​សុំ​គោលការណ៍ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​តំណាង​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​ឃាត់ខ្លួន​មេដឹកនាំ ចំនួន ៩ នាក់ ។

លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា បាន​បញ្ជាក់​បន្ថែម​ថា «​ក្នុង​កិច្ចការ​ងា​រស៊ើប​អង្កេត ប្រមូល​បាន​វត្ថុ​តាង​ជា​ច្រើន មាន​ដូច​ជា កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ និង​សម្ភារៈ​មួយ​ចំនួន ដែល​សម្រេច​បម្រើ​ការងារ​ញុះញង់​ការងារ​ធ្វើ​បាតុកម្ម​របស់​ពួក​គេ ។ ប៉ូលិស​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ លើ​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ ឃើញ​មានការ​ឧបត្ថម្ភ​ថវិកា​ពី​ក្រៅប្រទេស និង​អង្គការ​ចំនួន ៣ គឺ​អង្គការ​មួយ​ក្រៅប្រទេស និង​អង្គការ ២ ទៀត​នៅ​ក្នុងស្រុក ដោយ​បាន​ឧបត្ថម្ភ​ថវិកា​ជា​ច្រើន គឺជា​ច្រើន​ម៉ឺន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​ការ​ធ្វើ​បាតុកម្ម​ខុសច្បាប់​នេះ ។ មានការ​វេរ​លុយ​តាម ABA ឱ្យ​ក្រុម​នេះ​ធ្វើការ​តាម​ដំណាក់កាល និង​ឱ្យ​លុយ​តាម​ដំណាក់កាល ។ ដំបូង​ឱ្យ​ប្រជុំ មួយ​វគ្គ​ទៅ ក៏​ទម្លាក់​លុយ ៥០០០ ដុល្លារ ជំហាន​ទី ២ ពេល​កៀងគរ​បាន​អ្នកចូលរួម​បាន​ប៉ុន្មាន​ហើយ គឺ​ទម្លាក់​លុយ​មួយ​តង់​ទៀត​ទៅ​» ។

លោក​បាន​បន្ថែម​ថា អ៊ីចឹង​ទាក់ទង​នឹង​ការ Transfer លុយ​ពី​ក្រៅប្រទេស​មកនេះ គឺ​គេ​មានការ​បង្វែរ​លើ​ថវិកា​ផ្ញើ​ទៅ​មនុស្ស​ម្នាក់ ហើយ​មនុស្ស​ម្នាក់​ទៀត ផ្ញើ​ចេញ​ទៅ​ទៀត​ទៅ​ឱ្យ​មេដឹកនាំ ឈ្មោះ ឈឹ​ម សុ​ខន ។

លោក ​សាន សុខ​សីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន បាន​ថ្លែង​ថា ការ​ធ្វើ​ស​ន្និ​សីទ​​សារព័ត៌មាន​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង ជម្រាប​ជូន​សាធារណជន​ទាំងអស់ ឱ្យ​បានដឹង​​ច្បាស់​អំពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​មេដឹកនាំ​ចលនា​ខុសច្បាប់ អុកឡុក បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​គឺ​មានការ​ញុះ​ញ៉​ង់​ឱ្យ​មានការ​បិទផ្លូវ​សាធារណៈ រារាំង​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​ក្រុមហ៊ុន ជា​ពិសេស​គឺ​មាន​គោលបំណង​អាក្រក់​ក្នុង​ការ​រារាំង​ដល់​ការ​ចូលរួម​សប្បាយ​ឆ្លង​ឆ្នាំ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក សុខ​ សីហា បានបន្ថែមថា ​ក្នុង​នាម​លោក​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោកបានបញ្ជាក់ជូន​សាធារណជន​ទាំងអស់ ​ថា កាលពី​យប់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន មេ​ចលនា​ដឹកនាំ​ខុសច្បាប់ ដែល​ញុះ​ញ៉ុ​ង​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ចំនួន ៩ នាក់ ។ បន្ទាប់​ពី​ធ្វើការ​នាំ​ខ្លួន យក​មក​ធ្វើការ​សាកសួរ ជំនាញ​សមត្ថ​កិច្ច​បាន​ធ្វើការ​ប​ញ្ជួ​ន​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន ៦ នាក់ និង ៣ នាក់​មិន​មានការ​ពាក់ព័ន្ធ​ត្រូវ​បាន​អប់រំ​និង​ដោះ​លែង ។

លោក សុខ​ សីហា បាន​ថ្លែង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ សេចក្តីជូនដំណឹង​ស្តី​ពី​កា​រប​ពា្ឈ​ប់​ជា​បន្ទាន់​នូវ​ការ​ធ្វើ​សកម្មភាព​បាតុ​កម្ម​ដោយ​ខុសច្បាប់​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏ លី​មី​ធី​ត។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន បាន​ថ្លែង​ថា «​ការ​ឃាត់ខ្លួន​មេដឹកនាំ​ចលនា​នេះ គឺ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ និង​មាន​ភស្តុតាង​គ្រប់គ្រាន់ អំពី​បញ្ហា​នៃ​ការ​ធ្វើការ​ដោយ​ខុសច្បាប់​នេះ ។ ជា​ថ្មី​ម្តងទៀត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​តែ​ធ្វើការ​អំពាវនាវ ដល់​មេដឹកនាំ​ចលនា​ដែល​​នៅ​សេសសល់ សូម​បញ្ឈប់​សកម្មភាព​ចលនា​ខុសច្បាប់​នេះ​ជា​បន្ទាន់ និង​ងាក​មក​អនុវត្ត​តាម​ការ​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​បន្ទាន់​។

សូម​រម្លឹក​ថា បាតុកម្ម​នៅ​ណា​ហ្គា​វើ​ល​ដ៍ ជា​លទ្ធផល​ គឺ​មាន​មនុស្ស ៦​នាក់ ចូល​សម្រាក​នៅ​ពន្ធនាគារ ១៤​នាក់​ថ្មី​ទៀត នាំ​ខ្លួន​ទៅ​ស្នងការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ