រាជធានីភ្នំពេញ ៖ តារាសម្តែងអានីតា បាត់មុខពីពិភពសិល្បៈជិត១០ឆ្នាំងាកទៅសម្ងំបើកមុខរបរផ្ទាល់ខ្លួន ។ ចុងក្រោយនេះអានីតាទើបតែបើកហាងសាឡនមួយទៀត ។
ហាងថ្មីរបស់កញ្ញាអានីតា បោះទុន១០ម៉ឺនដុល្លារអាមេរិក គឺហាងសាឡនធ្វើសក់លំដាប់ V.I.P ។ នេះគឺជាហាងទី២ របស់អានីតាបន្ទាប់ពីហាងធ្វើក្រចកទី១នៅជិតគ្នានោះ ។
កាលពីពេល ថ្មីៗកន្លងមកកញ្ញាអានីតា បើកសម្ពោធហាងរបស់ខ្លួននៅតាមដងវិថីសុធារសដោយមានភ្ញៀវជនជាតិចិន និងមិត្តភក្តិរបស់នាងជាច្រើនចូលរួម ។
តារាសម្តែងអានីតាប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ហាងរបស់នាងចំណាយប្រាក់អស់ប្រហែលជាង១០ម៉ឺនដុល្លារ ស្របពេលនាងមានហាងជិតគ្នានេះមួយទៀត ។ ទុនច្រើននេះមិនមែនជារបស់អានីតាម្នាក់ទេ គឺនាងរកស៊ីជាមួយជនជាតិចិន ។ ម្ចាស់ភាគហ៊ុនម្នាក់ដែលរកស៊ីជាមួយគ្នានោះអានីតាបដិសេធជាមិនមែនជាសង្សាររបស់នាងទេ ។
អានីតា បានសម្រាកពីការងារសិល្បៈប្រហែល១០ឆ្នាំមកហើយដោយសារតែរវល់ការងាររកស៊ី និងមានបញ្ហាសុខភាពលើផ្ទៃមុខ។ ក្នុងរយៈពេល១០ឆ្នាំមកនេះអានីតា បើកហាងលក់សម្លៀកបំពាក់ និងហាងសាឡនជាច្រើនកន្លែង ។ ក្រោយពីសម្រាកពីការងារសិល្បៈអស់រយៈពេលជាយូរឆ្នាំមកនោះ អានីតាបានចេញមុខជាថ្មី ដោយចូលរួមសម្តែងក្នុងរឿង «ណារ៉ូសាម៉ាលី» និងរឿង«កូនក្រមុំ២៥០០ » ។ ក្រៅពីនោះបានថតស្ប៉តឱ្យក្រុមហ៊ុនពាណិជ្ជកម្មនៅប្រទេសថៃ ។
កញ្ញាអានីតាបញ្ជាក់ថា ហាងរបស់នាងមាននារីធ្វើសក់ប្រហែល២០នាក់សម្រាប់ទទួល ភ្ញៀវ ។ ក្នុងអំឡុងពេលបើកហាងថ្មីនេះ មានកម្មវិធីពិសេសសម្រាប់១០ថ្ងៃដំបូង គឺភ្ញៀវណាទៅ១០លើកនឹងធ្វើសក់ជូនមួយលើកអត់គិតថ្លៃ ។
បើកដំណើរការអាជីវកម្មនេះនឹងធ្វើឱ្យអានីតាមិនមានពេលច្រើនសម្រាប់ការងារសិល្បៈទេ ប៉ុន្តែនាងនឹងឆ្លៀតពេលខ្លះ ៕ ខាត់ សាមឿន
ចែករំលែកព័តមាននេះ