គ្រាប់មីនប៉ើងចេញពីក្នុងដីចំការ អ្នកបើកត្រាក់ទ័រ និងម្ចាស់ចំការព្រលឹងចុងសក់
- បាត់ដំបង
គ្រាប់មីន «ស្គរ» ចំនួន០២គ្រាប់ បានប៉ើងចេញពីក្នុងដីចំការ ខណៈពេលកំពុងបើកត្រាក់ទ័រភ្ជួរដី បង្កឱ្យមានការភ្ញាក់ផ្អើល
គ្រាប់មីន «ស្គរ» ចំនួន០២គ្រាប់ បានប៉ើងចេញពីក្នុងដីចំការ ខណៈពេលកំពុងបើកត្រាក់ទ័រភ្ជួរដី បង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តបាត់ដំបង ៖ គ្រាប់មីន «ស្គរ» ចំនួន០២គ្រាប់ បានប៉ើងចេញពីក្នុងដីចំការ ខណៈពេលកំពុងបើកត្រាក់ទ័រភ្ជួរដី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចអូរដំបង ស្ថិតក្នុងភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដែលធ្វើឱ្យអ្នកបើកត្រាក់ទ័រ និងម្ចាស់ចំការភ័យព្រលឹងចុងសក់។
បើតាមនាយប៉ុស្ដិ៍នគរបាលឃុំភ្នំព្រឹក លោក អៀប ម៉ៅ បានឲ្យដឹងថា ម្ចាស់ចំការខាងលើមានឈ្មោះ សុខ នីន ភេទស្រី អាយុ៤០ឆ្នាំ ជាអ្នកប្រទះឃើញគ្រាប់មីននោះនៅក្នុងដីចំការរបស់គាត់ ខណៈពេលកំពុងភ្ជួរត្រាក់ទ័រ។ ភ្លាមៗនោះ គាត់បានរាយការណ៍ទៅលោកមេភូមិ ហើយលោកមេភូមិក៏បានផ្ដល់ព័ត៌មាននេះបន្តមករូបលោក ដើម្បីជួយពិនិត្យ និងមានចំណាត់ការបន្ត។ បើតាមការពិនិត្យជាក់ស្ដែង វាជាប្រភេទគ្រាប់មីន «ស្គរ» ដែលមានសញ្ញាលេខបូក ហើយនៅមានគុណល្អ។
ម្ចាស់ចំការខាងលើក៏បានប្រាប់សមត្ថកិច្ចឱ្យដឹងថា គ្រាប់មីននោះ បានផុសឡើងនៅពេលគាត់ភ្ជួរត្រាក់ទ័រ តែជាដីដែលគាត់បានភ្ជួរដាំដំណាំរាល់ឆ្នាំ។ គាត់និយាយថា ជារៀងរាល់ឆ្នាំ គាត់តែងតែប្រើប្រាស់ត្រាក់ទ័រភ្ជួរ តែមិនធ្លាប់ប្រទះឃើញគ្រាប់មីនបែបនេះទេ លុះនៅឆ្នាំនេះស្រាប់តែភ្ជួរចេញគ្រាប់មីនដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។
ចំណែកលោក អៀប ម៉ៅ មេប៉ុស្ដិ៍ភ្នំព្រឹក ក៏បានបញ្ជាក់ដែរថា បើតាមប្រវត្តិតំបន់នោះ គឺជាអតីតសមរភូមិសង្គ្រាមដ៏ក្ដៅគគុកកាលពីអំឡុងចន្លោះទសវត្សឆ្នាំ៨០ និង៩០ ដូច្នេះហើយទើបមានគ្រាប់មីននៅសេសសល់ក្នុងដីបែបនេះ។
ប៉ុន្តែយ៉ាងណា លោកមេប៉ុស្ដិ៍រូបនេះក៏បានប្រាប់ដែរថា លោកបានរាយការណ៍ជូនទៅអង្គភាពកំចាត់មីន ស៊ីម៉ាកហើយ។ ឮ
ហើយពេលនេះមន្ត្រីរបស់លោក និងលោកមេភូមិ បានប្រើខ្សែចងហហ៊ុមព័ទ្ធ ដើម្បីរង់ចាំមន្ត្រីស៊ីម៉ាក់ ចុះទៅកម្ទេចចោលនៅថ្ងៃទី៣១ ខែធ្នូ ស្អែកនេះ៕
ចែករំលែកព័តមាននេះ