ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​ឈ្វាំង ប្រែក្លាយ​ពី​ធារាសាស្ត្រ ជា​តំបន់​ទេសចរណ៍​យ៉ាង​ទាក់ទាញ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ ទំនប់​ឈ្វាំង គឺជា​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​ជាច្រើន ដែល​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង រៀបចំ​ឲ្យ​មានការ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល  នា​យប់​ថ្ងៃទី​៣១​ធ្នូ ឆ្លង​ចូល​ថ្ងៃទី​១…

​ខេត្តកំពង់ឆ្នាំង​៖ ទំនប់​ឈ្វាំង គឺជា​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​ជាច្រើន ដែល​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង រៀបចំ​ឲ្យ​មានការ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល  នា​យប់​ថ្ងៃទី​៣១​ធ្នូ ឆ្លង​ចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ ខាងមុខនេះ​។ ទំនប់​នេះ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ក្រោយពី​ការស្ដារ និង​កសាង កែលម្អ​ជាច្រើនលើក ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លងទៅនេះ ទំនប់​ឈ្វាំង ដែល​ដើមឡើយ គ្រាន់តែ​ជា​ទំនប់​ទប់ទឹក​បង្ហៀរ សម្រាប់​ស្រោចស្រព​ផ្ទៃ​ស្រែ​របស់​ប្រជាពលរដ្ឋ តែ​ពេលនេះ បានក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ព្រោះតែ​អាជ្ញាធរខេត្ត ក៏ដូចជា​ថ្នាក់​ក្រសួង បាន​កែលំអរ ដោយ​ដាំ​ដើមឈើ ដាក់​អំពូល​ភ្លើង រៀបចំ​សួនច្បារ មាន​កន្លែង​អង្គុយលេង​យ៉ាង​ស្រស់ស្អាត មិន​ចាញ់​សួនច្បារ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង​ឡើយ​។​

​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មកលេង​កំសាន្ត យ៉ាង​សប្បាយរីករាយ រាល់ពេល​ល្ងាច និង​ពេល​រាត្រី ដោយ​ការ​ពិសារ​អាហារ បាញ់​កាំជ្រួច និង​រាំលេង​កម្សាន្ត​។​

​លោកយាយ ឆុន ម៉ៃ អាយុ ៨១​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ជា​រៅ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ទំនប់​ឈ្វាំង បាន​សម្ដែង​ទឹកចិត្ត​រីករាយ និង​ផ្ដល់​កិច្ចសម្ភាសន៍ នា​រាត្រី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ ថា លោកយាយ រស់នៅ​ទីនេះ យូរយា​ណាស់​មកហើយ មិនដែល​ឃើញ​ការអភិវឌ្ឍ​បែបនេះ​នោះទេ​។ កាលដើមឡើយ ទំនប់​ឈ្វាំង គឺ​គ្រាន់តែ​ជា​បឹង​មួយ និង​មាន​ដីដុះ​កណ្ដាល​បឹង និង​មានព្រៃ​ស៊ុបទ្រុប មើលទៅ​ដូចជា​បឹង​ធម្មតា​។ ប៉ុន្តែ​ពេលនេះ ឃើញ​មានការ​អភិវឌ្ឍ ដោយមាន​ការដាំ​ដើមឈើ​ជុំវិញ​បឹង មានការ​ដាក់​អំពូល​ភ្លើង​បំភ្លឺ ជុំ​បឹង ដាក់​អំពូល​ភ្លើងពណ៌ លំអរ ក្នុង​ច្បារ មាន​សង់​ខ្ទម​អ្នកតា និង​មាន​ដាក់​កៅអីអង្គុយ​កម្សាន្ត​ជុំវិញ​បឹង​ផងដែរ​។

​ជាមួយគ្នា​នោះ ស្ត្រី​ម្នាក់ទៀត ដែល​មកជា​មួយ​លោកយាយ ក៏បាន​សម្តែង​ទឹកចិត្ត​សប្បាយរីករាយ ហើយ​សំណូមពរ ដល់​បងប្អូន ដែល​មក​ចូលរួម​កំសាន្ត សូម​ថែរក្សា​អនាម័យ​បរិស្ថាន ដោយ​មិនត្រូវ​ចោល​សំរាម​ផ្ដេសផ្ដាស​នោះឡើយ​។​

​លោក យ៉ង់ សៅ​វុទ្ធី អភិបាលស្រុក​រលាប្អៀរ បាន​បញ្ជាក់ថា ទំហំ​ផ្ទៃ​បឹង​ទំនប់​ឈ្វាំង ទាំងមូល មាន​ជាង ៣៣​ហិកតា​។ ទំនប់​នេះ ត្រូវបាន​កសាង​មិន​ស្ដារឡើងវិញ ជាច្រើន​ដំណាក់កាល តាំងពី​ឆ្នាំ​២០០៤ មកម្ល៉េះ ទើប​មកដល់ពេលនេះ រួចរាល់​ជា​ស្ថាពរ​។

​ជាមួយគ្នានេះ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក៏បាន​ទិញ​ដី​ជាប់​ពី​ខាងត្បូង​បឹង ពី​ប្រជាពលរដ្ឋ ៣​គ្រួសារ​បន្ថែមទៀត ហើយ​បាន​កសាង​សួនច្បារ រួចរាល់ ជា​ស្ថាពរ និង​ដាក់​អំពូល​ភ្លើង​លំអរ ត្រៀម​ទទួល​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២២​នេះ​។

​ក្នុងនាម​អាជ្ញាធរ​ស្រុក លោក យ៉ង់ សៅ​វុទ្ធី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មក​ចូលរួម​លេង​កម្សាន្ត ឲ្យ​បាន​ច្រើន​កុះករ ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ដែលមាន​ការប្រគំ​តន្ត្រី បាញ់​កាំជ្រួច និង​រាំលេង​កំសាន្ត​ផងដែរ​។

​សូមបញ្ជាក់ថា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានរៀបចំ​គោលដៅ​ច្រើន​កន្លែង សម្រាប់​អបអរសាទរ​ឆ្នាំ​សកល ដូចជា សួនច្បារ​ដើម​ពោធិ៍ សួន​កុមារ សួន​សម្តេចចៅហ្វា​វាំង គង់ សំអុល និង​សួន​ទំនប់​ឈ្វាំង ដើម្បី​រៀបចំ​ការប្រគុំ​តន្ត្រី មិ​ង​បាញ់​កាំជ្រួច អបអរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្លង​ចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២៕ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ