ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ាណែត ចេញមុខតទល់ លោក សម រង្ស៊ី ជុំវិញសញ្ញាបត្រនៅ West Point

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ដំបូង​ហើយ​ ដែល​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ​ចំពោះ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ដំបូង​ហើយ​ ដែល​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ​ចំពោះ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង គឺ ​លោក សម រ​ង្ស៊ី រហូត​បបួល​អ្នកនយោបាយ​ចាស់វស្សា ស្បថ ជុំវិញ​គុណភាព​សញ្ញាបត្រ​គុណភាព​សញ្ញាបត្រ​ដែល​លោក​ទទួល​បាន​ពីសា​លា​យោធា​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​កន្លង​មក ។

ឧត្តមសេនីយ៍ឯក លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បង្ហោះ​សារ​របស់​ខ្លួន​ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែធ្នូ និង​ហៅ​លោក សម រ​ង្ស៊ី ថា​ជា «​អ្នកនយោបាយ​ចាស់វស្សា ប៉ុន្តែ​ខ្វះ​ភាព​ហានក្លា ​ក្នុង​ការ​ទទួលខុសត្រូវ​» ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់ អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ដែល​បាន​និយាយ​មើលងាយ​ថា ​សញ្ញាបត្រ​របស់​លោក​អន់ ។

ជាមួយនឹង​សំ​ណេ​រ​ឡើង​វែង អម​នឹង​ឃ្លី​ប​វី​ដេ​អូ​មួយ ដែល​លោក សម រ​ង្ស៊ី ថ្លែង​នៅ​ក្រុង​ឡុ​ង​ប៊ិ​ច នា​ឆ្នាំ​២០១៩ ថា សញ្ញាបត្រ​ពី​សាលា​បណ្ឌិតសភាយោធា (West Point) របស់​លោក ជា​សញ្ញាបត្រ​កម្រិត​ក្រោម​ស្តង់ដា​សម្រាប់​ជនបរទេស ​។

លោក ហ៊ុន ម៉ា​ណែ​ត អនាគត​បេក្ខភាព​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «​ដើម្បី​ការពារ​នូវ​កិត្តិយស ​និង​សេចក្តី​ថ្លៃថ្នូ​របស់ខ្ញុំ ក៏​ដូច​ជា​របស់​និស្សិត​នាយទាហាន​ខ្មែរ​ជា​ច្រើន​រូប​ដែល​កំពុង​សិក្សា​ និង​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា West Point និង​សាលា​បណ្ឌិតសភា​ផ្សេង​ទៀត​របស់​សហរដ្ឋអាមេរិក និង​នៅ​តាម​ប្រទេស​នានា​លើ​សកលលោក ខ្ញុំ​បាន​ទាមទា​អោយ​លោក សម រ​ង្ស៊ី ធ្វើការ​បង្ហាញ​នូវ​ភស្តុ​តាង​ដើម្បី​ការពារ​នូវ​ពាក្យ​សំដី​ក្នុង​ចេតនា​មាក់ងាយ​របស់​គាត់ តាម​រយៈ​ការ​ភ្នាល់​គ្នា​» ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា ជា​ការ​ឆ្លើយ​តប​នៅ​ពេល​នោះ​លោក សម រ​ង្ស៊ី មិន​ត្រឹមតែ​មិន​ហ៊ាន​ធ្វើការ​ភ្នាល់​នោះ​ទេ ប៉ុន្តែ​បែរជា​បង្វែរ​ប្រធានបទ ហើយ​ព្រមទាំង​លើក​ឡើង​ថា «​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូន​ក្មេង​ទេ​»​។ sic.

លោក​បាន​បន្ត​ថា «​អ្វី​ដែល​ខ្ញុំ​ស្មាន​មិន​ដល់ គឺ​អ្នកនយោបាយ​ចាស់វស្សា​ម្នាក់​នេះ មិន​ត្រឹមតែ​ខ្វះ​ភាព​ក្លាហាន​ដើម្បី​ការពារ​អំណះអំណាង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរជា​គាត់ នៅ​តែ​បន្ត​វាយប្រហា​ខ្ញុំ​រឿង​សញ្ញាប័ត្រ «​ប្រភេទ​២» ឬ «សញ្ញាប័ត្រ​យោគយល់» ដដែល​ៗ ហើយ​ព្រមទាំង​វាយប្រហារ មាក់ងាយ ទៅ​លើ​និស្សិត​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​ ដែល​រៀន​នៅ​ក្រៅប្រទេស ដោយ​ថា​ សាកលវិទ្យាល័យ​បរទេស​ផ្ដល់​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាប័ត្រ​យោគយល់ អោយ​និស្សិត​ទាំងនោះ​ ។ ប្រហែលជា​បងប្អូន​និស្សិត​ខ្មែរ​ដែល​ធ្លាប់​បាន​សិក្សា ឬ​កំពុង​សិក្សា​នៅ​ក្រៅប្រទេស​ទាំងអស់​យល់​ច្បាស់​ហើយ​ថា តើ​បងប្អូន​ត្រូវ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ខ្លះ ទម្រាំ​បាន​ទទួល​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ពី​បណ្តា​សាលា​នៅ​ក្រៅប្រទេស​» ។

លោក ហ៊ុន ម៉ា​ណែ​ត បន្ត​ថា ជា​ថ្មី​ម្ដងទៀត ​ដើម្បី​ជា​ការ​ការពារ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ​ក្នុង​នាម​ជា​និស្សិត​ម្នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅប្រទេស (​និង​ដើម្បី​ជា​តំណាង​អោយ​និស្សិត​ខ្មែរ​ទាំងអស់​ដែល​រៀន​នៅ​ក្រៅប្រទេស​ដែល​ត្រូវ​លោក​សម រង្សី មើលងាយ​) ខ្ញុំ​សូម​បបួល​លោក សម រ​ង្ស៊ី ធ្វើការ​ភ្នាល់​គ្នា​ម្ដងទៀត ហើយ​សង្ឃឹមថា​លោក សម រ​ង្ស៊ី នឹង​មិន​ប្រើ​យុទ្ធសាស្ត្រ​មាន់​ត្រចៀកស​ម្ដងទៀត​ទេ (​មាន់​ត្រចៀកស គឺ​វាយ​គេ​ពីក្រោយ​ខ្នង ដល់​គេ​បក​មក​វាយតប​វិញ រត់គេច​បាត់​។ ដល់​ពេល​គេ​ដើរ​ចេញ គឺ​វា​ចាប់ផ្តើម​ដេញ​វាយ​គេ​ពីក្រោយ​ខ្នង​ទៀត​)​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បង្ហាញ​លក្ខ​ណ្ឌ​នៃ​ការ​ភ្នាល់​ដូច​ខាងក្រោម ÷ ខ្ញុំ​បាន​រៀន​នៅ​បណ្ឌិតសភាយោធា​អា​មេ​រិ​ក (West Point) ថ្នាក់​បរិញ្ញាបត្រ​, នៅ​សាកលវិទ្យាល័យ​ញូ​វ​យ៉​ក (New York University) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង នៅ​សាកលវិទ្យាល័យ​ប្រ៊ី​ស​ស្តុល (Bristol University) នៅ​ចក្រភព​អង់គ្លេស ថ្នាក់បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​។

បើសិនជា​លោក សម រ​ង្ស៊ី អាច​អោយ​សាលា​ទាំង​បី​នេះ​បញ្ជាក់​ថា ហ៊ុន ម៉ា​ណែ​ត កាល​នៅ​រៀន​ទីនោះ​គឺ​គ្មាន​សមត្ថភាព ឬ​រៀន​ក្រោម​ស្តង់ដា​របស់​សាលា ហើយ​សាលា​បាន​ផ្ដល់​សញ្ញាបត្រ​ឱ្យ ហ៊ុន ម៉ា​ណែ​ត ដែល​ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់ ខ្ញុំ​នឹង​លាលែង​ពី​បេក្ខភាព​ជា​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​។ ផ្ទុយ​ទៅ​វិញ​បើ​លោក សម រ​ង្ស៊ី មិន​អាច​ឲ្យ​សាលា​បញ្ជាក់​ជា​ផ្លូវការ​ថា សញ្ញាប័ត្រ​ដែល​សាលា​ទាំងនោះ​ផ្តល់​អោយ ហ៊ុន ម៉ា​ណែ​ត ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​ទេ​នោះ សូម​លោក​សម រ​ង្ស៊ី លាឈប់​ពី​ឆាកនយោបាយ​ចាប់ពី​ពេល​នេះ​តទៅ​។

ករណី​លោក សម រ​ង្ស៊ី ឯកភាព ដើម្បី​អោយ​មាន​តម្លាភាព​ក្នុង​ការ​បញ្ជាក់​នេះ យើង​អាច​រៀបចំ​ក្រុមការងារ​ចម្រុះ​មួយ ដែល​រួម​មាន​ភាគី​ខាង​លោក សម រ​ង្ស៊ី និង​ភាគី​ខាង​ខ្ញុំ ដើម្បី​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពីសា​លា​ទាំង​បី​ដែល​ខ្ញុំ​ធ្លាប់​រៀន​។ បន្ថែម​លើ​នេះ យើង​ក៏​អាច​អោយ​ក្រុមការងារ​របស់​វិទ្យុ​អាស៊ី​សេរី​, VOA, RFI,…,​។​ល​។ ទៅ​យក​ព​ត៌​មាន​ផ្ទាល់​តែ​ម្តង កុំអោយ​លោក​បារម្ភ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​សម្ពាធ​ទៅ​លើ​សាលា​ទាំង​បី​នោះ​មិន​អោយ​បញ្ជាក់​ការ​ពិត​។

តើ​លោក សម រ​ង្ស៊ី ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ? ខ្ញុំ​សង្ឃឹមថា​លោក សម រង្សី នឹង​មិន​ចេញ​សារ​ដូច​លើក​មុន ដែល​សុំ​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូន​ក្មេង​។ ព្រោះ​កូន​ក្មេង​ម្នាក់​នេះ​លែង​ជឿ​អ្នកនយោបាយ​ចាស់វស្សា​ដែល​និយាយ​បាតដៃ​ខ្នងដៃ ឬ​ប្រើ​យុទ្ធសាស្ត្រ​មាន់​ត្រចៀកស​ទៀត​ហើយ​។ ខ្ញុំ​សង្ឃឹមថា​អ្នកនយោបាយ​ចាស់វស្សា​ដូច​លោក សម រ​ង្ស៊ី ប្រាកដជា​មាន​ភាព​ហានក្លា ក្នុង​ការ​ការពារ​នូវ​អំណះអំណាង​របស់​ខ្លួន ដែល​បាន​លើក​ឡើងជា​សាធារណៈ​ម្តង​ហើយ ម្តងទៀត ដើម្បី​វាយប្រហារ​ក្មេង​ជំនាន់​ក្រោយ​ដូច​ជា​រូប​ខ្ញុំ​។

លោក សម រ​ង្ស៊ី បាន​វាយប្រហារ​ឪពុក​របស់ខ្ញុំ​ជា​ច្រើន​ទស្ស​វត្ស​ហើយ ប៉ុន្តែ​ទៅ​មុខ​មិន​រួច​។ ឥឡូវ​បែរមក​វាយប្រហារ​លើ​ខ្ញុំ​ដែល​ជា​ក្មេង​ជំនាន់​ក្រោយ​ទៅ​វិញ​។ បើ​លោក​ជ្រុល​ជា​ធ្វើ​អ​ញ្ចឹ​ង​ទៅ​ហើយ សូម​លោក​បង្ហាញ​ភាព​ក្លាហាន​ផង​ទៅ កុំអោយ​ក្មេង​មើល​ស្រាល​ថា​មនុស្ស​ចាស់វស្សា​តែ​គ្មាន​ភាព​ហានក្លា​ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ឬ​ធ្វើ​។ ណាមួយ​លោក​មាន​អាយុ​ច្រើន​ជាង​ឪពុក​ខ្ញុំ​ផង គួរ​កុំអោយ​ខូច​ឈ្មោះ នៅ​ចំពោះ​មុខ​ក្មេង​ជំនាន់​ក្រោយ​។

ជា​សីលធម៌​និង​គុណធម៌​ក្នុង​ការ​រស់នៅ ខ្ញុំ​តែងតែ​គោរព​មនុស្ស​ចាស់ទុំ​។ ប៉ុន្តែ​បើ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ អាង​តែ​មាន​អាយុ​ច្រើន​ហើយ ធ្វើ​ការងារ​គ្មាន​ការ​ទទួលខុសត្រូវ ជា​ពិសេស​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​រូប​ខ្ញុំ នោះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ការពារ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ​ទេ​។ សូមកុំ​ចោទ​ថា​ខ្ញុំ​មិន​ស្គាល់​ចាស់ទុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ