ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ល្បិច​ថ្មី​របស់​ក្រុម​ចោរប្លន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ និស្សិត​២​នាក់​អង្គុយ​លេង​នៅ​លើ​សួនច្បារ​មុខ​ក្រសួងការពារជាតិ ឃើញ​ស្រី​ស្អាត​ដើរ​កាត់មុខ​រវល់​តែ​និយាយ​លែបខាយ​ចុះឡើង​ៗ​ត្រូវ​បក្សពួក​របស់​គេ​កា.ប់​ប្លន់​យក​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ និស្សិត​២​នាក់​អង្គុយ​លេង​នៅ​លើ​សួនច្បារ​មុខ​ក្រសួងការពារជាតិ ឃើញ​ស្រី​ស្អាត​ដើរ​កាត់មុខ​រវល់​តែ​និយាយ​លែបខាយ​ចុះឡើង​ៗ​ត្រូវ​បក្សពួក​របស់​គេ​កាប់​ប្លន់​យក​ម៉ូតូ ហើយ​បណ្តើរ​ម៉ូតូ​ចេញ​ទៅ​ តែ​ត្រូវ​យោធា​ដែល​យាម​នៅ​មុខ​ក្រសួងការពារជាតិ​ហៅ​សួរនាំ ធ្វើ​ឲ្យ​ជនសង្ស័យ​រត់​ចោល​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​មុខ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ប៊ុ​ន ឆាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ (IUPP) ឆ្នាំ​ទី​២ ផ្នែក​ធនាគារ ។ ចំណែក​ម៉ូតូ​ដែល​ចោរ​កាប់​ប្លន់​មិន​បាន​សម្រេច​នោះ​ម៉ាក DUKE ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-8584 ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​រួម​ទាំង​មិត្តភក្តិ​ម្នាក់​ទៀត​បាន​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​មក​អង្គុយ​លេង​លើ​សួនច្បារ​នៅ​កន្លែង​កើតហេតុ ខណៈ​កំពុង​ជជែក​គ្នា​ក៏​ស្រាប់តែ​មាន​នារី​ម្នាក់​ដើរ​កាត់មុខ ពួក​គេ​ក៏​និយាយ​របៀប​លែបខាយ ហើយ​នារី​នោះ​ក៏​បាន​ដើរ​ត្រឡប់​ក្រោយ​វិញ​បាត់ ។ មួយសន្ទុះ​ក្រោយមក​នារី​ម្នាក់​នោះ​ក៏​បាន​ដើរមក​វិញ​ម្តងទៀត តែ​ម្តងនេះ​នាង​បាន​ចូល​មក​អង្គុយ​និយាយ​លេង​ជាមួយ​រូបគេ ប្រហែលជា​៥​នាទី​ក្រោយមក​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ឌុ​ប​គ្នា​មក​ឈប់​ហើយ​បាន​ដក​ដាវ​សា​មូ​រ៉ៃ​រត់​សំដៅ​មក​រក​ពួក​គេ​បំណង​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ ឃើញ​ដូច្នេះ​ពួក​គេ​ក៏​នាំ​គ្នា​រត់​ចោល​ម៉ូតូ​បំណង​ទៅ​រក​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន ដើម្បី​ឱ្យ​គេឯង​ជួយ និង​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ។ ពេល​សមត្ថកិច្ច​មក​ដល់​បាន​នាំ​ជន​រង​គ្រោះ​ទៅ​រក​ម៉ូតូ​វិញ ប៉ុន្តែ​មិនឃើញ​ម៉ូតូ​គិត​ថា ចោរ​យក​ម៉ូតូ​ខ្លួន​ទៅ​បាត់​ហើយ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​ដើរ​រក​អស់ចិត្ត​ហើយ​នៅ​តែ​មិនឃើញ ទើប​សមត្ថកិច្ច​នាំ​ជន​រង​គ្រោះ​ទៅ​សួរ​យោធា​ដែល​យាម​ក្រសួងការពារជាតិ ស្រាប់តែ​ឃើញ​ម៉ូតូ​ដែល​បាត់​នោះ​នៅ​ក្បែរ​ប៉ុស្តិ៍​យាម ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​រំភើប​ក្នុង​ចិត្តជា​ខ្លាំង ដែល​ម៉ូតូ​មិន​ត្រូវ​បាន​ចោរ​យក​ទៅ​បាត់ ។

បើ​តាម​សម្តី​យោធា​យាម​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ពេល​លោក​កំពុង​ឈរ​យាម​ក៏​បានឃើញ​យុវជន​២​នាក់​បណ្តើរ​ម៉ូតូ​ខាងលើ ដោយ​មានការ​សង្ស័យ​លោក​ក៏​ស្រែកសួរ ស្រាប់តែ​យុវជន​ទាំង​២​នាក់​នោះ​ទុក​ម៉ូតូ​ចោល​រត់គេច​ខ្លួន​បាត់ ទើប​រូប​លោក​យក​ម៉ូតូ​មក​រក្សា​ទុក​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ យោធា​បាន​ប្រគល់​ម៉ូតូ​ឲ្យ​ម្ចាស់​ដើម​វិញ ឯ​ជន​រង​គ្រោះ​ពេល​បាន​ម៉ូតូ​វិញ​ហើយ​ក៏​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​អ្វី​នោះ​ដែរ បាន​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់ ។ ចំណែក​សមត្ថកិច្ច​ក៏​មិន​ធ្វើ​កំណត់ហេតុ​អ្វី​ដែរ គ្រាន់តែ​ធ្វើការ​សួរនាំ​ប​ន្តិ​បន្តួច​ក៏​ត្រឡប់​ទៅ​វិញ​បាត់ ព្រោះ​ខាង​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ៕