ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីផ្តាំទៅអ្នកចង់បានតំណែងលោក គុណ ញឹម ថា «មិនបាច់រត់ការទេ»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ នេះថ្លែងជាសាធារណៈថា មនុស្សមួយចំនួនដែលកំពុងតែរត់ការចង់បានតំណែងជាមេគយនៅកម្ពុជា មិនបាច់ខំប្រឹងទេ ព្រោះសម្តេចបានសម្រេចឱ្យលោក…

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ នេះថ្លែងជាសាធារណៈថា មនុស្សមួយចំនួនដែលកំពុងតែរត់ការចង់បានតំណែងជាមេគយនៅកម្ពុជា មិនបាច់ខំប្រឹងទេ ព្រោះសម្តេចបានសម្រេចឱ្យលោក ​គុណ ញឹម ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី ​និងជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋករ នៅបន្តកាន់តំណែងរហូតដល់ឆ្នាំ​២០២៥ ។

ថ្លែងនៅក្នុងកម្មពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍យ៉ាងច្បាស់ៗថា «ប៉ុន្តែសុំបញ្ជាក់ កុំទាន់អាលទារឱ្យ គុណ ញឹម ចូលនិវត្តន៍ ។ ខ្ញុំពន្យាឱ្យដល់ ២០២៥ នេះជាឆន្ទានុសិទ្ធិរបស់ខ្ញុំ ។ (ខ្ញុំ) ទុកឱ្យធ្វើទំនើបកម្មគយឱ្យបានថែមបន្តិចទៀត ហើយ គុណ ញឹម ក៏មិនទាន់ចាស់ប៉ុន្មានដែរ» ។ សម្តេចតេជោ បានបន្តថា សម្តេចដឹងថា មានអ្នកខ្លះប្រុងរត់ការ ដើម្បីសុំកន្លែងធ្វើមេគយ ។

«សុំទោស អាកន្លែងហ្នឹងអត់ទេ ។ ខ្ញុំត្រូវតែទុកធ្វើកិច្ចការងារនេះ ហើយក្នុងករណីដែលមាននាយករដ្ឋមន្ត្រីថ្មី មកជំនួសមុខឆ្នាំ២០២៥ ទុកឱ្យនាយករដ្ឋមន្ត្រីថ្មី គេពិភាគ្សាជាមួយ »។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ។ ប្រមុខដឹកនាំប្រទេសបន្ថែមថា «ខ្ញុំនិយាយឱ្យច្បាស់តែម្តង ឧទាហរណ៍ទេ បើសិនជាខ្ញុំចេញពីតំណែង ឯកឧត្តម អូនព័ន្ធ មុន្នីរ័ត្ន ក៏នៅបន្តកាន់ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដដែល។ ទុកឱ្យគាត់ ព្រោះគាត់ គាត់នាំគ្នាចាត់ចែងចុះ» ។

« តែខ្ញុំគិតថា ការពន្យានេះ ជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី អ៊ីចឹងអ្នកដែលចង់រត់ការធ្វើមេគយអីមិនបាច់រត់ទេ ។ រត់ជាមួយខ្ញុំ រត់ទៅអត់រួចទេ ។ ខ្វះណាស់ កាលពីមុនចង់ដោះដូរ ប៉ែន ស៊ីម៉ន ខ្ញុំមិនឱ្យដោះដូរ ទុកប៉ែន ស៊ីម៉ន នៅហ្នឹង។ ដល់ប៉ែន ស៊ីម៉ន ចូលនិវត្តន៍ ដាក់គុណ ញឹម ចូលតែម្តង ។ ឥឡូវខ្ញុំពន្យាឱ្យ រហូតដល់ឆ្នាំ ២០២៥ ឱ្យច្បាស់អ៊ីចឹងតែម្តង» ។ សម្តេចអះអាងបន្ថែម។

លោក គុណ ញឹម មេគយបច្ចុប្បន្ន


ជាមួយគ្នានោះ សម្តេចថាលោកកំពុងពេញចិត្តសាលាជាតិគយ ដែលវាបង្ហាញថាក្បាលម៉ាស៊ីនរបស់រដ្ឋកំពុងធ្វើទំនើបកម្មហើយ មានសាលាបណ្តុះបណ្តាល ដូចដែលកន្លងមកសម្តេចបានណែនាំឱ្យធ្វើទំនើបកម្មគយ រហូតចេញជាសមិទ្ធិផលក្នុងថ្ងៃនេះ ក៏ជាផ្នែកមួយនៃការធ្វើទំនើបកម្មផ្នែករដ្ឋបាលរបស់គយ ហើយកម្ពុជាក៏បានចូលរួមជាមួយអង្គការគយពិភពលោកផងដែរ ក្នុងក្របខណ្ឌអាស៊ាន ក៏មានដែរ ៕

រូបភាពពីហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ