ខេត្តបន្ទាយមានជ័យ ៖ ទំនិញខូចគុណភាពជាង៦តោន ក្នុងនោះមានកាកសំណល់កម្ទេចមី និងអាល់កុលក្លែងក្លាយ បានត្រូវមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រេជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដុតកម្ទេចចោលកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណមន្ទីរពិសោធន៍ ក.ប.ប ក្រុងប៉ោយប៉ែត ។
![Picture]()
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ថ្លែងថា តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការរបស់អគ្គនាយកដ្ឋាន លោកបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ បង្ក្រាបនិងដកហូតទំនិញខូចគុណភាព ដែលក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ មានចំនួន ៦.៤០៥គីឡូក្រាម ក្នុងនោះមានកាកសំណល់កម្ទេចមីមានទម្ងន់២.១២៥គីឡូក្រាម ស្រាបៀរសិង្ហហួសកាលបរិច្ឆេទទម្ងន់៦៨១គីឡូក្រាម ស្រាបៀរប៊ុលឌូហ្សែ៊រ ទម្ងន់១៨២គីឡូក្រាម ភេសជ្ជៈអាដេហួសកាលបរិច្ឆេទទម្ងន់១៨២គីឡូក្រាម អាល់កុលក្លែងក្លាយទម្ងន់២.២៩១គីឡូក្រាម ស្មើ៧១ប៊ីដុង ភេសជ្ជៈកូកាកូឡា ទឹកក្រូច ដបចម្រុះ និងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត ។
![Picture]()
លោកប្រធានសាខាបញ្ជាក់ថា ទំនិញជាង៦តោនដែលត្រូវបានដុតកម្ទេចចោលនាពេលនេះ ជាទំនិញដែលមន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្តកិច្ចពាក់ព័ន្ធ បង្ក្រាប និងដកហូតបាន រួចសុំគោលការណ៍ពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ដើម្បីដុតកម្ទេចចោល ។
![Picture]()
លោក សាន វិជ្ជាសារ៉ាវុធ បញ្ជាក់ថា រាល់ទំនិញដែលខូចគុណភាពហើយដកហូតបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ។ ឯចំពោះករណីម្ចាស់ស្ថានីយប្រេងដែលមន្ត្រីជំនាញរកឃើញថាលក់សាំងមិនគ្រប់លីត្រ ដូចជាលក់សាំង១០០លីត្របានត្រឹមតែ៩០លីត្រ ដោយបាញ់តែខ្យល់ចូលគឺជាបទល្មើសមួយដែលត្រូវតែមានវិធានការ ។
រីឯអ្នកលក់ទំនិញ មិនត្រូវលក់ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញខូចគុណភាពដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខភាពអ្នកប្រើប្រាស់ ក៏ត្រូវមានទោសដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ