ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញ បានចុះល្បាតនៅចំនុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ក្នុងភូមិសាស្ត្រចម្ការកៅស៊ូមួយកន្លែងមិនស្គាល់ម្ចាស់ ប្រទះឃើញក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ កំពុងតែនាំគ្នាលេងហ៊ោកញ្ច្រៀវដោយភ្នាល់ដាក់លុយ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ។

គ្រាន់តែក្រឡេកឃើញសមត្ថកិច្ចក្រុមអ្នកញៀនល្បែងនាំគ្នារត់ចោលម៉ូតូ និងមាន់គេចខ្លួនចូលក្នុងព្រៃបាត់អស់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនោះ តែងតែណាត់គ្នាបញ្ជល់មាន់ដាក់លុយម្ដង នៅត្រង់នេះម្ដងនៅត្រង់នោះ ដើម្បីបង្វែងដានពីសមត្ថកិច្ចព្រោះថា ល្បែងស៊ីសងនេះច្បាប់មិនអនុញ្ញាតឲ្យលេងនោះទេ ។ សូម្បីតែលោកស្នងការនគរបាលខេត្តក៏ដាក់បទបញ្ជាឱ្យបង្ក្រាបដែរ ។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ក្នុងពេលដែលបានប្រទះឃើញមនុស្សមួយក្រុមកំពុងប្រមូលផ្តុំគ្នាលេងជល់មាន់ ក្នុងចំការកៅស៊ូមិនស្គាល់ម្ចាស់ ពេលឃើញសមត្ថកិច្ចយើងទៅដល់អ្នកលេងប្រហែល១០ទៅ១៥នាក់ បានរត់គេចខ្លួនអស់ បន្សល់ទុកម៉ូតូចំនួន០៦គ្រឿង (ចាស់) មាន់ឈ្មោលចំនួន០២(ងាប់០១) ជញ្ជីងថ្លឹងចំនួន០១ ស៊ុមក្រុងមាន់ចំនួន០១ ។

វត្ថុតាងខាងលើ សមត្ថកិច្ចយើងបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្ត ។
ជាមួយនោះលោកអធិការនគរបាលស្រុកក៏បានឆ្លងយោបល់ទៅលោកស្នងការ និងបានទាក់ទងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីធ្វើការពិន័យដល់ម្ចាស់ម៉ូតូ ដើម្បីឲ្យរាងចាល ៕

ចែករំលែកព័តមាននេះ