ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំង ដែលស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងដំណើរ ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូនេះ គឺជាក់ស្តែង ទីតាំងដីនៅតំបន់នេះ ជាក់ស្តែង បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ។ ចំណែកឯម្ចាស់សំណើ បានអះអាងថា នឹងចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិចទឹក នៅតាមព្រែកកំពង់ស្មាច់នេះផងដែរ។ បច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រភេទព្រៃកោងកាងចម្រុះ ដូចជា កោងកាង ក្បាញ បើស ឈើជ័រ។ល។ និងស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២។
របាយការណ៍របស់ក្រុមការងារជំនាញ បានបញ្ជាក់ថា ការសាងសង់ផែទូកទេសចរណ៍លក្ខណៈជាផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹក ក្នុងព្រែកកំពង់ស្មាច់នោះទេ។ ដោយឡែក អាចធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត នៅតំបន់នេះ កាន់តែច្រើន។
លោក គួច ចំរើន បានគាំទ្រលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ដោយលោក បានលើកឡើងថា កំពង់ផែនេះ អាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់វិស័យទេសចរណ៍ ជាពិសេសសហគមន៍នេសាទមូលដ្ឋាន ព្រមទាំង អាចរួមចំណែក ក្នុងការការពារ និងអភិរក្សព្រៃលិចទឹកនៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ ពិសេសសហគមន៍មូលដ្ឋាន អាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរ។ បងប្អូនប្រជាសហគមន៍មូលដ្ឋាន ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរ ទស្សនកិច្ចតំបន់ព្រៃលិចទឹក នៅតាមដងព្រែកបានផងដែរ។
លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់លោកឧកញ៉ា ម្ចាស់សំណើ ត្រូវធ្វើការសិក្សាពីបច្ចេកទេសនៃការសាងសង់ផែទូកនេះ ដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់ធនធានធម្មជាតិ ឱ្យនៅកម្រិតទាបបំផុត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត និងក្រុមការងារជំនាញ ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធានធម្មជាតិដ៏សម្បូរបែប និងមានសម្រស់ដ៏ទាក់ទាញ នៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ផងដែរ៕







ចែករំលែកព័តមាននេះ