ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានទីលានចាក់សំរាមដែលមានស្តង់ដាតាមបច្ចេកទេសត្រឹមត្រូវនៅតាមបណ្តាខេត្តមួយចំនួនទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ទីលាន​ចាក់សំរាម ដែល​មាន​ស្តង់ដា​តាម​បច្ចេកទេស​ត្រឹមត្រូវ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត នៅ​បន្ទាប់​ពី​ដាក់​ដំណើរការ​ទីលាន​ចាក់សំរាម​ដែល​មាន​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​« ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ទីលាន​ទី​១ នៅ​កម្ពុជា​ដែល​បាន​សាងសង់​ឡើង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​»…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ទីលាន​ចាក់សំរាម ដែល​មាន​ស្តង់ដា​តាម​បច្ចេកទេស​ត្រឹមត្រូវ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត នៅ​បន្ទាប់​ពី​ដាក់​ដំណើរការ​ទីលាន​ចាក់សំរាម​ដែល​មាន​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​« ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ទីលាន​ទី​១ នៅ​កម្ពុជា​ដែល​បាន​សាងសង់​ឡើង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​» ។ ក្នុង​អំឡុង​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​១៦​ស្ថាប័ន​ពី​រាជធានី​ភ្នំពេញ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​គ្រប់គ្រង​សំណល់​រឹង​សំរាម​នៅ​ទីលាន​ចាក់សំរាម​របស់​ខេត្ត​ព្រះ​សីហ​នុ ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ទីលាន​ចាក់សំរាម​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​យ៉ាង​គ្រប់គ្រង​សំណល់​រឹង​ឲ្យ​មាន​ប្រសិទ្ធភាព ។ លោក​ថា ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​បាន​ផ្ទេរ​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ប្រតិបត្តិការ​របស់​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សាងសង់​ទីលាន​នេះ គម្រោង​សម្រាប់​ចាក់សំរាម​រយៈពេល​៥​ឆ្នាំ ដោយ​កាយ​មាន​៤ រណ្តៅ​ទំហំ​ជាង​៥​ហិ​កតា ដែល​អាច​កាយ​កប់​សំរាម​៧​ស្រទាប់ និង​មាន​កម្ពស់​២១ ម៉ែត្រ ដែល​តាម​ការ​គណនា​អាច​ផ្ទុក​សំរាម​ជិត​១​លាន​តោន ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​បាន​គូសបញ្ជាក់​ថា ៖«​នៅ​ក្នុង​ឆ្នាំ​២០២២ ខាង​មុខ ទីលាន​ចាក់សំរាម​ដែល​មាន​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​របៀប​នេះ​យ៉ាង​ហោច​៦ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​រួម​មាន​ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក​ជាដើម​» ។

បើ​តាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ចំពោះ​គម្រោង​ដែល​រាជរដ្ឋាភិបាល​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​បង្កើត​ទីលាន​ចាក់សំរាម​បែប​ស្តង់ដា​បច្ចេកទេស​នេះ​ហើយ​គ្រោង​ដាក់​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​២០២២ មាន​ដូច​ជាទី​លាន​ចាក់សំរាម​នៅ​ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពត​ជាដើម ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួងបរិស្ថាន និង​ធ្វើការ​ជាមួយ​ដៃគូ​បន្ថែម​ទៀត ដើម្បី​សាងសង់​ទីលាន​ចាក់សំរាម​ស្រប​តាម​បច្ចេកទេស​ដូច​ជា សៀមរាប ខេត្តបន្ទាយមានជ័យ​ជាដើម ដែល​ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​និង​គ្រប់គ្រង​សំណល់​រឹង​សំរាម​ឱ្យ​បាន​ល្អ​ដែល​ជា​គោលបំណង​នៃ​គោលនយោបាយ​ជាតិ​គ្រប់គ្រង សំណល់​រឹង សំរាម​ដែល​រាជរដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត ។

លោក​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​ធ្វើការ​គ្រប់គ្រង កាក​សំណល់ រឹង សំរាម​ឲ្យ​បាន​ល្អ ដែល​ជា​ផ្នែក​មួយ​នៃ​គោ​លន​យោ បាយ​ជាតិ​ហើយ​អ្វី​ដែល​សំខាន់ គឺ​ក្រសួងបរិស្ថាន​នឹង​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម ជាតិ ក្នុង​ការ​គ្រប់គ្រង​សំរាម​នៅ​តាម​ទីប្រជុំជន ។

ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ​ដែរ លោក​រដ្ឋលេខាធិការ​បានឱ្យ​ដឹង​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ សំណល់​សំរាម​តែង​បង្កើត​ឡើង​មាន​ប្រមាណ​ជាង​១​ម៉ឺន​តោន ហើយ​ក្នុង​មួយ​ឆ្នាំ​សំណល់​សំរាម​មាន​ប្រមាណ ៤ លាន​តោន ។

ដោយឡែក​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​សំរាម​ចន្លោះ​ពី ៣៥០ – ៤០០ តោន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មួយ​ថ្ងៃ ។ តាម​ការ​សិក្សា​ក្នុង​ចំណោម​សំរាម​ទាំងនេះ គឺ​មាន​៦៥​ភាគរយ គឺជា​សំរាម​សំណល់​សរីរាង្គ , ២០ ភាគរយ​ជា​សំណល់ ប្លា​ស្ទិ​ក ហើយ​នៅ​សល់​ប៉ុន្មាន គឺជា​សំណល់​រឹង ។

បើ​តាម​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្នុង​កំណើន​សំរាម​ប្រចាំឆ្នាំ​ចន្លោះ​ពី ១០ ទៅ ១៥% នោះ​អាច​នឹង​ធ្វើ​ឱ្យ ទីលាន​ចាក់សំរាម​ដែល​គ្រោង​ចាក់ រយៈពេល ៥ ឆ្នាំ ប្រែប្រួល និង​អាច​ប្រើប្រាស់​មិន​បាន​គ្រប់ពេលវេលា​កំណត់​ព្រោះ​កំណើន​សំរាម​កើនឡើង ហើយ​ការ​ដកហូត​យក​ទៅ​កែ​ច្នៃ​នៅ​មាន​កម្រិត ។ នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​សំណល់​សំរាម​នេះ ដោយសារ​ខេត្ត នេះ​ជា​ខេត្ត​គោលដៅ​ប្រែ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ។

ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សំណល់​រឹង​សំរាម​នៅ​ទីលាន​ចាក់សំរាម​ខេត្ត​ព្រះ​សីហ​នុ​នេះ​ដែរ លោក ហុ​ក សុ​ផា​ន់​ណា​រ៉ូ នាយក គ្រប់គ្រង​ទីលាន​សំរាម​ទីប្រជុំជន​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ថា ទីលាន​ចាក់សំរាម​អូរ​តា​សេក​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​មួយ​ថ្ងៃ​សំរាម​ដែល​ប្រើប្រាស់​ចោល​ផ្អែក​តាម​ការ​គណនា​ស្ថានភាព​ជាក់ស្តែង​បរិមាណ​សំរាម យក​មក​ចាក់​ទីលាន ក្នុង​រយៈពេល​២៥​ថ្ងៃ (​ចាប់ពី​ថ្ងៃ​ទី​០៥-៣០ ខែវិច្ឆិកា​) មាន​ចំនួន​១០៥៧៤ តោន​ដែល​គិត​ជា​មធ្យម មាន​សំរាម​ប្រមាណ​៤០០​តោន ក្នុង​មួយ​ថ្ងៃ ដែល​យក​មក​ចាក់​នៅ​លើ​ទីលាន ហើយ​សំរាម​ទាំងនេះ គឺ​មិនមែន​មក​តែ​ពី​ក្រុងព្រះសីហនុ​នោះ​ទេវា​ក៏​មក​ពី​ស្រុក​ព្រៃ​នប់ ដែល​អនុវត្ត​ប្រតិបត្តិ​ករ​ចំនួន​ពីរ​ក្រុមហ៊ុន ។

លោក​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ទីលាន​ចាក់សំរាម ក្នុង​ខេត្ត​នេះ ក្រៅពី​កន្លែង​ទុកដាក់ សំរាម​ប្រកបដោយ​ស្តង់ដា​ហើយ គេ​នៅ​ធ្វើការ​បែងចែក​ត្រឹមត្រូវ ដោយ​ក្នុង​នេះ​ប្រភេទ​សំរាម​នីមួយ​ៗ គេ​អាច​យក​ទៅ​កែ​ច្នៃ ប្រើប្រាស់​តាម​ប្រភេទ​របស់​វា​នីមួយ​ៗ ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ