ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមហាងបញ្ចាំ យកអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ! ប៉ូលិសដកហូតបាន ៣៦៦សន្លឹក ពីកន្លែងបង់រំលស់ទូរស័ព្ទ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖​ លោកឧត្ដម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្ដ​កំពង់ស្ពឺ ​បានប្រកាសថា អត្តសញ្ញាណបណ្ណ័បញ្ជាក់សញ្ជាតិខ្មែរ គឺហាមផ្តាច់ មិនឱ្យដាក់តម្កល់ជាមួយឯកសារ ក្នុងការដាក់បញ្ចាំ…

ខេត្តកំពង់ស្ពឺ៖​ លោកឧត្ដម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្ដ​កំពង់ស្ពឺ ​បានប្រកាសថា អត្តសញ្ញាណបណ្ណ័បញ្ជាក់សញ្ជាតិខ្មែរ គឺហាមផ្តាច់ មិនឱ្យដាក់តម្កល់ជាមួយឯកសារ ក្នុងការដាក់បញ្ចាំ ឬរំលោះនោះទេ។ តែអ្នកទទួលបញ្ចាំ ឬរំលោះ អាចធ្វើការចំលងរួចបញ្ជាក់នៅច្រកចេញចូលតែមួយ ព្រោះវាមានតំលៃដូចគ្នា​នឹង​អត្តសញ្ញាណបណ្ណ័ដើម។

ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា ជំ​នាញ​អត្ដសញ្ញាណកម្ម​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ បានចុះពិនិត្យ​គោលដៅ​អា​ជីវកម្ម​លក់​ទូរស័ព្ទ​ដៃ ម៉ូតូ​ និងសម្ភារៈ​មួយចំនួន​ទៀត ​ដែ​លទទួល​បង់រំលោះ ដោយឯកសារងាយៗ​ គ្មាន​ទ្រព្យ​បញ្ចាំ។ ក្នុងនោះ កំលាំងការិយាល័យអ​ត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចុះពិនិត្យចំនួន ៣ទីតាំង នៅក្នុងស្រុកបសេដ្ឋ ហើយបានប្រមូលសន្លឹកអត្តសញ្ញាណប័ណ្ណ ចំនួន ៣៦៦សន្លឹក ដែលបងប្អូនប្រជាពលរដ្ឋ យកទៅដាក់តម្កល់ជាមួយឯកសារ ជាថ្នូរនឹងការប​ង់​រំលស់ទូរស័ព្ទដៃ។

តាមការបញ្ជាក់ពីម្ចាស់ហាង មូលហេតុ​នៃការទុក​សន្លឹកអត្តសញ្ញាណប័ណ្ណ គឺ​ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ​ ដោយម្ចាស់ ត្រូវបង់ប្រាក់ជាមុនចំនួន ៥០​%នៃត​ម្លៃទូរស័ព្ទ មិនគិតការប្រាក់ រហូតដល់ថ្ងៃបង់ប្រា​ក់បង្គ្រប់តម្លៃទូរស័ព្ទ ទើបអាចដកយក​អត្តសញ្ញាណប័ណ្ណត្រឡប់ទៅវិញបាន។

ជាមួយគ្នានេះដែរ អង្គភាពការិយាល័យផ្តល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ក៏បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ១៥ឆ្នាំ មកបំពេញបែបបទ ជារៀងរាល់ថ្ងៃ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមិនគិតថ្លៃឡើយ។ ប៉ុន្តែនៅមានបង​ប្អូនខ្លះ នៅតែថា គ្មានអត្តសញ្ញាណប័ណ្ណ ដើម្បីចូលរួមក្នុងការងារសង្គម ពិសេសការចុះឈ្មោះបោះឆ្នោត។ តែការមិន​មាន​អត្តសញ្ញាណប័ណ្ណនេះ តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ គឺអាចផ្តើមចេញពីការដាក់បញ្ចាំនេះឯង។

ជុំវិញការដាក់បញ្ចាំនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ដែរថា ឯកសារ​អត្ដសញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ច្បាប់​បានកំណត់​ថា ជាឯកសារផ្ទា​ល់ខ្លួន ម្ចាស់អាជីវកម្មទាំងអស់ មិនអាចដកយកទុក(ច្បាប់​ដើម​) ​ទៅធានា​លើបំណុល​ ឬបញ្ចាំជាប្រាក់​បានទេ ​(​កាតសម្គាល់ខ្លួនរបស់មនុស្សម្នាក់ គឺជា​អត្ដ​សញ្ញាណ​របស់បុគ្គល)។ ដូច្នេះម្ចាស់​អាជីវកម្ម ​ត្រូវបញ្ឈប់​សកម្មភាព​ជាបន្ទាន់​ ជៀសវាង​ការអនុវត្ត​នីតិវិធី​ផ្លូវច្បាប់​។

ស្នងការខេត្តកំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ទៀតថា ចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណ ដែលប្រមូល​បានពីទីតាំងខាងលើ បានចែកជូនប្រជាពលរដ្ឋប្រើប្រាស់វិញ បានមួយចំនួនហើយ និងមួយចំនួនទៀត កំពុងបន្ត​ចែកជូន ​ព្រោះ​ទើប​តែប្រមូលបានថ្មី។ ប៉ុន្តែ​អ្នកទទួលបញ្ចាំ និងប្រជាពលរដ្ឋ ត្រូវអ្វីបញ្ចាំជំនួស រួមទាំង​ការថតចម្លង​អត្តសញ្ញាណ​ប័ណ្ណនេះ ដូចការណែនាំរបស់សមត្ថកិច្ចខាងលើ​​៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ