ខេត្តព្រះសីហនុ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើអ្នកណាប្រគល់ដីដែលរំលោភដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង គឺរួចខ្លួន ហើយអ្នកណារឹងទទឹងវ៉ៃខ្មោះភ្លាមៗ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ថា «បើរឹងទទឹងវៃខ្មោះភ្លាមៗ អត់ឲ្យមានរញ៉េរញៃ ឥឡូវលឺថា ចុះហត្ថលេខាប្រគល់ដី ប្រគល់រួចខ្លួន ដកខ្លួន អ្នកណាមិនសារភាព តាមវៃខ្មោះ» ។
ជុំវិញករណីនេះ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សម្រាប់លទ្ធផលនៃការចុះបង្ក្រាបនៅខេត្តកំពង់ឆ្នាំ កាលពីថ្ងៃ២៩-៣០ វិច្ឆិកានោះថា «យើងបានដកហូតមកវិញជិត២០០០ហិកតា ដោយបានដកបង្គោល និងត្រៀមដាំដើមឈើវិញខាងមុខនេះផងដែរ» ។
សូមជម្រាបថា កាលពេលកន្លងមកថា សម្តេចតេជោ ហ៊ុន សែន បានទទួល របាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំងបានកាប់បំផ្លាញយកដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបជាង២ពាន់ហិកតា ។
បន្ទាប់ពីទទួលរបាយការណ៍ និងពិនិត្យគ្រប់ជ្រុងជ្រោយហើយ សម្តេចតេជោ បានដាក់ចេញបទបញ្ជាជាបន្ទាន់ភ្លាមៗឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ។
ក្នុងនោះ សម្តេចបានចាត់តាំងលោក ជា សុផារ៉ា ត្រូវធ្វើកិច្ចការងារចុះបង្ក្រាប ។ សម្ដេចតេជោ ក៏បានបញ្ជាលោក សៅ សុខា ដឹកនាំកម្លាំងចុះដោះស្រាយបញ្ហាដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់គ្រប់មធ្យាបាយ ខណៈសម្ដេចតេជោ បានណែនាំអភិបាលខេត្តជុំវិញបឹងទន្លេសាបត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធឲ្យបានត្រឹមត្រូវ ។
សម្រាប់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សម្តេចបានកំណត់ឲ្យដឹកនាំដើម្បីចុះស្រាវជ្រាវ រកមន្ដ្រីពាក់ព័ន្ធ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោស ។ បន្ទាប់ពីចេញបទបញ្ជាគេសង្កេតឃើញមានអ្នកពាក់ព័ន្ធមួយចំនួនបានប្រកាសប្រគល់ដីនោះឲ្យរដ្ឋវិញ ក្នុងនោះមានស្នងការនគបាលរងខេត្តកំពង់ឆ្នាំមួយរូបផងដែរ ៕
ចែករំលែកព័តមាននេះ