ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទិស​សេចក្តី​ល្អ​ដល់​សព្វ​សត្វ​ដោយចិត្តសន្តោស

2 ឆ្នាំ មុន

បិដក​ភាគ​៥២ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា កិច្ច​ណា​ដែល​ព្រះ​អរិយៈ​បាន​ត្រាស់​ដឹង​នូវ​បទ​ដ៏​ស្ងប់រម្ងាប់ គឺ​ព្រះ​និព្វាន​ហើយ កិច្ច​នោះ កុលបុត្រ​អ្នក​ឈ្លាស​ក្នុង​ប្រយោជន៍​គួរ​ធ្វើ ជា​អ្នក​អាច​ហ៊ាន​ផង ត្រង់​ដោយ​កាយ និង​វាចារ​ផង ត្រង់​ល្អ​ដោយ​ចិត្ត​ផង…

បិដក​ភាគ​៥២ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា កិច្ច​ណា​ដែល​ព្រះ​អរិយៈ​បាន​ត្រាស់​ដឹង​នូវ​បទ​ដ៏​ស្ងប់រម្ងាប់ គឺ​ព្រះ​និព្វាន​ហើយ កិច្ច​នោះ កុលបុត្រ​អ្នក​ឈ្លាស​ក្នុង​ប្រយោជន៍​គួរ​ធ្វើ ជា​អ្នក​អាច​ហ៊ាន​ផង ត្រង់​ដោយ​កាយ និង​វាចារ​ផង ត្រង់​ល្អ​ដោយ​ចិត្ត​ផង គេ​ប្រដៅ​ងាយ​ផង មាន​សុភាព​ទន់ភ្លន់​ផង មិន​មាន​មានៈ​ដ៏​ក្រៃ​លែង​ផង សន្តោស​ផង គេ​ចិញ្ចឹម​ងាយ​ផង មាន​កិច្ច​ធុរៈ​តិច​ផង ប្រព្រឹត្ត​ស្រាល​គឺ​មាន​បរិក្ខារ​តិច​ផង មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​ផង មាន​ប្រាជ្ញា​ចាស់​ផង មិន​ឃ្នើសឃ្នង​ផង និង​មិន​ជាប់ជំពាក់​ក្នុង​ត្រកូល​ទាំងឡាយ​ផង ។

វិញ្ញូ​ជន​ទាំងឡាយ​គួរ​តិះដៀល​ជន​ទាំងឡាយ​ដទៃ​ដោយ​កម្ម​ណា មិន​គួរ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​នោះ ដែល​ជា​កម្ម​លាមក​សូ​ម្បី​តិចតួច ហើយ​គួរ​ផ្សាយ​មេត្តាចិត្ត​ចំពោះ​ពពួកសត្វ​ថា សត្វ​ទាំងឡាយ​ទាំងពួង សូម​ឲ្យ​មាន​សេចក្តីសុខ ឲ្យ​មាន​សេចក្តី​ក្សេម ឲ្យ​មានខ្លួន​ដល់​នូវ​សេចក្តីសុខ​ចុះ សត្វ​មានជីវិត​ទាំងឡាយ​ណាមួយ ឥត​មាន​សេសសល់ ទោះ​សត្វ​មាន​សេចក្តី​តក់ស្លុត គឺ​នៅ​មាន​តណ្ហា​ក្តី មាំមួន គឺ​ឥត​មាន​តណ្ហា​ក្តី សត្វ​ទាំងឡាយ​ណា មាន​កាយ​វែង​ក្តី ធំ​ក្តី មាន​កាយ​យ៉ាង​កណ្តាល​ក្តី ខ្លី​ក្តី មាន​កាយ​ស្គម ឬ​ធាត់​ក្តី សត្វ​ទាំងឡាយ​ណា ដែល​យើង​ឃើញ​ហើយ​ក្តី មិនឃើញ​ហើយ​ក្តី សត្វ​ទាំងឡាយ​ណា នៅ​ក្នុង​ទី​ឆ្ងាយ​ក្តី ក្នុង​ទី​ជិត​ក្តី ដែល​កើត​រួច​មក​ហើយ​ក្តី ដែល​កំពុង​ស្វែងរក​ទី​កើតក្តី សត្វ​ទាំងអស់ នោះ ចូរ​មានខ្លួន​ជា​សុខ​ចុះ ។

សត្វ​ដទៃ​មិន​គួរ​កំហែង​បៀតបៀន​នូវ​សត្វ​ដទៃ​ឡើយ មិន​គួរ​មើលងាយ​គេ​តិចតួច​ក្នុង​ទីណា​មួយ​ឡើយ មិន​គួរ​ប្រាថ្នា​នូវ​សេចក្តី​ទុក្ខ​ដល់​គ្នា​នឹង​គ្នា ព្រោះ​សេចក្តី​ក្រេវក្រោធ និង​សេចក្តី​ចង្អៀតចង្អល់​ក្នុង​ចិត្ត​ឡើយ ។ មាតា​ថ្នម​រក្សា​បុត្រ​ដែល​កើត​អំពី​ខ្លួន ជា​កូន​តែ​មួយ ស្រឡាញ់​ស្មើដោយ​ជីវិត យ៉ាងណាមិញ បុគ្គល​គួរ​ចម្រើន​មេត្តាចិត្ត មិន​មាន​ប្រមាណ ចំពោះ​សត្វ​ទាំងឡាយ​ទាំងពួង​យ៉ាងនោះ​ឯង ។

បុគ្គល​គួរ​ចម្រើន​មេត្តាចិត្ត មិន​មាន​ប្រមាណ ជា​ធម៌​មិន​ចង្អៀត មិន​មាន​ពៀរ មិន​មាន​សត្រូវ​ទៅ​ក្នុង​លោក​ទាំងអស់ គឺ​ក្នុង​ទី​ខាងលើ​ផង ខាងក្រោម​ផង ខាង​ទទឹង គឺ​ត្រង់​កណ្តាល​ផង ។

បុគ្គល​អ្នក​ចម្រើន​មេត្តាចិត្ត​នោះ ទោះ​ឈរ​ក្តី ដើរ​ក្តី អង្គុយ​ក្តី ដេក​ក្តី ជា​អ្នកមាន​សេចក្តី​ងោក​ងក់​ទៅ​ប្រាស​ហើយ គឺជា​អ្នក​មិន​ដេក​លក់ អស់​កាល​ត្រឹមណា គួរ​តម្កល់​នូវ​មេត្តា​នុស្ស​តិ​នោះ អស់​កាល​ត្រឹមនោះ បណ្ឌិត​ទាំងឡាយ​ពោល​នូវ​កិរិយា​នុ៎ះ​ថា​ជា​ព្រហ្មវិហារ​ក្នុង​សាសនា​នេះ ។

បុគ្គល​ដែល​មាន​មេត្តា​ព្រហ្មវិហារ មិន​ងប់​នឹង​ទិដ្ឋិ ជា​អ្នកមាន​សីល ប្រកបដោយ​ទស្សន​សម្បត្តិ គឺ​សោតាបត្តិមគ្គ បន្ទោបង់​នូវ​សេចក្តី​ជាប់ជំពាក់​ក្នុង​កាម​ទាំងឡាយ​ហើយ​រមែង​មិន​មក​កាន់​ជាតិ​កំណើត​ទៀត​ឡើយ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ